Thursday, August 28, 2014

ប្រវត្តិ​នៃ​ការសាងសង់​ព្រះវិហារ​ភ្នំ​ដូនពេញ​

M28-08-14-z8-full
ព្រះវិហារ​វត្តភ្នំ​សិ្ថ​ត​នៅលើ​កំពូលភ្នំ​ដូនពេញ​នា​រាជធានី​ភ្នំពេញ​មកទល់នឹង​បច្ចុប្បន្ននេះ​តាម​ប្រវត្តិសាស្ត្រ​បានបញ្ជាក់​ឲ្យ​ដឹងថា មានការ​សាងសង់​ចំនួន​៣​ដង​មកហើយ។
លើក​ទី​១​ជា​គ្រា​ដំបូង​ទីទួល​នៃ​វត្តភ្នំ​នេះ​មិនទាន់មាន​កំពស់​ដូច​សព្វថ្ងៃនេះ​ទេ​។ បើតាម​រឿងព្រេង​ពី​ភ្នំ​ដូនពេញ​បាន​ឲ្យ​ដឹងថា កាលពី​គ​.​ស​១៣៧២​មាន​យាយ​ចាស់​ម្នាក់​ឈ្មោះ​ពេញ​បានឃើញ​ដើម​គគីរ​មួយ​ដើម​រលើង​មក​ទាំង​ឫស ហើយ​អណ្តែត​ទឹក​មក​ទើរ​នៅ​មាត់​ច្រាំងទន្លេ​ពី​ខាងមុខ​វត្តភ្នំ​សព្វថ្ងៃ។ ទន្ទឹមនេះដែរ​ដូនពេញ​បានឃើញ​ក្នុង​រន្ធ​នៃ​ដើម​គគីរ​នោះ​មាន​ចម្លាក់​ព្រះ​អំពី​លង្ហិន​៤​អង្គ និង​បដិមា​ថ្ម​១​អង្គ។ ប្រជាពលរដ្ឋ​ជាច្រើន​បាន​ឯកភាព​តាម​ដូនពេញ​ក្នុងការ​ចាក់​បំពួន​ដី​លើ​ទីទួល​នោះ​ឲ្យ​កាន់តែ​ខ្ពស់​ថែមទៀត​ដើម្បី​កសាង​ព្រះវិហារ​សម្រាប់​តម្កល់​ព្រះពុទ្ធ​បដិមា​ទាំង​៥​អង្គ​នោះ​។ ព្រះវិហារ​ដ៏​តូច​នោះ​ជាដំបូង​សង់​ដោយ​ការ​ច្រៀក​ដើម​គគីរ​ដែល​អណ្តែត​ទឹក​នោះ​ធ្វើជា​គ្រឿងសំណង់​ដោយមាន​ដំបូល​ប្រក់​ស្បូវ​។ ប្រជាពលរដ្ឋ​នៅ​តំបន់​ជិតខាង​តែង​ទៅធ្វើ​សក្ការបូជា​ដល់​ព្រះវិហារ​ប្រកបដោយ​ជំនឿ​ដ៏​ស័ក្តិសិទ្ធិ​។ កាលណោះ​រាជធានី​ខ្មែរ​សិ្ថត​នៅ​ក្រុង​អង្គរ​នៅឡើយ​។​
លើក​ទី​២​ក្នុង​គ​.​ស​១៤៣៤​ព្រះបាទ​ពញាយ៉ាត និង​រាជបរិពារ​បាន​ចាក​ចេញពី​រាជធានី​ទួល​បាសាន ព្រោះ​ទីនោះ​មាន​ទឹកជំនន់​លិចលង់​នៅ​រដូវវស្សា​រៀងរាល់ឆ្នាំ​ដោយ​ព្រះអង្គ​យាង​មក​កសាង​រាជធានី​ថ្មី គឺ​ចតុមុខ​ត្រង់ចំណុច​ទិសអាគ្នេយ៍​នៃ​វត្តភ្នំ​។ កាលណោះ​ហើយ​ដែល​ព្រះបាទ​ពញាយ៉ាត​បាន​កសាង​ទីក្រុង​ភ្នំពេញ​ឲ្យ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ទាំង​សាសនា នយោបាយ និង​ពាណិជ្ជកម្ម​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលមក​រស់នៅ​យ៉ាង​កុះករ​លាយ​ចំរុះ​ទាំង​ជនបរទេស​មក​រស់នៅ​ទៀតផង​។ ទន្ទឹមនេះដែរ​ព្រះបាទ​ពញាយ៉ាត​បាន​បញ្ជា​ឲ្យ​ចៅហ្វាយខេត្ត​សំរោង​ទង​(​បច្ចុប្បន្ន​ជា​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​)​ឲ្យ​កេណ្ឌ​ប្រជាពលរដ្ឋ​មកចាក់​ដី​បំពួន​លើ​ទីទួល​ព្រះវិហារ​ចាស់​ឲ្យ​បាន​ខ្ពស់​ថែមទៀត​ដែល​គេ​ដឹងថា