Sunday, August 31, 2014

ហេតុ​អី្វ​បានជា​ចំនួន​សិស្ស​ស្រី​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំនេះ​ជាប់​ច្រើនជាង​សិស្ស​ប្រុស​?

M31-08-14-e-full
ជាទូទៅ​ការសិក្សា​នៅ​មធ្យមសិក្សា​ទុតិយភូមិ​គេ​សំគាល់​ឃើញថា​ក្នុង​មួយ​បន្ទប់​នៃ​ថ្នាក់​ថ្នាក់រៀន​នីមួយៗ​នោះ គឺ​ចំនួន​សិស្ស​ប្រុស​ច្រើនជាង​ចំនួន​សិស្សស្រី​។ នៅ​ពេល​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ក៏​គេ​ដឹងថា បេក្ខជន​ជា​សិស្ស​ប្រុស​នោះ​មាន​ច្រើនជាង​បេ​ក្ខ​នារី​។ ប៉ុន្តែ​នៅពេល​ប្រកាស​លទ្ធផល​គេ​បានដឹងថា សិស្សស្រី​ប្រឡង​ជាប់​ច្រើនជាង​សិស្ស​ប្រុស​ទៅវិញ​។ នេះ​គឺជា​ការកត់សំគាល់​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ហ៊ុន សែន កំពង់កន្ទួត​ស្រុក​កណ្តា​ល​ស្ទឹង​ខេត្តកណ្តាល​។ តើ​មកពី​បញ្ហា​អ្វី​?
វា​ជា​ព័ត៌មាន​មួយ​ជ្រុង​តូច​មែន​តែ​គួរ​ឲ្យ​ក្រុមអ្នកវិភាគ​ពី​បញ្ហា​នេះ​មានការ​ចាប់អារម្មណ៍​នៅក្រោយពេល​ប្រកាស​លទ្ធផល​កាលពី​វេលា​រសៀល​ថ្ងៃ​សុក្រ​ទី​២៩ ខែសីហា ឆ្នាំ​២០១៤ កន្លងមកនេះ​។ ជាពិសេស​ព័ត៌មាន​នេះ​យើង​បានទទួល​ផ្ទា​ល់ពី​សិស្សស្រី​ដែល​បាន​ប្រឡង​ជាប់​ហើយ​ដែល​សិស្ស​នោះ​ជា​អតីត​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ព្រែកស្លែង​ក្នុងស្រុក​កណ្តាលស្ទឹង​។ នាង​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ព្រែកស្លែង​ទាំងអស់​មាន​ចំនួន​ជាង​២០០​នាក់​ដែល​បាន​ទៅ​ប្រឡង​បាក់​ឌុប​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ហ៊ុន សែន កំពង់កន្ទួត​។ ប៉ុន្តែ​សម្រាប់​សិស្ស​ក្នុង​មណ្ឌល​នេះ​បាន​ប្រឡង​ជាប់​ប្រហែល​៥០​នាក់​ដែល​ក្នុងនោះ​សិស្ស​វិទ្យាល័យ​ព្រែកស្លែង​ប្រឡង​ជាប់​បាន​ប្រហែល​ជាង​២០​នាប៉ុ​ណ្ណោះ គឺ​ក្នុងនោះ​ភាគច្រើន​លើសលប់​ជា​សិស្សស្រី​។​
យោងតាម​ព័ត៌មាន​នេះ​គេ​អាចធ្វើ​ការ​សន្និដ្ឋាន​ជាទូទៅ​ថា សិស្សស្រី​ប្រឡង​ជាប់​ច្រើនជាង​សិស្ស​ប្រុស​។ បញ្ហា​នេះហើយ​ដែល​បណ្តាល​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ​បន្ត​ស្វែងយល់​និង​រិះរក​មូល​ហេតុថា​ហេតុ​អ្វី​បានជា​សិស្សស្រី​ប្រឡង​ជាប់​ច្រើនជាង​សិស្ស​ប្រុស​ហេតុអ្វី​បានជា​សិស្ស​ប្រុស​ប្រឡង​ធ្លាក់​ច្រើនជាង​សិស្សស្រី​?
ហេតុផល​ទី​១​គេ​ឆ្លើយថា ដោយសារ​ចំនួន​សិស្ស​ប្រុស​ច្រើនជាង​សិស្សស្រី​តាម​ថ្នាក់រៀន​នៃ​ថ្នាក់​ទី​១២​នោះ​ទើប​ចំនួន​សិស្ស​ប្រុស​បាន​ធ្លាក់​ច្រើនជាង​សិស្សស្រី​។ ទន្ទឹមនេះដែរ​ក៏​គេ​សួរ​បន្តទៅ​ទៀតថា បើ​សិស្សស្រី​មាន​ចំនួន​តិចជាង​សិស្ស​ប្រុស​នោះគេ​ទទួលស្គាល់​ហើយ តែ​ហេតុអ្វី​បានជា​សិស្សស្រី​ប្រឡង​ជាប់​ច្រើនជាង​សិស្ស​ប្រុស​?
