Sunday, August 31, 2014

ស្ពានអាកាសទី៤ នៅសាលាតិចណូ នឹងបើកដំណើរការ សាងសង់ថ្ងៃទី៩ កញ្ញា

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងឲ្យដឹងនៅក្នុងពិធី បើកការដ្ឋាន ស្ថាបនាផ្លូវ ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ថា ស្ពានអាកាសទី៤ ដែល នឹងសាងសង់ឡើងនៅភ្លើងស្តុបសាលាតិចណូ នឹងបើកដំណើរការសាងសង់ នៅថ្ងៃទី៩ កញ្ញា ២០១៤ខាងមុខ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋ មន្រ្តីនៃប្រទេសកម្ពុជា ។
ក្នុងពិធីសម្ពោធស្ពានអាកាសស្ទឹងមានជ័យ នាព្រឹកថ្ងៃទី៣១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា ស្ពានអាកាសទី៤នេះ នឹងចាប់ផ្តើមដំណើរការ សាងសង់ ក្រោមទំហំទឹក ប្រាក់ ១៤លានដុល្លារ អាម៉េរិក សាងសង់ដោយក្រុមហ៊ុន OCIC ហើយស្ពាននេះ ក៏មានផ្លូវក្រោមដីផងដែរ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៣ហើយ រួមមានស្ពាន ទី១ ស្ពានអាកាសក្បាលថ្នល់ ចាប់ផ្តើមសាងសង់នៅថៃ្ងទី២៧ ខែឧសភា ២០០៩ បើកការដ្ឋានសាងសង់ រយៈពេល ១២ខែ ដោយបញ្ចប់នៅថៃ្ង ២៧ ខែឧសភា ២០១០ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១១ ដោយចំណាយថវិកាចំនួន ៦,០៤៨,៤២៤ដុល្លារ។
ទី២ ស្ពានអាកាស៧មករា បើកការដ្ឋានសាងសង់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ហើយបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ ចំណាយទឹកប្រាក់ចំនួន៨,៧០៥,៨០៨ ដុល្លារ។
ទី៣ ស្ពានអាកាសស្ទឹងមានជ័យ បានបើកការដ្ឋានសាងសង់ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១២ បើកឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ចំណាយ ថវិកាចំនួយ១៩ លានដុល្លារ ៕