Thursday, August 28, 2014

ក្រុមហ៊ុន OCIC ចែកបណ្ណ ប្រគល់ផ្ទះ ជូនពលរដ្ឋ ៦៩គ្រួសារ ក្នុងតំបន់ ជ្រោយចង្វារ

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា (OCIC) របស់លោកឧកញ៉ា ពង់ ឃាវសែ នៅរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤នេះ បានរៀបចំពិធី ប្រគល់លំនៅឋាន ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ក្នុងគម្រោងអភិវឌ្ឍន៍ ក្រុងរណប ជ្រោយចង្វា ចំនួន ៦៩គ្រួសារបន្ថែមទៀត។
លំនៅឋាន ដែលប្រគល់ជូនប្រជាពលរដ្ឋ រងនូវផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍នេះ មានទីតាំងនៅក្នុង បុរីរុងរឿង ស្ថិតក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពោលលើទីតាំងដែលកំពុងអភិវឌ្ឍន៍ ជាទីក្រុងរណប ជ្រោយចង្វាតែម្តង។ ពិធីនេះ ធ្វើឡើង ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។
លោកឧកញ៉ា ពង់ ឃាវសែ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាអភិបាលសាលារាជធានីភ្នំពេញ ដែលតែង តែគាំទ្រក្រុមហ៊ុន OCIC សំរាប់គម្រោងអភិវឌ្ឍន៍ នៅសាលារាជធានីភ្នំពេញ ជាពិសេស ក្រុមហ៊ុនបាន ទទួលការអនុញ្ញាត ពីរាជរដ្ឋាភិបាល និសាលារាជធានីភ្នំពេញ ដើម្បីសាងសង់តំបន់ជ្រោយចង្វារ ដែលស្ថិននៅ ក្នុងសង្កាត់ព្រែកតាសេក សង្កាត់ ព្រែកលៀប និងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនេះ ឲ្យក្លាយទៅជាក្រុងរណប។
លោកឧកញ៉ា ពង់ ឃាវសែ បានថ្លែងបន្តថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១ ក្រុមហ៊ុនOCIC បានចុះកិច្ចសន្យា ជាមួយសាលា រាជធានីភ្នំពេញ ជួលតំបន់ជ្រោយចង្វារ ដើម្បីអភិវឌ្ឍ ជាទីក្រុងរណបជ្រោយចង្វារ ដែលមានក្រលា ផ្ទៃ ៣៨៧ ហិចតា គិតចាប់ពីអក្ស័រ ផ្លូវជាតិលេខ ៦A ប្រវែង ១០០ម៉ែត្រ ។ បន្ទាប់មកក្រុមហ៊ុន បានទទួលការណែនាំពីអាជ្ញាធរមូលដ្ឋាន ជាពិសេសសាលារាជធានី ភ្នំពេញរួចមក ក្រុមហ៊ុនបានធ្វើការរក្សាទុក និងកាត់ចេញពីគម្រោងប្លង់មេដូចជា៖  តំបន់(ក) ភូមិប្រជាពលរដ្ឋ (ភូមិចាស់) ទំហំប្រមាណ៤០ហិកតា ក្រុមហ៊ុនមានផែនការរក្សាទុកមិនប៉ះពាល់ ដែលត្រូវកាត់ចេញពីគម្រោងមេរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន នឹងអភិវឌ្ឍ ហេដ្ឋា រចនាសម្ព័ន្ធ ទាំងភូមិចាស់និងទីក្រុងថ្មី ជ្រោយចង្វារចូលគ្នា។ តំបន់(ខ) សំណង់អគារសសាធារណៈរឹងមាំ ទំហំប្រមាណ ១០ហិចតា ដូចជា៖ មជ្ឈមណ្ឌល សើស្បែក, មន្ទីរសាធារណការ និងដឹកជញ្ជូន, សាលាបឋមសិក្សព្រែកលៀប... ក៏ក្រុមហ៊ុន មានផែនការកាត់ ចេញពីប្លង់មេរបស់ក្រុមហ៊ុនដែរ ។