ចំពោះ​ហេតុផល​នៃ​ការប្រឡង​ឆ្នាំនេះ​មានការ​តឹងតែង​ផ្នែក​ខាង​វិន័យ និង​មាន​សណ្តាប់ធ្នាប់​ល្អ​ច្បាស់លាស់​ត្រឹមត្រូវ​ជាទូទៅ​ជាង​បណ្តា​ឆ្នាំមុនៗ​មែន ប៉ុន្តែ​ត្រង់ចំណុច​នៃ​សិស្សស្រី​ប្រឡង​ជាប់​ច្រើនជាង​សិស្ស​ប្រុស​នេះ​វា​ជា​គន្លឹះ​សម្រាប់​ពិចារណា​របស់​មាតាបិតា និង​គ្រូបង្រៀន​ដើម្បី​បានធ្វើ​ការណែនាំ​ដល់​កូនចៅ និង​សិស្ស​នូវ​ការសិក្សា​ឆ្នាំក្រោយៗ​ទៀត ឬ​សម្រាប់​ការប្រឡង​លើក​ក្រោយ​ទៀត​ដោយ​ទុកជា​បទពិសោធន៍​ដើម្បី​ឲ្យ​ចំនួន​សិស្ស​ប្រុស​និង​សិស្សស្រី​មានការ​សមាមាត្រ​នឹង​គ្នា​ក្នុង​ការប្រឡង​ជាប់។
ក្នុងការ​បង្ហាញ​ហេតុផល​ដែល​គួរ​យកជាការបាន​នោះ​គឺ​កន្លងមក​សិស្សស្រី​ខំប្រឹង​រៀន​ជាង​សិស្ស​ប្រុស​។ ការពិត​វា​មិន​ខុសពី​សុភាសិត​បុរាណ​ពោលថា "​ចេះ​មកពី​រៀនមាន​មកពី​រក​នោះឡើយ​។ មជ្ឈដ្ឋាន​ទូទៅ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា សិស្សស្រី​មិនសូវ​ដើរលេង​ដូច​សិស្ស​ប្រុស​នោះទេ​។ ជាពិសេស​សិស្សស្រី​បាន​គោរព​តាម​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​ពី​មាតាបិតា​ពី​គ្រូ​និង​សាស្ត្រាចារ្យ​បាន​ដិតដល់។ លើសពីនេះទៅទៀត​សិស្សស្រី​ច្រើន​មាន​ចរិត​ឧស្សាហ៍​ព្យាយាម​រៀនសូត្រ​ទាំង​រៀន​តាម​សាលា ទាំង​ឆ្លៀត​រៀន​គួរ​និង​ប្រឹងប្រែង​រៀន​នៅផ្ទះ​ពេលទំនេរ​ដូចជា​ពេលយប់​ជាដើម។
ដោយឡែក​សម្រាប់​សិស្ស​ប្រុស​គេ​យល់ថា មាន​សេរីភាព​ក្នុងការ​សប្បាយ​ឬ​គេ​ហៅថា ជើងវែង​ហក់លោត​ធ្វើ​ឲ្យ​អារម្មណ៍​រាយមាយ​ច្រើន​ដែល​បណ្តាល​ឲ្យ​ភ្លេចខ្លួន​ពី​ការសិក្សា​គឺ​ភ្លេចៗ​ត្រចៀក​មួយ​ភ្លែត​សោះ​ដល់ពេល​ប្រឡង​ទៅហើយ​ដោយ​គេ​ដឹងខ្លួន​យ៉ាងច្បាស់​ថា ខ្លួនគេ​ពុំ​មាន​សមត្ថភាព​ក្នុង​ការធ្វើ​ចម្លើយ​ឬ​លំ​ហាត់​ក្នុង​ការប្រឡង​បានទេ។
សរុបមក​គេ​តែង​យល់ថា ខួរក្បាល​មនុស្ស​ស្រី​ក៏​មិន​លើសខ្វះ​ពី​ខួរក្បាល​មនុស្ស​ប្រុស​ដែរ​គឺ​បញ្ហាសំខាន់​នៅលើ​ការ​ខំប្រឹង​រៀនសូត្រ​នោះទេ ទើប​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​សិស្ស​មានគុណ​ភាព​និង​មាន​សមត្ថភាព​ក្នុងការ​ប្រឡង​ជាប់​ជា​ស្ថាពរ​។ នៅពេលដែល​ឃើញ​គេ​ជាប់​ហើយ​យើង​ធ្លាក់​នោះ​ទើប​ដឹង​នូវ​តម្លៃ​ដោយ​ការ​ឃ្លាតឆ្ងាយ​ពីគ្នា​ដូច​មេឃ​និង​ដី​។ នេះហើយ​ជា​រឿង​ភ្ញាក់ខ្លួន​ថា ត្រូវតែ​តស៊ូ​ខំរៀន​កុំ​ឲ្យ​ចាញ់​ស្រី​៕