Sunday, August 31, 2014

ប្រជាពលរដ្ឋ​គួរតែ​ស្វែងយល់​អំពី​ច្បាប់​សិទ្ធិ​ពេល​ឃាត់ខ្លួន​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌​​ដើម្បី​ការពារ​ខ្លួន

T-08-30-14-i-full
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​ក្រសួងយុត្តិធម៌ បាន​រៀបចំ​ប័ណ្ណ​ពណ៌​លឿង​មួយ ស្តីអំពី​សិទ្ធិ​ពេល​ឃាត់ខ្លួន​ដោយ​មន្ត្រី​នគរ​បាន​យុត្តិធម៌ ហើយ​ប័ណ្ណ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅក្នុង​សិក្ខាសាលា​បទ​បង្ហាញ​ស្តី​ពី​សិទ្ធិ​នានា​បន្ទាប់ពី​ការ​ឃាត់ខ្លួន និង​ការប្រើប្រាស់​កម្លាំង​នគរបាល​យុត្តិធម៌ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​សាន់វ៉េ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ដើម្បី​ជា​មូលដ្ឋាន​មួយចំនួន​ក្នុង​ការ​ការពារ​ខ្លួន អំពី​សិទ្ធិ​ពេល​ឃាត់ខ្លួន​ដោយ​មន្ត្រី​នគរ​បាល​យុត្តិធម៌។
ប័ណ្ណ​ផ្សព្វផ្សាយ​នេះ​មាន​ខ្លឹមសារ​ថា យោង​តាម​ច្បាប់​កម្ពុជា ជន​ណាក៏ដោយ ដែល​ត្រូវ​បាន​មន្ត្រី​នគរបាល​យុត្តិធម៌​ចាប់ខ្លួន ឬ​ឃាត់ខ្លួន មាន​សិទ្ធិ​ជា​មូលដ្ឋាន​មួយចំនួន​ដើម្បី​ការពារ​ខ្លួន។ សិទ្ធិ​ទាំងនេះ​គឺជា​របស់​អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន សិទ្ធិ​ទាំងនេះ​គឺ​មិន​ត្រូវ​បាន​ដកហូត​ពី​អ្នក​ទេ។ ប្រសិនបើ​អ្នក​គ្រាន់តែ​ត្រូវ​បាន​មន្ត្រី​នគរបាល​យុត្តិធម៌​ឃាត់ខ្លួន អ្នកមាន​សិទ្ធិ​ដូច​ខាង​ក្រោម​នេះ​៖
ប្រសិនបើ​អ្នកមាន​អាយុ​ក្រោម ១៤​ឆ្នាំ អ្នក​មិន​ត្រូវ​បាន​ចាប់ខ្លួន ឬ​ឃាត់ខ្លួន​នោះ​ទេ។ សិទ្ធិ​ដឹង​ពី​មូលហេតុ​ឃាត់​ខ្លួន មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​ប្រាប់​អ្នក​ភ្លាមៗ​ពី​មូលហេតុ​នៃ​ការ​ឃាត់ខ្លួន។ អ្នក​អាច​ត្រូវ​បាន​ចាប់ខ្លួន តែ​តាម​ដីកា​របស់​តុលាការ ឬក៏​កំពុងតែ​ប្រព្រឹត្តិ​អំពើ​ល្មើស​ប៉ុណ្ណោះ។ មន្ត្រី​នគរបាល​យុត្តិធម៌ ក៏​អាច​ឃាត់ខ្លួន​អ្នកជា​បណ្ដោះអាសន្ន​បាន​ដែរ ប្រសិនបើ​គេ​យល់ថា អ្នក​បាន​រំលោភច្បាប់ ឬ​មិន​ព្រម​សហការ​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌​ក្នុង​ការ​ស៊ើបអង្កេត។
មន្ត្រី​នគរបាល​យុត្តិធម៌​មិនអាច​ឃាត់ខ្លួន​អ្នក​លើស​ពី ៤៨​ម៉ោង​ទេ​២​ថ្ងៃ​បន្ទាប់ពី​នោះ អ្នក​ត្រូវតែ​ទទួល​បាន​ការចោទប្រកាន់ ឬ​ត្រូវតែ​បាន​ដោះលែង។