លោកឧកញ៉ាបន្ថែមថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នេះ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍តំបន់ជ្រោយចង្វារមាន ដូចជា បូមខ្សាច់ចាក់បំពេញបានប្រមាណ ៩០%, ផ្លូវចាក់បេតុងបានប្រវែង២.០៣០ម៉ែត្រ,  សង់ផ្ទះល្វែង ដោះស្រាយ ផលប៉ះពាល់បាន ១០ blocks = ២០៨ ល្វែង, សង់ផ្សារមាន២ជាន់ សម្រេចបាន៨០% (ជាន់ផ្ទាល់ដីទំហំ ៥,៤០០m2 ,ជាន់ទី១ ទំហំ  ៣.០០០ម៉ែត្រការ៉េ), សង់ផ្សារត្រីទំហំ ៩៦០ ម៉ែត្រការ៉េ ត្រូវនឹង១២៨ តូប, សង់ផ្ទះល្វែងខ្នាតធំបាន ២ blocksស្មើនឹង ៤៦ ល្វែង សម្រេចបាន ៧៥%,  សង់អគារស្នាក់នៅរួម ២ ប្លុក Aស្មើ B ដោយក្នុងនោះ  ប្លុក A កំពស់ ៧ជាន់ ស្មើនឹង ២៣២ សម្រេចបាន១៥%, ប្លុក B កំពស់ ៤ជាន់ ស្មើនឹង ៧៦ ផ្ទះសម្រេចបាន៧៥% និង  សង់ផ្ទះវីទ្បា ចំនួន៣ ផ្ទះ សម្រេច បាន១០០%។
លោកឧកញ៉ា ពង់ ឃាវសែ បានថ្លែងឲ្យដឹងទៀតថា បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្រីក្រពិតប្រាកដ ដែលរស់នៅលើទឹកប្រកបរបរដំាបន្លែ ស្ថិតចំដីអភិវឌ្ឍន៍របស់ក្រុមហ៊ុន គឺត្រូវបានទទួលយកគោលការណ៍ដោះស្រាយជាថវិកា ឬផ្ទះល្វែង ស្ថិតនៅ “បុរីរុងរឿង” និងទទួលបានតូបលក់ដូរក្នុងផ្សារ ដែលក្រុមហ៊ុនបានសង់ រួចរាល់ប្រមាណ៨០% ដែលនេះ អាចប្រែក្លាយបងប្អូនទៅជាអាជីវករលក់ដូរក្នុងផ្សារវិញ ។ ការចាប់ឆ្នោតដើម្បីទទួលយកផ្ទះ ដែលដឹកនំាដោយអាជ្ញាធរ សាលារាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ភូមិ មាន៨លើក សរុប ១២៥ គ្រួសារ ដោយក្នុងនោះ ជំហ៊ានទី១ ៖ បានប្រគល់ យកផ្ទះរួចហើយ មាន៦គ្រួសារ, ជំហ៊ានទី២៖ បានប្រគល់យកផ្ទះរួចហើយ មាន៤២គ្រួសា, ជំហ៊ានទី៣៖ ប្រគល់យកផ្ទះ មាន៦៩គ្រួសារ និង ជំហ៊ានទី៤ ៖ នឹងប្រគល់ផ្ទះលើកក្រោយ (មាន៨គ្រួសារ)
លោកឧកញ៉ាបន្តថា ការដោះស្រាយផលប៉ះពាល់ ក្រុមហ៊ុនបានសហការជាមួយសាលារាជធានីភ្នំពេញ និងគ្រោងបញ្ចប់ នៅចុងឆ្នាំ២០១៤ ហើយគិតមកដល់ថ្ងៃទី២៨ ខែសីហា នេះ ក្រុមហ៊ុនបានដោះស្រាយបាន ដូចជា ១៣១គ្រួសារ បានឯកភាពទទួលយកថវិកា រួចហើយ លើទំហំសរុប ៦៨ហិកតា, ១២៥គ្រួសារបានឯកភាពទទួលយកផ្ទះនិងតូបលក់ក្នុងផ្សារ, ៤៨គ្រួសារបានទទួលយកផ្ទះរួចហើយ, ៦៩គ្រួសារនិងទទួលយកផ្ទះនៅថ្ងៃនេះ, ៨គ្រួសារនិងទទួលយកផ្ទះនូវជំហ៊ានទី៤។
លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន OCIC ដែលបានបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញតែម្តង ដែលជាការ រួមចំណែក យ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ កសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់អាគារទំនើបៗ ដូជា ស្ពានអាកាសនានាក្នុងរាជធានីភ្នំពេញ និងតំបន់ទីក្រុងរណបជ្រោយចង្វារជាដើម។
លោកបន្តថា ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC មិនមែនត្រឹមតែអភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះទេ គឺជួយលើកស្ទួយ ជីវភាពប្រជាជននៅតំបន់នេះ ផងដែរ ៕
ដើមអម្ពិល