
ជុំវិញគន្លឹះកែលម្អគុណភាពអប់រំដែលគេរកឃើញតាមរយៈគម្រោង Eqip (កម្មវិធីកែលម្អគុណភាពអប់រំ)បានឲ្យដឹងថា ជាបឋមត្រូវកែលម្អឬហៅថា ពង្រឹងការងារគ្រប់គ្រងរបស់នាយកសាលាជាចម្បងទើបសាលារៀនមានការរីកចម្រើនដែលក្នុងនោះគឺសិស្សរៀនបានប្រកបដោយគុណភាពពិតប្រាកដ។ តើមានវិធានការយ៉ាងណាក្នុងការពង្រឹងការងារគ្រប់គ្រងរបស់នាយកសាលា?
ចំពោះក្រុមការងារដែលបានចុះត្រួតពិនិត្យសាលារៀនមួយគេតែងយល់ឃើញថា គ្រាន់តែឈានជើងចូលក្នុងបរិវេណសាលារៀននោះភ្លាមគេតែងយល់យ៉ាងច្បាស់ថា អ្វីៗទាំងអស់កើតឡើងពីការដឹកនាំនិងគ្រប់គ្រងសាលារៀនទាំងមូលតែម្តង។ ទិដ្ឋភាពនិងបរិស្ថានខាងក្រៅនេះជាសញ្ញាបង្ហាញអំពីការងារគ្រប់គ្រងរបស់នាយកសាលាមែនហើយ។ បើទិដ្ឋភាពនៃបរិស្ថានល្អគេយល់ថា វាជាអំណោយផលនៃការគ្រប់គ្រងល្អ។ ផ្ទុយទៅវិញបើទិដ្ឋភាពនិងបរិស្ថានខាងក្រៅមិនបានល្អទេនោះវាជាស្រមោលដ៏ជាក់លាក់ក្នុងការបង្ហាញថា ការដឹកនាំរបស់នាយកសាលាមិនទាន់បានល្អនោះទេ។ នៅពេលដែលគេឃើញទិដ្ឋភាពខាងក្រៅប្រាកដជាគេហ៊ានវាយតម្លៃអំពីទិដ្ឋភាពខាងក្នុងឬការចាត់ចែងខាងក្នុងថា មានប្រសិទ្ធភាពនិងគ្មានប្រសិទ្ធភាពនោះបានមួយផ្នែកធំហើយ។ រឿងនេះវាមិនខុសពីពាក្យចាស់ពោលថា នៅពេលទៅដល់ចង្ក្រានបាយនៃផ្ទះមួយនោះគេអាចវាយតម្លែមេផ្ទះទាំងមូលឬកូនក្រមុំនៃផ្ទះនោះពិតប្រាកដ។ បានសេចក្តីថា គេចង់ជ្រើសរើសរកកូនប្រសាស្រីនៅក្នុងសង្គមខ្មែរយើងគេឲ្យចូលទៅមើលចង្ក្រានបាយជាមុនសិនថាតើចង្ក្រានបាយស្អាតឬក៏មិនស្អាតព្រោះទីនោះហើយដែលជាមូលដ្ឋានការងាររបស់កូនស្រីឬកូនក្រមុំ។ យ៉ាណាមិញនៅពេលដែលក្រុមការងារចុះធ្វើអធិការកិច្ចសាលារៀនណាមួយនោះគឺសម្ភារៈរបស់របរដែលជាផលិតផលនៃសកម្មភាពរបស់សាលារៀននោះវាជាភស្តុតាងសម្រាប់បង្ហាញអំពីសមត្ថភាពនៃការដឹកនាំគ្រប់គ្រងសាលារៀននោះដែលមិនអាចប្រកែកបានឡើយ។ តើការងារគ្រប់គ្រងរបស់នាយកសាលាសំដៅទៅលើអ្វីខ្លះ? ចំពោះចម្លើយនៃសំណួរនេះដែលគេដឹងនៅតាមសាលារៀនមាន៖
