ភ្នំពេញ ៖ លោកLian Weiliang អនុប្រធានគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍នៃសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងថា គោលបំណងនៃដំណើរ ទស្សនកិច្ចរបស់លោកនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះគឺដើម្បីដកស្រង់ និងចែករំលែកបទពិសោធន៍ពីកំណែទម្រង់ជាមួយប្រទេសកម្ពុជាព្រោះប្រទេសទាំងពីរជាមិត្តភ័ក្ដិនឹងគ្នា។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ ក្រុមអ្នកយកព័ត៌មានថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី២៦ខែសីហាឆ្នាំ២០១៤ នៅវិមានសន្តិភាពថា ឯកឧត្ដម Lian Weiliang បាន មានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលលោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយប្រទេសយើងទាំងពីរកម្ពុជា និងចិនមានបញ្ហាប្រឈម ប្រហែលគ្នាក្នុងការធ្វើកំណែទម្រង់ ដែលប្រទេសយើងទាំងពីរអាចធ្វើការផ្លាស់ប្ដូរ និងដកបទពិសោធន៍រវាងគ្នាទៅវិញទៅមក។ លោកមានប្រសាសន៍ បន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមនាពេលនេះ គឺជាឱកាសដែលលោកបានមកដកស្រង់យកបទពិសោធន៍ពីការកំណែទម្រង់របស់កម្ពុជាផង និងចែករំលែកនូវបទពិសោធន៍ដែលលោកមានផងដែរ។ លោកបន្តថា សម្ដេចតេជោគឺជាបងប្អូន និងមិត្តភក្ដិរបស់ចិនពិតប្រាកដ ដែលរដ្ឋាភិបាលចិន គណបក្សកុម្មុយនិស្ត ចិននឹងបន្តការគាំទ្រជួយដល់កម្ពុជាជំរុញឲ្យមានស្ថិរភាព និងការអភិវឌ្ឍន៍ឲ្យកាន់ តែជឿនលឿនទៅមុខទៀត។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បក្សកុម្មុយនិស្តចិនមានបទពិសោធន៍ច្រើន ដែលយើងអាចរៀនសូត្រដកស្រង់បទពិសោធន៍បានជាពិសេសលើបញ្ហាកំណែទម្រង់ និង វិមជ្ឈការតែម្ដង៕
