Friday, August 22, 2014

សម្ដេចតេជោៈ ជប៉ុន ដើរតួយ៉ាងសំខាន់ ក្នុងការជួយ ស្វែងរកសន្តិភាព នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង បញ្ជាក់ ចំពោះវត្តមាន អនុប្រធានព្រឹទ្ធសភាជប៉ុន លោក Azuma Kcshishi ដែលកំពុងបំពេញ ទស្សនកិច្ច នៅកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ថាប្រទេសជប៉ុន ដើរតួយ៉ាងសំខាន់ ក្នុងការជួយស្វែង រកសន្តិភាពនៅកម្ពុជា។
សម្តេចតេជោ បានមានប្រសាសន៍លើកឡើងថា ទោះបីជាជប៉ុន បានដើរតួយ៉ាងសំខាន់ ក្នុងការជួយស្វែងរក សន្តិភាពនៅក្នុងប្រទេសកម្ពុជា យ៉ាងណាក្តី ក៏ប៉ុន្តែពុំសូវបានចេញមុខនោះទេ ហើយមិនតែប៉ុណ្ណោះ ជប៉ុនក៏ផ្ដល់ ជំនួយយ៉ាងច្រើនដល់ កម្ពុជាសម្រាប់ការអភិវឌ្ឍ ហើយឥឡូវនេះការវិនិយោគ ក៏មានការកើនឡើងជា ច្រើនផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នក យកព័ត៌ មានក្រោយជំនួបនោះ។
លោក Azuma បានជម្រាបសម្ដេចតេជោអំពីការ សប្បាយរីករាយ ចំពោះទស្សនកិច្ច របស់ឯកឧត្ដម មកកាន់ ព្រះរាជាណាចក្រកម្ពុជា ដោយមានប្រសាសន៍ថា ប្រជាជន និង រាជរដ្ឋាភិបាលជប៉ុនបានចូល រួមចំណែក យ៉ាងសកម្ម ក្នុងការជួយស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ហើយ ពេលនេះបានឃើញកម្ពុជាទទួល បាននូវ សុខសន្តិភាព និង កំពុងតែមានការអភិវឌ្ឍ។ រាជរដ្ឋាភិបាលកម្ពុជា និង រាជរដ្ឋាភិបាលជប៉ុនបានលើកកម្ពស់ ទំនាក់ទំនងរវាងប្រទេសទាងពីរឱ្យក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយ តាមរយៈទំនាក់ទំនង ដែលមានស្រាប់នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរកម្ពុជា-ជប៉ុននឹងកាន់តែប្រសើរឡើងថែមទៀត។
លោក Azuma បានលើកឡើងផងដែរថា អាស៊ាននឹងក្លាយជាសហគមន៍ សេដ្ឋកិច្ចមួយនៅ ឆ្នាំ២០១៥ ក្នុង នោះសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា ផងដែរ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយជប៉ុន នឹងត្រៀមខ្លួនជួយ ដល់កម្ពុជា តាមរយៈការឈានចូលសហគមន៍អាស៊ាន ឆ្នាំ២០១៥ឱ្យមានការ កើនឡើង ផងដែរ។ លោកអនុប្រធានព្រឹទ្ធសភា ក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា ទំនាក់ទំនងរវាងកម្ពុជា និង ជប៉ុននឹងត្រូវ បានពង្រឹងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និង កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ ជាពិសេស តាមរយៈនិស្សិត ដែលបាន ទៅបន្តការសិក្សាឬក៏បានទៅសិក្សានៅប្រទេសជប៉ុន។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ២ភាគ៣នៃទឹកស្អាតនៅកម្ពុជា គឺត្រូវបានជួយ ដោយប្រទេស ជប៉ុន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកម្ពុជាចង់ឱ្យ ជប៉ុនជួយជាបន្តទៀត ទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ច ផងដែរ តាមរយៈការជំរុញការវិនិយោគរបស់ជប៉ុន និងទេសចរ ជប៉ុនមកកាន់ កម្ពុជា ជាពិសេសតាមរយៈការហោះហើរដោយផ្ទាល់ពីជប៉ុនមកកាន់កម្ពុជាតែ ម្ដង។
ពាក់ព័ន្ធនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា អ្វីដែលកម្ពុជា ត្រូវការជាង គេបំផុត នៅពេលនេះ គឺជាធនធាន មនុស្ស ការកសាងធនធានមនុស្ស គឺជាអាទិភាពទី១របស់ រាជរដ្ឋាភិបាលកម្ពុជា បើគ្មានធនធានមនុស្សទេយើងមិនអាចធ្វើអ្វីបានទេ អាទិភាពទី២ គឺការយកចិត្ត ទុកដាក់ទៅលើប្រព័ន្ធស្រោចស្រព សម្រាប់វិស័យកសិកម្ម អាទិភាពទី៣ គឺបញ្ហា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គមនាគមន៍ និង ទូរគមនាគមន៍ និង អាទិភាពទី៤ គឺការយកចិត្តទុកដាក់ដោះស្រាយ បញ្ហាអគ្គិសនី សម្រាប់ប្រជាជន និង ការអភិវឌ្ឍ ។ កាលពីមុនអាទិភាពរបស់កម្ពុជា គឺទឹក ផ្លូវ ភ្លើង មនុស្ស ប៉ុន្តែឥឡូវនេះគឺ មនុស្ស ទឹក ផ្លូវ និង ភ្លើង ។
ពាក់ព័ន្ធនឹងកំណែទម្រង់សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាបាន ធ្វើការកែទម្រង់ ទទួលបាន ជោគជ័យចំពោះកំណែទម្រង់ឡូត៍នេសាទ និង កំពុងតែធ្វើការកំណែទម្រង់ដីធ្លី ដើម្បីធ្វើយ៉ាងណាឱ្យ ប្រជាជនមានដីធ្លីប្រើប្រាស់ និង កាត់បន្ថយជម្លោះផងដែរ ។ កំណែទម្រង់ដទៃទៀតរួមមាន កំណែទម្រង់ក្នុងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាល សាធារណៈ កំណែទម្រង់ កងទ័ព រួមទាំងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលកិច្ចការទាំងនេះកំពុងតែអនុវត្តន៍ ដោយឡែក កំណែទម្រង់រដ្ឋបាលសាធារ ណៈ និង កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈគឺកំពុងតែមានល្បឿនលឿនជាងគេ៕