១-ការគ្រប់គ្រងមនុស្សៈ នាយកសាលារៀនមានតួនាទីគ្រប់គ្រងមនុស្សក្នុងសាលារៀនដែលមានជាអាទិ៍គឺគ្រប់គ្រងគ្រូបង្រៀននិងគ្រប់គ្រងសិស្ស។ បានសេចក្តីថា នាយកសាលាគ្រប់គ្រងការបង្រៀនរបស់គ្រូនិងគ្រប់គ្រងការរៀនរបស់សិស្សឲ្យបានដិតដល់ផងដែរ។ ជាពិសេសការងាររដ្ឋបាលនិងការងារបច្ចេកទេសដែលអនុវត្តឲ្យបានចំគោលដៅផងនិងគោរពទៅតាមវិន័យព្រមទាំងផែនការកំណត់ផងនោះវាជាដំណើរឆ្ពោះទៅរកចក្ខុវិស័យរបស់សាលារៀន។ ប៉ុន្តែបើនាយកសាលារៀនគ្រប់គ្រងមនុស្សមិនបានដិតដល់ទេនោះវាមិខុសពីការចាប់ក្តាមដាក់ចង្អេរឡើយឬហៅថា ភាពអនាធិបតេយ្យនឹងកើតមានក្នុងសាលារៀនដែលជះឥទ្ធិពលដល់ការពង្រឹងគុណភាពអប់រំជាមិនខាន។
២-ការគ្រប់គ្រងសម្ភារៈ សម្ភារៈទាំងអស់សម្រាប់ទ្រទ្រង់ការសិក្សាដែលទាមទារឲ្យមានក្នុងការប្រើប្រាស់ដែលក្នុងនោះរាប់ទាំងសម្ភារៈឧបទេសជាដើម។ ការសិក្សាត្រូវពឹងសម្ភារៈដូចករណីជាងឈើប្រើប្រាស់សម្ភារៈឬឧបករណ៍សម្រាប់ធ្វើតុទូកៅអីយ៉ាងនោះដែរ។ កាលណាខ្វះសម្ភារៈបង្រៀនក៏ដូចជាខ្វះបច្ចេកទេសក្នុងការបង្រៀន។
៣-ការគ្រប់គ្រងថវិកាៈ បញ្ហាថវិកាចំណូលចំណាយវាជារឿងសំខាន់សម្រាប់សាលារៀន។ ជាជម្លោះនិងការបែកបាក់ឬជំងឺសតិអារម្មណ៍របស់បុគ្គលិកក្នុងសាលារៀនមួយភាគច្រើនក្នុងរឿងលុយកាក់ដែលមានប្រើប្រាស់ដោយអយុត្តិធម៌ឬដោយបក្ខពួកនិយម។ ប្រសិនបើនាយកសាលាប្រើប្រាស់ថវិកាប្រកបដោយតម្លាភាពនោះទើបសាលារៀនមានការអភិវឌ្ឍផងនិងសិស្សរៀនប្រកបដោយគុណភាពផង។
៤-ការគ្រប់គ្រងឯកសារៈ ឯកសារគឺជារបស់សម្រាប់ធ្វើការឬជាត្រីវិស័យបង្ហាញទិសដៅការងារដែលនាយកសាលាត្រូវថែរក្សាឲ្យបានគត់មត់។
៥-ការគ្រប់គ្រងសូចនាករៈ នេះគឺជាការបង្ហាញចំណុចខ្លាំងចំណុចខ្សោយរបស់សាលារៀនត្រូវការអ្វីដើម្បីបំពេញលើចំណុចខ្វះខាតណាខ្លះ?
៦-ការគ្រប់គ្រងពេលវេលាៈ នាយកសាលាជាអ្នកគ្រប់គ្រងពេលវេលាសម្រាប់សិស្សរៀន ជាពិសេសបញ្ហាវិន័យនិងការគោរពពេលវេលាតែម្តងដើម្បីធានាឲ្យបានក្នុងការអនុវត្តតាមផែនការនិងបញ្ចប់តាមផែនការនៃការសិក្សាប្រចាំខែនិងប្រចាំឆមាសព្រមទាំងប្រចាំឆ្នាំ។
ដូចនេះចំពោះការពង្រឹងការងារគ្រប់គ្រងរបស់នាយកសាលាទាំង៦យ៉ាងនេះក៏មានន័យថា ជាការពង្រឹងគុណភាពអប់រំពិតប្រាកដ៕