ភ្នំពេញ៖ នៅក្រោយការធ្លាក់ចេញពីតំណែងរបស់លោកស្រី មូរ សុខហួរ និង លោក យឹម សុវណ្ណ ពីប្រធានគណៈទី ៨ និងទី១០ នៃរដ្ឋសភានោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក យឹម សុវណ្ណ សុទ្ធតែបាន ថ្លែងអះអាង និងទម្លាក់កំហុសថា ការធ្លាក់នេះ ព្រោះតែសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាមិនបោះ ឆ្នោតគាំទ្រ។
តើវាមានប្រយោជន៍ដែរទេ សម្រាប់សមាជិកសភាគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតទម្លាក់ លោក យឹម សុវណ្ណ និង លោកស្រី មូរ សុខហួរ? ចម្លើយគឺគ្មានប្រយោជន៍អ្វីឡើយ ទោះបីសមាជិកសភាមកពីគណបក្សប្រជា ជនកម្ពុជា ចង់ ឬមិនចង់ តំណែងគណៈកម្មការទី៨ (គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី) និង គណៈកម្មការទី១០ (គណៈកម្មការអង្កេត បោស សំអាត និង ប្រឆាំងអំពើពុករលួយ) គឺនៅតែជារបស់តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិដដែល។
គេនៅចាំបានយ៉ាងច្បាស់ថា នៅក្នុងកិច្ចព្រមព្រៀងបិទបញ្ចប់វិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បានបញ្ជាក់យ៉ាងច្បាស់ក្នុងការធ្វើឲ្យមានតុល្យភាព អំណាចនៅក្នុងរដ្ឋសភា ដោយគណបក្សប្រជាជនកម្ពុជា បានប្រគល់តំណែងអនុប្រធានទី១ និងប្រធានគណៈកម្ម ការចំនួន៥ ទៅឲ្យគណបក្សសង្រ្គោះជាតិ។ តាមកិច្ចព្រមព្រៀងនេះ សបញ្ជាក់យ៉ាងជាក់ច្បាស់ថា សមាជិកសភា នៃគណបក្សប្រជាជនកម្ពុជា មិនឈឺក្បាលថា គណបក្សសង្រ្គោះជាតិ ដាក់បេក្ខជនរូបណាជាបេក្ខភាពអនុប្រធាទី១ និងជាប្រធានគណៈកម្មការទាំង៥នោះឡើយ និយាយរួមសមាជិកសភាគណបក្សប្រជាជនកម្ពុជា ចាំតែបោះឆ្នោត គាំទ្រប៉ុណ្ណោះ។
ស្របពេលនៃការធ្លាក់ចេញពីតំណែងប្រធានគណៈកម្មការទី៨ និងទី១០ របស់លោកស្រី មូរ សុខហួរ និង លោក យឹម សុវណ្ណ ព័ត៌មានពាក់ព័ន្ធនឹងបញ្ហារឿងរ៉ាវផ្ទៃក្នុង ជាច្រើនក៏បានលេចឮចេញពីគណបក្សសង្រ្គោះជាតិផងដែរ កុំឃើញថា ថ្នាក់ដឹកនាំបក្សមួយនេះនៅទីសាធារណៈតែងញញើមស្រស់ស្រាយ តែខាងក្រោយឆាកវិញ មិនសូវជា ត្រូវគ្នាប៉ុន្មាននោះទេ។
ព័ត៌មានផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ បានទម្លាយឲ្យដឹងថា តំណែងប្រធានគណៈកម្មការទី៨ មិនមែនមានតែ លោកស្រី មូរ សុខហួរ នោះទេ ដែលចង់បាន សូម្បីតែភរិយារបស់លោក សម រង្ស៊ី គឺលោកស្រី ជូឡុង សូមូរ៉ា ក៏ ចង់បានតំណែងមួយនេះដែរ។ មានការជជែកគ្នាច្រើនណាស់ទៅលើតំណែងមួយនេះ ព្រោះតែលោកស្រី មូរ សុខ ហួរ បានទាមទារដាច់ខាតតែម្តង។
ចុងក្រោយបក្សសង្រ្គោះជាតិ ក៏បានសម្រេចទុកលោកស្រី មូរ សុខហួរ ជាបេក្ខភាពតំណែងប្រធានគណៈកម្មការទី ៨ រីឯលោកស្រី ជូឡុង សូមូរ៉ា ផ្លាស់ទៅជាអនុប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិ បត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន) ជំនួសវិញ។
រីឯតំណែងប្រធានគណៈកម្មការទី១០ ក៏មានការប្រទាំងប្រទិសគ្នាខ្លាំងណាស់ដែរ ដោយសារតំណែងនេះ លោក សុន ឆ័យ និង លោក យឹម សុវណ្ណ សុទ្ធតែចង់បានដូចគ្នា ខណៈមន្រ្តីទាំងពីររូបសុទ្ធតែមានឥទ្ធិពលក្នុងបក្ស។ លោក សុន ឆ័យ ជាមន្រ្តីតស៊ូចាស់វស្សាមួយរូបជាមួយលោក សម រង្ស៊ី រីឯ លោក យឹម សុវណ្ណ ក៏មិនណយដែរ លោកជាមន្រ្តីសេដ្ឋកិច្ចដ៏សំខាន់មួយរូបសម្រាប់បក្សសង្រ្គោះជាតិ។ ដូច្នេះវាជាបញ្ហាដ៏ឈឺក្បាលមួយសម្រាប់លោក សម រង្ស៊ី និង លោក កឹម សុខា សម្រាប់ធ្វើការសម្រេចចិត្ត។
