Saturday, August 30, 2014

មែកដើមគគីរ អាយុរយឆ្នាំ នៅខាងមុខ ព្រះអង្គចេក ព្រះអង្គចម បាក់សង្កត់រ៉ឺម៉ក ម៉ូតូដឹកភ្ញៀវ សំណាងល្អមិនមាន អ្នករងគ្រោះ

សៀមរាប ៖ ដើមឈើប្រភេទគគីរ ដែលមានអាយុកាល ខ្នង់រយឆ្នាំ នៅចំពីខាងមុខទីសក្ការ ព្រះអង្គចេកព្រះអង្គចម បានបាក់មែក យ៉ាងធំមួយ មកគ្របសង្កត់លើរ៉ឺម៉ក ម៉ូតូដឹកភ្ញៀវ ដែលបានមកចត ពីខាងក្រោមដើមឈើនេះ ។ ក្នុងរ៉ឺម៉ក គឺមានភ្ញៀវ ដែលជាស្ដ្រីខ្មែរម្នាក់កំពុងអង្គុយនៅក្នុងរ៉ឺម៉កនេះ ខណៈដែលអ្នកបើករ៉ឺម៉ក កំពុងឈររងចាំភ្ញៀវ ដែលជាស្ដ្រីម្នាក់ទៀត បានចូលទៅដុតធុបបន់ស្រន់សុំសេក្ដីសុខ ចម្រើននោះ ។
អ្នកដែលបានឃើញហេតុការណ៍នោះ ផ្ទាល់ភ្នែក បានប្រាប់អ្នកយកព័ត៌មាន នៃមជ្ឈមណ្ឌលដើមអម្ពិល យើងឲ្យ ដឹងថា គឺកើតឡើងកាលពី វេលាម៉ោងប្រមាណ៩:៤៥នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ។ នៅមុនកើតហេតុ ពួកគាត់ បានឃើញរ៉ឺម៉កម៉ូតូដឹកភ្ញៀវ បានមកចតនៅតាមផ្លូវចូល ទីសក្ការព្រះអង្គចេកព្រះអង្គចម គឺនៅខាងក្រោម ដើមឈើ មួយដើម ក្នុងចំណោមដើមឈើ ដែលដុះជាអមសង្ខាង ផ្លូវពីមុខទីសក្ការនោះ គឺស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។
គាត់បញ្ជាក់ថា រ៉ឺម៉កម៉ូតូដឹកភ្ញៀវនោះ មានគ្នា ៣នាក់ គឺអ្នករត់រ៉ឺម៉ក និងនៅក្នុងកន្ទុយរ៉ឺម៉ក មានភ្ញៀវជាស្ដ្រីខ្មែរចំនួន ២នាក់ បន្ទាប់ពីរ៉ឺម៉កចតភ្លាម ក្នុងផ្ទៃមេឃដែលកំពុងមានភ្លៀង រលឹមផងនោះ តែមិនមានខ្សល់បក់បោក ខ្លាំងនោះទេ គឺស្ដ្រីម្នាក់ក្នុងចំណោម ២នាក់ បានចូលទៅដុតធុប នៅក្នុងបរិវេណទីសក្ការ ព្រះអង្គចេកព្រះអង្គចម ហើយស្ដ្រី ម្នាក់ទៀត អង្គុយរងចាំនៅលើរ៉ឺម៉ក  ចំណែកឯបុរសអ្នករត់រ៉ឺម៉ក បានឈរចាំនៅនិងចិញ្ចើមផ្លូវ ជាប់នឹងរ៉ឺម៉ក ខណៈ នោះ ក៏មានមែកឈើដ៏ធំមួយមែកបានបាក់មកគ្របសង្កត់ លើរ៉ឺម៉កម៉ូតូ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នក នៅជុំវិញ នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវម្ដុំនោះ  តែសំណាងល្អមិនមានអ្នករងរបួសទេ គឺគ្រាន់តែបង្ករការភ័យ ខ្លាចតែ ប៉ុណ្ណោះ ។
