ភ្នំពេញ៖ លោក ហ៊ុយ ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋាន សំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងឲ្យដឹងថា ការវិនិយោគវិស័យសំណង់ នៅកម្ពុជាក្នុងរយៈពេល៥ខែ ឆ្នាំ២០១៤នេះ គិតជាទឹកប្រាក់ មានចំនួន ១.៥៣៧ លានដុល្លារ ។
ថ្លែងនៅក្នុងសន្និសីទ អំពីការគ្រប់គ្រងសំណង់ កម្ពុជា-កូរ៉េ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ នាសណ្ឋាគារ តារាអ៊ែរ រាជធានីភ្នំពេញ ហ៊ុយ ណារ៉ា បានមានប្រសាសន៍ថា “ក្នុង៥ខែ ដើមឆ្នាំ២០១៤ មាន៧២៨គម្រោង មានតម្លៃប៉ាន់ស្មាន ១.៥៣៧លានដុល្លារអាម៉េរិក គិតជាភាគរយ នៃតម្លៃមានការកើនឡើង ២១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៣”។
លោក ឆារស៍ វ៉ាន់ តំណាងក្រុមហ៊ុន OCIC បានលើកឡើងថា ប្រទេសដែលមានការរីកចំរើនលើ វិស័យសំណង់ ដូចជាប្រទេសកូរ៉េ វាគឺជាកត្តាដែលកម្ពុជា ចាំបាច់បំផុត ក្នុងការជំរុញ និងលើកទឹកចិត្តដល់កូរ៉េ ក្នុងការពាំនាំយក មកនូវចំណេះដឹង និងជំនាញក្នុងវិស័យឧស្សាហកម្មសំណង់មកជួយអ្នកសាងសង់កម្ពុជា ដើម្បីពង្រឹងជំនាញ របស់ពួកគេ។
តំណាងក្រុមហ៊ុនរូបនេះ បន្តថា “ក្នុងពេលបច្ចុប្បន្ននេះ មានសមាគមគ្រប់គ្រងសំណង់កូរ៉េ (CMAK)មួយ បាន ខិតខំ និងចូលរួមចំណែកធ្វើការអភិវឌ្ឍន៍ និងជួយរៀបចំបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងសំណង់នៅកម្ពុជា ដោយធ្វើការសហការ ជាមួយស្ថាប័នរដ្ឋ និងស្ថាប័នឯកជន”។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បានមាន ប្រសាសន៍នៅក្នុងឱកាសនោះថា ការធ្វើសន្និសីទនេះ គឺជាលទ្ធផលមួយថ្មីទៀត នៃការអនុវត្ត អនុស្សរណៈ យោគយល់គ្នារវាង ក្រសួងរៀបចំដែនដី ជាមួយសមាគមអ្នកគ្រប់គ្រងសំណង់កូរ៉េ ស្តីពីគម្រោងអនុវត្តការ គ្រប់គ្រងសំណង់។
លោកទេសរដ្ឋមន្ត្រី បានបន្តថា “ខ្ញុំសូមជម្រាបជូនថា នៅចំពោះមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងរៀបចំយ៉ាង មមាញឹកនូវសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។
លោក អ៊ឹម ឈុនលឹម បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ក្រសួងកំពុងសហការជាមួយដៃគូអភិវឌ្ឍ អង់គ្លេស ដើម្បីរៀបចំស្តង់ដារ អគារសំណង់សម្រាប់កម្ពុជា ៕