ក្រោយការចរចាសម្របសម្រួលពីថ្នាក់ដឹកនាំបក្ស គេក៏សម្រេចរក្សាទុកលោក យឹម សុវណ្ណ ជាបេក្ខភាពប្រធានគ ណៈកម្មការទី១០ ចំណែកលោក សុន ឆ័យ រុញទៅធ្វើជាអនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា (គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។
និយាយជារួមមកវិញ ការទទួលបានសំឡេងត្រឹមតែ ៥៦សំឡេងទាំងលោកស្រី មូរ សុខហួរ និង លោក យឹម សុវណ្ណ ពីសមាជិកសភា ១២២រូប កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ វាមិនមែនជារឿងកើតចេញពីការមិនគាំ ទ្ររបស់សមាជិកសភាគណបក្សប្រជាជនកម្ពុជានោះទេ តែវាកើតចេញពីការមិនចុះសម្រុងគ្នារបស់សមាជិកសភា គណបក្សសង្រ្គោះជាតិតែម្តង។
អ្នកខ្លះទៀត គេបានសន្និដ្ឋានថា ការសម្រេចសេចក្តីតាមរយៈការបោះឆ្នោតនេះ គឺជាឆាកល្ខោន ដែលរៀបចំឡើង ដោយលោក សម រង្ស៊ី និង កឹម សុខា ខ្ចីផ្លែដាវពីគណបក្សប្រជាជនសម្លាប់តំណែងលោកស្រី មូរ សុខហួរ និង លោក យឹម សុវណ្ណ តែម្តង។
គេនៅចាំបានថា សភានីតិកាលទី១ លោក សឺន សុប៊ែរ មកពីគណបក្សសេរីនិយមព្រះពុទ្ធសាសនា របស់សម្តេច បវរសេដ្ឋា សឺន សាន ក៏មិនត្រូវបានសមាជិកសភា បោះឆ្នោតគាំទ្រឲ្យធ្វើជាអនុប្រធានទី២ នៃរដ្ឋសភា ដូចគ្នានេះ ដែរ តែក៏មានកិច្ចចរចា និង ស្នើឲ្យមានការបោះឆ្នោតលើកទី២ ហើយក៏ជាប់ដូចការគ្រោងទុក។
ឆ្លងតាមពិសោធន៍នេះ គេជឿថា ប្រសិនបើលោក សម រង្ស៊ី និង លោក កឹម សុខា ពិតជាមានឆន្ទៈប្រគល់តំណែង ឲ្យលោកស្រី មូរ សុខហួរ និង លោក យឹម សុវណ្ណ មែននោះ ប្រធាន និងអនុប្រធានទាំងពីរ ពិតជានឹងស្នើឲ្យមាន ការបោះឆ្នោតជាលើកទី២ តាមនីតិវិធី នៃរដ្ឋសភាទៅហើយ មិនមែនទុកឲ្យសមាជិក នៃគណៈកម្មការទាំងពីរបោះ ឆ្នោតគាំទ្រ ដោយសំឡេង ៨ លើ៨ ប្រគល់តំណែងប្រធានគណៈកម្មការទី៨ ឲ្យទៅលោកស្រី កែវ សុវណ្ណរតន៍ ភរិយាលោក យឹម សុវណ្ណ និងតំណែងប្រធានគណៈកម្មការទី១០ ឲ្យទៅលោក ហូរ វ៉ាន់ នោះទេ។
បើតាមប្រភពពីវិមានព្រឹទ្ធសភា បានឲ្យដឹងថា មុននឹងសម្រេចឲ្យមានការបោះឆ្នោតគាំទ្រពីសមាជិកគណៈកម្មការ ទាំងពីរ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានបើកកិច្ចប្រជុំចង្អៀតមួយនៅក្នុងបន្ទប់របស់លោក កឹម សុខា។ ទោះ ប្រភពមិនបានទម្លាយថា គេប្រជុំសម្ងាត់ពីរឿងអ្វីក៏ដោយ តែអ្វីដែលគេដឹងច្បាស់នោះ កិច្ចប្រជុំនេះ មិនមានការស្នើ សុំឲ្យបោះឆ្នោតជាលើកទី២ គាំទ្របេក្ខភាព លោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណនោះឡើយ។ បញ្ហានេះ បានបន្សល់នូវភាពមន្ទិលសង្ស័យខ្លាំងណាស់ផងដែរ។
ឆ្លងតាមការវិភាគ និងសន្និដ្ឋានយ៉ាងល្អិតល្អន់ទៅ ការធ្លាក់ចេញពីតំណែងរបស់លោកស្រី មូរ សុខហួរ និង លោក យឹម សុវណ្ណ ទោះបីថា មានសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាខ្លះមិនបោះឆ្នោតគាំទ្រ តែមិនមែនទាំង ស្រុងទេ ពោលក្នុងចំណោមអ្នកមិនបោះឆ្នោតគាំទ្រនោះ ក៏មានសមាជិកសភារបស់គណបក្សសង្រ្គោះជាតិផងដែរ ដែលការមិនគាំទ្រនេះ ផ្តើមចេញពីភាពថ្នាំងថ្នាក់ផ្លូវចិត្តរបស់ថ្នាក់ដឹកនាំ នៃគណបក្សប្រឆាំងមួយនេះតែម្តង៕
ដើមអម្ពិល

