
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិនាចុងឆ្នាំសិក្សា២០១៣-២០១៤នេះអាច និយាយថា ជាគ្រាដំបូងនៃការប្រឡងតឹង ឬ ហៅថា ជាការកាច់បំបាក់ទម្លាប់ចាស់ជាអវិជ្ជមានចោលចេញក្នុងការតម្រង់ទិសប្រកបដោយ យុត្តិធម៌ទៅតាមការរកឃើញសមត្ថភាពសិស្ស យ៉ាងជាក់លាក់ត្រឹមត្រូវ។ ហេតុនេះហើយទើបបេក្ខជនបានប្រឡងជាប់តិចក្នុងលើកទី១នេះ។ ប៉ុន្តែមជ្ឈដ្ឋានទូទៅបានធ្វើការវិភាគឃើញថា ចំពោះ ការប្រឡងសញ្ញាបត្រនាចុងឆ្នាំសិក្សាក្រោយៗទៀតនោះ គឺគេសង្ឃឹមថា បេក្ខជនអាច មានសមត្ថភាពក្នុងការប្រឡងជាប់ជាស្ថាពរ ច្រើនជាងឆ្នាំនេះជាមិនខាន។ ព្រោះអ្វី?
ក្រសួងអប់រំយុវជននិងកីឡាបានកាច់ម៉ា ប្រាវក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ គឺប្រៀបដូច ជាអន្លូងសម្រាប់ទូងស្គរជ័យដាស់រំលឹកការ សិក្សាគ្រប់ភូមិសិក្សាទាំងអស់ឲ្យកក្រើកឡើង ឬឲ្យមានការភ្ញាក់រលឹកឡើងដោយប្រឹងបញ្ចេញឲ្យអស់នូវសមត្ថភាពទាំងការបង្រៀនរបស់គ្រូ ផង និងទាំងសមត្ថភាពនៃការរៀនរបស់សិស្សផង។ គេបានបន្តការវិភាគថា ឫសគល់នៃការសិក្សា មានតាំងពីមត្តេយ្យសិក្សា, បឋមសិក្សា និងអនុ វិទ្យាល័យឡើងទៅ។ គេបានបញ្ជាក់ថា បើប្រឹងតែខាងមធ្យមសិក្សាទុតិយភូមិតែឯងនោះក៏ទៅ មិនរួចដែរ ព្រោះបើមូលដ្ឋានខាងក្រោមនៅខ្សោយ ឬហៅថាធូររលុងនោះ។ ត្បិតថ្នាក់ខាង ក្រោមទាំងអស់នេះហើយដែលជាគ្រឹះដ៏រឹងមាំ របស់ ថ្នាក់លើ។ ផ្ទុយទៅវិញបើគ្រឹះថ្នាក់ក្រោម មិនរឹង មាំនោះទេក៏មិនអាចធានាបង្កើនគុណភាព សម្រាប់បេក្ខជនប្រឡងបាក់ឌុបនោះដែរ។ មកដល់បញ្ហានេះគេសួរថា តើបឋមសិក្សាអាច រកឃើញគុណភាព និងប្រសិទ្ធភាពហើយឬនៅ?