មាន​កម្ពស់​២៧​ម៉ែត្រ​ស័​កិ្ត​សមជា​កូនភ្នំ​ដី​តូច​ច្រឡឹង ទើប​ព្រះអង្គ​កសាង​ព្រះវិហារ​សាជាថ្មី​ឡើងវិញ ដែល​មាន​ឈ្មោះថា​ព្រះវិហារ​ភ្នំ​ដូនពេញ​ដដែល​។ គេ​បាន​ហៅ​ដោយ​បំព្រួញ​ខ្លី​តៗ​គ្នា​រហូតមក​ថា "​វត្តភ្នំ​ព្រោះ​ភ្នំ​ដែលមាន​វត្ត​ឬ​ភ្នំ​ដែលមាន​ព្រះវិហារ​តំណាង​ឲ្យ​វត្ត​ជាទី​ឋាន​គោរព​ប្រតិបត្តិ​នៃ​ពុទ្ធបរិស័ទ​។ ជាពិសេស​ព្រះបាទ​ពញា​យ៉ាត​បាន​បញ្ជា​ឲ្យ​ក្រុម​សំណង់​ទៅ​យក​តោ​ថ្ម​ពី​ក្រុង​អង្គរ​មក​តាំង​លំអ​ល្អ​នៅ​ខាងមុខ​ព្រះវិហារ​ថ្មី​នេះ​ផង​។ ករណី​ពិសេស​មួយទៀត​គឺ​ព្រះអង្គ​បានក​សាងចេតិយ​ដ៏​ធំ​ទៅខាង​ក្រោយ​ព្រះវិហារ ដែល​ហៅថា​ចេតិយ​ព្រះបាទ​ពញា​យ៉ាតដល់​សព្វថ្ងៃ។
លើក​ទី​៣​នៃ​ការកសាង​ព្រះវិហារ​វត្តភ្នំ​គឺ​ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម​ក្រោយពី​គ​.​ស​១៨៨៦​គឺ​នៅពេល​ក្រោយ​ការសាងសង់​ព្រះបរមរាជវាំង​ក្រុងភ្នំពេញ​រួចហើយ។ បានសេចក្តីថា ព្រះបាទ​សម្តេច​នរោត្តម ព្រះអង្គ​បាន​បញ្ជា​ឲ្យ​រុះរើ​និង​កសាង​ព្រះវិហារ​វត្តភ្នំ​ជាថ្មី​ឡើងវិញ​ដូច​ឃើញ​រូបភាព​មកទល់នឹង​បច្ចុប្បន្ននេះ​គឺ​ព្រះវិហារ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​កន្លងមកហើយ​។ ប៉ុន្តែ​បើ​គិត​តាំងពី​គ្រា​ដំបូង​នៃ​ការកសាង​របស់​ដូនពេញ​មក​គឺ​គ​.​ស​១៣៧២​មក​ទល់នឹង​ពេលនេះ​គ​.​ស​២០១៤​ព្រះវិហារ​វត្តភ្នំ​មាន​អាយុ​៦៤២​ឆ្នាំ​ហើយ។
​ ព្រះវិហារ​និង​ចេតិយ​ធំ​លើ​កំពូលភ្នំ​ដូនពេញ​ជា​និមិត្តសញ្ញា​នៃ​រាជធានី​ភ្នំពេញ​។ អ្នក​ខ្លះទៀត​និយាយថា ជា​បេះដូង​នៃ​ក្រុងភ្នំពេញ​ព្រោះ​ភ្នំ​ជាទី​ឋាន​ដ៏​ខ្ពង់ខ្ពស់​ដែល​ជាទី​គង់ប្រថាប់​នៃ​ព្រះអាទិទេព និង​បារមី​ស័ក្ដិសិទ្ធិ​ព្រមទាំង​ព្រលឹង​ដូនតា ឬ​បុព្វបុរស​បាន​ទៅ​ជួបនឹង​ព្រះ​បាន​ប្រទះ​នឹង​ធម៌​។ ដូចនេះហើយ​ទើប​បុព្វបុរស​តាំងពី​បុរាណកាល​មក​តែង​សាងសង់​ប្រាសាទ និង​សង់​ព្រះវិហារ​នៅ​លើ​កំពូលភ្នំ​សម្រាប់​ទុកជា​បូជនីយដ្ឋាន​ក្នុង​ការធ្វើ​សក្ការបូជា​ដូចជា​ប្រាសាទភ្នំ​នៅ​សម័យអង្គរ ព្រះវិហារ​អដ្ឋរស្ស ក្រុង​ឧដុង្គ​និង​ក្រុង​លង្វែក​។ ដោយឡែក​ក្រុងភ្នំពេញ​ក៏មាន​ព្រះវិហារ​វត្តភ្នំ​នៅលើ​ខ្នងភ្នំ​ដី​នៃ​ដូនពេញ​ដ៏​ល្បីល្បាញ និង​ដ៏​រីកចម្រើន​នៃ​រាជធានី​ភ្នំពេញ​ផងដែរ៕
កម្ពុជាថ្មី
M24