សិទ្ធិ​មេធាវីៈ អ្នក​អាច​ពឹងពាក់​រក​មេធាវី​ម្នាក់​បាន។ បន្ទាប់ពី​ការ​ឃាត់ខ្លួន ២៤​ម៉ោង អ្នក​ត្រូវតែ​ទាមទារ​ជួប​ជាមួយ​មេធាវី ឬ​ជន​ណា​ម្នាក់​តាមតែ​អ្នក​ជ្រើសរើស។ ប្រសិនបើ​អ្នក​មិន​មាន​លទ្ធភាព​បង់ថ្លៃ​សេវា​ឲ្យ​មេធាវី​បាន មាន​អង្គការ​មេធាវី​មិន​យក​កម្រៃ​មួយចំនួន​អាច​ជួយ​អ្នក​បាន។ សូមអ្នក​សួរ​មន្ត្រី​នគរបាល​យុត្តិធម៌ ដើម្បី​ទំនាក់ទំនង​នឹង​អង្គការ​ទាំងនោះ។
សិទ្ធិ​រក្សា​ភាព​ស្ងៀម​ស្ងាត់ៈ អ្នក​អាច​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ឆ្លើយ​នឹង​សំនួរ​របស់​មន្ត្រីនគរបាល​យុត្តិធម៌​បាន ដោយ​រង់ចាំ​រហូតដល់​អ្នកមាន​មេធាវី។ គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​អ្នក​ឲ្យ​ឆ្លើយ ប្រសិនបើ​អ្នក​មិន​ចង់​ឆ្លើយ​នោះ​ទេ។
សិទ្ធិ​មិន​ឆ្លើយ​សារភាពៈ អ្នក​មិន​ត្រូវ​ឆ្លើយ​សារភាព​ពី​អ្វី ដែល​អ្នក​មិនបាន​ប្រព្រឹត្ត​នោះ​ទេ​។ អ្នក​អាច​សារភាព​ពី​អ្វី​ដែល​អ្នក​ពិត​ជា​បាន​ធ្វើ ប្រសិនបើ​អ្នក​ចង់ ឬក៏​អាច​ចាំ​ដល់​ពេល​ដែល​អ្នកមាន​មេធាវី ទើប​ឆ្លើយ​តាម​ការ​ផ្តល់​យោបល់​ពី​មេធាវី​ក៏បាន។ គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​ឲ្យ​អ្នកទទួល​សារភាព​ថា បាន​ប្រព្រឹត្ត​ល្មើស​អ្វីមួយ ដោយ​ការ​វាយដំ​អ្នក ឬ​គំរាមកំហែង​អ្នក ឬ​គ្រួសារ​អ្នក​នោះ​ទេ។ ប្រសិនបើ​នរណា​ម្នាក់​វាយដំ​ធ្វើ​ទារុណកម្ម​អ្នក ហើយ​បង្ខំ​ឲ្យ​អ្នកឆ្លើយ​សារភាព នោះ​ចម្លើយសារ​ភាព​បែបនេះ មិនអាច​យក​ជា​ការ​បាន​ទេ និង​មិនអាច​យក​មក​ប្រើ​ប្រឆាំង​នឹង​អ្នក​នៅ​តុលាការ​ឡើយ។
អ្នក​ត្រូវ​ពិនិត្យមើល​ចំលើយ​របស់​អ្នក​ដែល​បាន​ឆ្លើយ​ឲ្យ​បាន​ច្បាស់ មុននឹង​អ្នក​ផ្តិត​មេដៃ។ ប្រសិនបើ​មិន​ត្រឹមត្រូវ​ដូច​អ្វី​ដែល​អ្នក​បាន​ឆ្លើយ អ្នក​ត្រូវតែ​ទាមទារ​ឲ្យ​ធ្វើការ​កែតម្រូវ​មុននឹង​អ្នក​ផ្តិត​មេដៃ។
សិទ្ធិ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការៈ ក្រោយ​ឃាត់ខ្លួន​ភ្លាម អ្នក​ត្រូវតែ​បាន​នាំ​ខ្លួន​ទៅ​តុលាការ​ឆាប់ៗ តាម​ដែល​អាច​ធ្វើ​បាន។ តុលាការ​នឹង​ធ្វើ​ការស៊ើបអង្កេត​រឿង​ក្តី​របស់​អ្នក និង​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​មក​លើ​អ្នក​មិនបាន​ត្រឹមត្រូវ​តាមច្បាប់​នោះ​ទេ។ ប្រសិនបើ​អ្នក​ត្រូវ​បាន​ចាប់ខ្លួន ដោយសារតែ​អ្នក​ត្រូវ​បាន​កាត់ទោស និង​ផ្ដន្ទាទោស​ដោយ​កំបាំងមុខ​នោះ អ្នកមាន​សិទ្ធិ​សុំ​ឲ្យ​មានការ​កាត់ក្តី​ម្តង​ទៀត។ សូម​សាកសួរ​មេធាវី​របស់​អ្នក​ពី​ការអនុវត្ត​សិទ្ធិ​នេះ។
