
សៀមរាប ៖ ប្រាង្គប្រាសាទអច្ឆរិយៈអង្គរបានមានឈ្មោះល្បីល្បាញរន្ទឺពេញពិភពលោកចាត់ទុកថាជាប្រាសាទបុរាណដែលពោរពេញទៅដោយរចនាប័ទ្មដ៏ល្អផ្តាច់គេលើលោក។
ក្រៅពីភ្ញៀវបរទេសចម្រុះសាសន៍ចូលមកកម្សាន្តទស្សនាតំបន់ប៉ូលទេសចរណ៍ខេត្តសៀមរាប មានកំណើនឡើងជាលំដាប់។ អ្វីដែលយើងផ្តោតចិត្តទុកដាក់ផងនោះគឺដើមត្នោតដែលចាត់ ទុកជាអត្តសញ្ញាណជាតិមួយរបស់ខ្មែរយើងបានផ្តល់នូវទឹកត្នោតផ្អែមត្រជាក់ទាក់ទាញដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទៅឆ្លងកាត់មកចូលកម្សាន្តទស្សនាប្រាង្គប្រាសាទអង្គរវត្ត។
លោកម៉ៅ ជាអ្នកឡើងត្នោត និងជាអ្នកលក់ទឹកត្នោតផ្អែមក្នុងតំបន់អង្គរនេះបានរៀបរាប់ប្រាប់ដល់កម្ពុជាថ្មីឲ្យដឹងថា រករបរទទួលទានឡើងត្នោតយកទឹកត្នោតនេះចំនួន១១ឆ្នាំមកហើយៗដើមត្នោតដែលដុះក្នុងបរិវេណអង្គរវត្តត្រូវបានឲ្យរូបលោកឡើងយកទឹកត្នោតមកដាក់លក់ឲ្យភ្ញៀវក្នុងទីនោះដែរដើម្បីបង្ហាញនូវមុខរបរគាបយកទឹកត្នោតពិតៗចំពោះភ្ញៀវបរទេសបានឃើញនិងបានទទួលទានស្គាល់រសជាតិផ្អែមឆ្ងាញ់ពីដើមត្នោតខ្មែរ។
អ្នកឡើងត្នោតឈ្មោះម៉ៅ រស់នៅក្នុងភូមិវាល ឃុំគោកចក ក្រុងសៀមរាប បានមានប្រសាសន៍ថា ក្នុងមួយថ្ងៃអាចគាបទឹកត្នោតបានចំនួន៤បំពង់ហើយការឡើងត្នោតពេលព្រឹកនិងល្ងាចអាចយកទឹកបានប្រមាណជា២០លីត្រ។ លោកម៉ៅ បន្តថា ចំណូលបានពីទឹកត្នោតនេះមួយខែប្រមាណជា៣០ម៉ឺនរៀលប៉ុណ្ណោះបើគិតលក់ទឹកត្នោតក្នុង១កែវជ័រថ្លៃ២០០០រៀល ឬជួនកាលបានតែ១កែវ១០០០រៀលប៉ុណ្ណឹងទៅតាមទឹកចិត្តសទ្ធារបស់ភ្ញៀវបរទេស។ ទឹកត្នោតសម្បូរច្រើនអាស្រ័យទៅលើរដូវផ្កាច្រើនរបស់ដើមត្នោតនាខែវិច្ឆិកានិងធ្នូមានរៀងរហូត ដោយពេលខ្លះមានតិចឬច្រើន។ ភ្ញៀវបរទេសចូលចិត្តទទួលទានទឹកត្នោតផ្អែមខ្មែរមាន ចិន កូរ៉េ និងភ្ញៀវអឺរ៉ុបក៏ច្រើនដែរ៕