ឯសិស្សអនុវិទ្យាល័យពីថ្នាក់ទី៧ដល់ថ្នាក់ទី៩នោះតើមានគុណភាព និងមានប្រសិទ្ធភាពហើយឬនៅ? ទាំង២ចំណុចនេះហើយដែល បង្កើតនូវសក្តានុពលដ៏ប្រសើរនៃបេក្ខជនប្រឡងបាក់ឌុប។ ប៉ុន្តែផ្ទាំងផែនការ និងការអនុវត្តយ៉ាង ណានោះយើងទុកលទ្ធភាពនៃការពិចារណារបស់ គ្រូបង្រៀន ព្រមទាំងនាយកសាលារៀនទាំង បឋមសិក្សា និងទាំងអនុវិទ្យាល័យដោះស្រាយទៅចុះតាមរយៈការទទួលស្គាល់នូវលទ្ធផលនៃ ការប្រឡងបាក់ឌុបឆ្នាំនេះ។
ជាការពិតណាស់លទ្ធផលដ៏ស្ដួចស្ដើងនៃបេក្ខជនប្រឡងបាក់ឌុបលើកទី១ឆ្នាំនេះ គឺជា ការវែកមុខយ៉ាងច្បាស់អំពីការបង្រៀន និងការ រៀនថាពិតជាមានកម្រិតខ្វះខាតនូវ គុណភាពដោយស្ថិតក្រោមមធ្យមភាគពិតប្រាកដ។ រឿង នេះវាពិតជាមានការស្តីបន្ទោស ឬហៅថា ជាការទម្លាក់កំហុសតៗគ្នាជាក់ជាមិន ខាន។ គឺខាង កម្រិតមធ្យមសិក្សាទុតិយភូមិថាសិស្សខ្សោយ តាំងពីក្នុងកម្រិតសិក្សាអនុ វិទ្យាល័យ។ ឯគ្រូខាង អនុវិទ្យាល័យថាសិស្ស ខ្សោយតាំងពីបឋមសិក្សាមកម្ល៉េះ។ ឯគ្រូខាង បឋមសិក្សាចេះតែរុញសិស្សឲ្យបានចូលរៀន អនុវិទ្យាល័យ ព្រោះសង្ឃឹមលើគ្រូអនុវិទ្យាល័យ ពូកែខាងបង្រៀនសិស្សឲ្យបានចេះដឹង។ ឯគ្រូ អនុវិទ្យាល័យគិតថា សិស្សរៀនពូកែ ឬមិនពូកែ នៅលើគ្រូ (សាស្ត្រាចារ្យទុតិយភូមិ) ព្រោះគេ មានចំណេះដឹងខ្ពស់ក្នុងការបង្រៀនសិស្សឲ្យ មានគុណភាព និងមានសមត្ថភាពក្នុងការប្រឡង។ ទាំងអស់នេះគេហៅថា ជាការឆ្លើយ ដាក់គ្នា ឬដើម្បីយករួចខ្លួន និងរលាស់ខ្លួនចោល ពីបញ្ហា "ដំរីស្លាប់យកចង្អេរទៅបិទបាំង"យ៉ាង នេះ។ គេយល់ថា ប្រាកដជាមិនអាចយករួចខ្លួន បាននោះទេ ព្រោះកម្រិតនៃការសិក្សាអប់រំវា មាន ការទាក់ទងគ្នាដូចខ្សែច្រវាក់អ៊ីចឹង ឬគេហៅថា ជាការទាក់ទងតាមបែបបដិច្ចសមុប្បាទតៗគ្នា ដោយមិនអាចរំលងផែ្នកណាមួយនោះបានទេ។
យ៉ាងណាមិញលទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំសិក្សានេះដែលឃើញថា មិនសូវមាន បេក្ខជនមានសមត្ថភាពក្នុងការប្រឡងជាប់នោះទេ វាក៏ជាកំហុសរួមគ្នាក្នុងរឿងតែមួយទាំង ៣ភូមិ សិក្សាតែម្តង។ ឆ្នាំនេះជាការពិសោធន៍ប្រៀបដូច គ្រូពេទ្យរកឃើញសមុដ្ឋាននៃជំងឺផ្ដើមចេញពីប្រភពទាំង៣នោះនឹងសម្រេចដាក់ថ្នាំព្យាបាល ទាំង ៣កន្លែងនោះតែម្តងទើបមានប្រសិទ្ធ ភាព។ បានសេចក្តីថា ក្រសួងអប់រំយុវជននិងកីឡាដែល បានទទួលនូវថវិកាជំនួយសម្រាប់កែលម្អគុណភាពអប់រំពីអង្គការនានា ឬពីគម្រោងនានានោះ ត្រូវកម្រើកសព្វសរសៃសសូងនៃការអប់រំតាំងពី បឋមសិក្សា, អនុវិទ្យាល័យ និងវិទ្យាល័យចាប់ពី ឆ្នាំសិក្សា២០១៤-២០១៥នេះទេទើបការប្រឡងសញ្ញាបត្រលើកក្រោយៗទៀតបេក្ខជននឹងមានសមត្ថភាព និងគុណភាពជាងឆ្នាំនេះ៕