ភ្នំពេញ ៖ ទង្វើល្អរបស់មន្ត្រីមូលដ្ឋាន គឺជាឧបករណ៍ដ៏មានប្រសិទ្ឋភាព ក្នុងការទាក់ទាញ ជំនឿទុកចិត្ត ពីប្រជាពលរដ្ឋ លើការដឹកនាំរបស់រដ្ឋបាលមូលដ្ឋាន ជាពិសេសលើកម្មវិធីកំណែទម្រង់ការដឹកនាំ របស់ រាជរដ្ឋាភិបាល និងដើម្បីជំរុញ លើការដឹកនាំអភិវឌ្ឍន៍មូលដ្ឋាន ទាំងមន្ត្រី រដ្ឋបាលមូលដ្ឋាន ដូច្នេះមន្ត្រី សមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុក ដាក់បំពេញការងារស្នូល របស់ខ្លួន បំរើប្រជាពលរដ្ឋ ដោយ គ្មានលក្ខខណ្ឌ ជាពិសេសអនុវត្តឲ្យបានម៉ឺងម៉ាត់ ទៅតាមកម្មវិធីនយោបាយ និងកំណែទម្រង់ស៊ីជំរៅ របស់រាជរដ្ឋាភិបាល ដែលសកម្មភាពទាំងនេះ នឹងបានប្រជាពលរដ្ឋ សម្តែងការគាំទ្រ និងសាទរ ព្រមទាំង មានជំនឿ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ឈានឆ្ពោះទៅការ អភិវឌ្ឍន៍មូលដ្ឋាន និងកាត់បន្ថយបាននូវភាព ក្រីក្រ។
នេះជាការលើកឡើងរបស់ លោក អ៊ុច គឹមអន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាននៅ ខណ្ឌច្បារអំពៅ ក្នុងពិធីប្រកាស សមាសភាពក្រុមការងាចុះ ជួយសង្កាត់ទាំង៨ របស់ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ។
លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាល ខណ្ឌច្បារអំពៅ និងជាអនុ ប្រធានអចិន្ត្រៃយ៍ក្រុមការងារ ចុះមូលដ្ឋានខណ្ឌច្បារអំពៅ បានជំរាបជូនពីការងារគ្រប់គ្រង ដឹកនាំក្នុងមូលដ្ឋានភូមិ សង្កាត់នីមួយៗ ពិសេសផែនការសកម្មភាព ការងារសំខាន់ៗមួយចំនួនសម្រាប់ឲ្យក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងភូមិ យកទៅអនុវត្ត និងខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្មទ្វេឡើងថែមទៀត
សំដៅទទួលបាននូវជំនឿទុកចិត្ត និងគាំទ្រដល់កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនាអាណត្តិថ្មីនេះ និងអាណត្តិបន្តៗទៀត ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វប្រកបដោយឧត្តមគតិ ដ៏ឧត្តុង្គឧត្តម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ុច គឹមអន បាន ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានសង្កាត់នីមួយៗ ត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់ ចាប់ពីពេលនេះទៅ ដើម្បីរៀបចំ ចាត់តាំង និងធ្វើផែនការសកម្មភាពការងារជាក់ស្តែង និងបានច្បាស់លាស់ នៅតាមមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្រ ចតុកោណ និងកម្មវិធីនយោបាយរាជដ្ឋាភិបាល ពិសេសផែនការសកម្មភាពការងារអភិវឌ្ឍន៍ មូលដ្ឋាន យោងតាមតម្រូវការជាក់ស្តែងចំពោះមុខ រួមនឹងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដោយគ្មាន លក្ខខណ្ឌ។
លោក អ៊ុច គឹមអន បានមានប្រសាសន៍សំណេះសំណាល ជាមួយសមាជិក សមាជិកា និងក្រុមការងារ បក្សនៅទូទាំងខណ្ឌ ត្រូវខិតខំបំពេញកិច្ចការងារបក្ស នៅក្នុងមូលដ្ឋានកុំឲ្យមានការថ្នាំងថ្នាក់ ជាមួយ ប្រជាពលរដ្ឋ។ លោកប្រធានក្រុមការងារ ប្រចាំខណ្ឌច្បារអំពៅ ក៏បានមានប្រសាសន៍ លើកឡើងអំពីការវិវឌ្ឍន៍ ស្ថានភាពនយោបាយនាដំណាក់កាលចុងក្រោយនេះ គឺគណបក្សជាប់ឆ្នោតទាំងពីរ បានចូលទៅក្នុងសភា ដើម្បីចាប់ដៃគ្នាធ្វើការបន្ទាប់ពី ជាប់គាំងមួយរយ:មកនេះ។
ប្រធានក្រុមការងារចុះខណ្ឌច្បារអំពៅ លោក អ៊ុច គឹមអន បានស្នើដល់ ក្រុមការងារសម្រាប់ចុះ ជួយមូលដ្ឋាន ខណ្ឌច្បារអំពៅ ដែលបានប្រកាសសមាសភាព នាពលនេះ ត្រូវយកចិត្តទុកដាក់ ចុះផ្ទាល់ក្នុងសកម្មភាពសង្គម ជាប់ជាមួយប្រជាជន និងពង្រឹងសមាជិកភាពបក្សឡើងវិញ គឺដើម្បីសហការ ធ្វើការងារជាមួយក្រុមការងារ ថ្នាក់មូលដ្ឋាន ខណ្ឌ សង្កាត់ ក្នុងនោះបំពេញការងារជំរុញការ អភិវឌ្ឍន៍ ក្នុងសង្កាត់ទាំង៨ ក្នុងខណ្ឌឲ្យ មានការរីកចម្រើនបន្ថែមទៀត ៕