សិទ្ធិ​ប្រាប់​ដល់​អ្នកផ្ទះ​ពី​ការ​ឃាត់​ខ្លួន ឬ​ចាប់​ខ្លួនៈ អ្នក​ត្រូវ​ប្រាប់​ដល់​អ្នកផ្ទះ​ឲ្យ​បានដឹង​ពី​ការ​ឃាត់ខ្លួន ឬ​ចាប់ខ្លួន​។ ប្រសិនបើ​អ្នកមាន​អាយុ​ក្រោម ១៨​ឆ្នាំ មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​ប្រាប់​ឪពុក​-​ម្តាយ ឬ​អាណាព្យាបាល​របស់​អ្នក ពី​ការ​ឃាត់ខ្លួន ឬ​ចាប់ខ្លួន​នេះ។
សិទ្ធិ​ប្តឹង​ពី​ការ​បដិសេធ​សិទ្ធិ​របស់​អ្នកៈ មន្ត្រី​នគរបាល​យុត្តិធម៌​គ្រប់រូប និង​មន្ត្រី​ដែល​មាន​អំណាច​ឃាត់ខ្លួន ឬ​ចាប់ខ្លួន សុទ្ធតែ​ទទួល​បាន​ការ​បណ្តុះបណ្តាល និង​យល់​ដឹង​ថា ពួកគេ​ត្រូវ​គោរព​សិទ្ធិ​ទាំងអស់​ដែល​មាន​ចែង​នៅក្នុង​ប័ណ្ណ​នេះ។ ប្រសិនបើ​អ្នក​គិតថា សិទ្ធិ​របស់​អ្នក ត្រូវ​បាន​គេ​បដិសេធ អ្នក​អាច​ប្តឹង​ទៅ​មេធាវី​របស់​អ្នក ឬ​ទៅ​ព្រះរាជអាជ្ញា ឬ​ចៅក្រម​ដែល​កាន់​រឿង​ក្តី​របស់​អ្នក​បាន។
ទារុណកម្ម គឺជា​បទឧក្រិដ្ឋ​នៅ​កម្ពុជា។ នរណា​ក៏ដោយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ឬ​គំរាមកំហែង​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ជន​នោះ​អាច​ត្រូវ​បាន​ចោទប្រកាន់​តាមផ្លូវ​ច្បាប់។ អ្នក​ត្រូវ​ប្រាប់​រឿង​នេះ​ដល់​មេធាវី​របស់​អ្នក ដល់​ព្រះរាជអាជ្ញា ឬ​ចៅក្រម ពី​ការ​ធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខបុកម្នេញ ឬ​ការ​គំរាមកំហែង​ចំពោះ​អ្នក​ដោយ​មន្ត្រី​ខាង​ចាប់ចង។ ព្រះរាជអាជ្ញា​ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដ​ថា បណ្តឹង​របស់​អ្នក ត្រូវ​បាន​ស៊ើបអង្កេត ហើយ​ត្រូវ​ចោទប្រកាន់​ជន​ណា​ដែល​សង្ស័យ​ពី​ការប្រព្រឹត្ត​ទារុណកម្ម។
វា​ក៏​ជា​បទឧក្រិដ្ឋ​ផង​ដែរ ចំពោះ​ជន​ណា​ដែល​បាន​សុំ​អ្នក ឬ​គ្រួសារ​អ្នក ឲ្យ​បង់លុយ ចំពោះ​ការ​ដោះលែង​អ្នក​។ អ្នក​មិន​គួរ​ឲ្យ​លុយ​ទៅ​ជន​នោះ​ទេ។
ទោះជា​អ្នក​បាន​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ ក៏​អ្នកមាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន អនុលោម​តាមច្បាប់​កម្ពុជា​ដែរ។
សូម​បញ្ជាក់​ថា ប័ណ្ណ​នេះ​បោះពុម្ពផ្សាយ​ដោយ​កិច្ចសហការ​រវាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ខែមេសា ឆ្នាំ​២០១២ យោង​តាម​មាត្រា ៩៣ ដល់​១០៣ មាត្រា ៦៤ ដល់​៦៦ និង​មាត្រា ១៨៩-១៩៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ព្រមទាំង​មាត្រា ៣១-៣៨ និង​៣៩​នៃ​រដ្ឋធម្មនុញ្ញ៕