ចំណែកឯអ្នករត់រ៉ឺម៉កម៉ូតូ ដែលសមត្ថកិច្ចកំពុងធ្វើកំណត់ ហេតុមានឈ្មោះថា គង់ បូរី ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង/ខេត្ត សៀមរាប ដែលមានមុខរបររត់រ៉ឺម៉កម៉ូតូដឹកភ្ញៀវ ដែលមាន ស្រុកកំណើតនៅ ភូមិដូងឡៃ ឃុំស្ពានសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺរត់រ៉ឺម៉កបានប្រមាណជា ៦ខែ មកហើយ ។
អ្នករត់រ៉ឺម៉ករូបនេះ បានប្រាប់អ្នកយកព័ត៌មាននៃមជ្ឈមណ្ឌលដើមអម្ពិលយើងថា រូបគាត់បានដឹកភ្ញៀវជាស្ដ្រីខ្មែរ២នាក់ ដើម្បីមកដុតធុប នៅទីសក្ការព្រះអង្គចេកព្រះអង្គចម គឺគាត់បានមកចតនៅតាមផ្លូវចូលទីសក្ការ ព្រះអង្គចេក ព្រះអង្គចម នៅខាងមុខទីសក្ការ ខាងក្រោមដើមឈើមួយដើម ក្នុងចំណោមដើមឈើ ដែលដុះអមសង្ខាងផ្លូវ ។
ពេលកំពុង ឈរចាំភ្ញៀវម្នាក់ដែលបានចូលទៅដុតធូប គាត់ក៏បានឮសម្លេងប្រិបៗ នៅខាងលើដើមឈើ ហើយសង្ស័យ ថា មានហេតុការណ៍បាក់មែកឈើ គាត់ក៏បាតរត់ចេញ ពេលនោះក៏មានមែលឈើដ៏ធំមួយ បានបាក់ គ្របពីលើរ៉ឺម៉កម៉ូតូរបស់គាត់ ដែលមានស្ដ្រីម្នាក់កំពុងអង្គុយនៅនឹងកន្ទុយរ៉ឺម៉ក់ផង ។
គាត់បន្តឲ្យដឹងទៀតថា បន្ទាប់មកទើបស្ដ្រីរូបនោះបានចេញពីក្នុងកន្ទុយរ៉ឺម៉ក ដោយមានអ្នកជួយផងដែរ តែ សំណាងល្អ គាត់មិនមានរបួសអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺគ្រាន់តែមានសភាពភ័យខ្លាចខ្លាំងតែប៉ុណ្ណោះ ។ ចំណែកម៉ូតូ របស់គាត់ត្រូវបានឈើសង្កត់ខូចខាតយ៉ាងខ្លាំង ហើយរ៉ឺម៉កវិញ ក៏មានការខូចខាតផងដែរ ។
នៅពេលនោះ គេក៏បានឃើញមន្ត្រីខាងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ដ្រី នៃអាជ្ញាធរ ក្រុង/ខេត្តសៀមរាប បានមកជួយធ្វើអន្តរាគមន៍ ហើយមែកឈើនោះត្រូវបានគេកាត់ជាកំណត់ៗ ដើម្បីដឹកជញ្ជូន ចេញផងដែរ ។ នៅក្នុងនោះ ក្រុមអ្នកថតរូបប្រចាំនៅម្ដុំព្រះអង្គចេកព្រះអង្គចម និងម្ដុំសួនច្បារខាងមុខព្រះរាជ ដំណាក់ ក្រុងសៀមរាប បាននិយាយថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានមែកឈើធំៗ នៅម្ដុំនេះ បានបាក់ប្រមាណ ជា ៦-៧ដង មកហើយ តែសំណាងល្អ គឺមិនធ្លាប់មានគ្រោះថ្នាក់ដល់មនុស្ស និងទ្រព្យសម្បត្តិអ្វីនោះទេ គឺទើបតែពេល នេះឯង ដែលបង្ករឲ្យមានគ្រោះថ្នាក់នោះ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News