Wednesday, August 27, 2014

លោកស្រី ឃួន សុដារី មាន​តំណែង​ជា​ អនុ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា

ភ្នំពេញ៖ លោកស្រី ឃួន សុដារី អតីតអនុប្រធានទី២ រដ្ឋសភា ត្រូវបានគណបក្សប្រជាជនកម្ពុជា ដាក់ជាបេក្ខភាពអនុប្រធានកាកបាទក្រហមកម្ពុជា បន្ថែមលើតួនាទីជាសមាជិករដ្ឋសភា បន្ទាប់ពីមានការរុះរើថ្នាក់ដឹកនាំរដ្ឋសភា។
តាមការឲ្យដឹងរបស់លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៅថ្ងៃពុធទី២៧ ខែសីហា ឆ្នាំ២០១៤នេះថា "លោកស្រីគាត់ ទទួលបានតំណែងធំមួយ គឺជាអនុប្រធានកាកបាទក្រហមកម្ពុជា”។
ឆ្លើយតបនឹងសំណូមពររបស់ អង្គការសង្គមស៊ីវិល ដែលស្នើឲ្យដាក់បេក្ខភាពស្ត្រី មានតំណែងក្នុងរដ្ឋសភានោះ ត្រូវបានលោក ឈាង វុន ស្វាគមន៍។ ប៉ុន្តែលោកថា តួនាទីខ្លះមិនទាន់មានសម្រាប់ ស្ត្រីដែលជាសមាជិករដ្ឋសភានោះទេ។ លោកបន្ថែមថា បើប្រៀបធៀបជាមួយប្រទេសក្បែរខាងកម្ពុជា មានសមាជិករដ្ឋសភាជាស្ត្រីច្រើនជាងគេ។
ជាការគួរកត់សម្គាល់ លោកស្រី ឃួន សុដារី ត្រូវបានគេសង្កេតថា ក្នុងមួយរយៈកាលកន្លងមកនេះ បានលេចមុខជាច្រើន ក្នុងសកម្មភាពនានារបស់ កាកបាទក្រហមកម្ពុជាផងដែរ៕