ភ្នំពេញ ៖ រោងសិប្បកម្ម ផលិតជ័រ ទ្រនាប់ក្តារកាត់ មួយកន្លែង ស្ថិតនៅតាម ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្បែរសួនវឌ្ឍនះ ត្រូវបានសមត្ថកិច្ច រាយការណ៍ថា ត្រូវបានអគ្គិភ័យកំពុងឆាបឆេះ នាព្រឹកព្រលឹម វេលាម៉ោងប្រមាណ ៧៖០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤នេះ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ផ្សែងខ្មៅខ្មួលខ្មាញ់ បានហុយចេញ ពីរោងសិប្បកម្ម ប៉ុន្តែមិនទាន់ដឹងថា មានទំហំធំ ឫមួយយ៉ាងណានោះទេ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចេញទៅជួយអន្តរាគមន៍ហើយ។ ជាមួយគ្នានេះដែរ អង្គភាព ៧១១ នៃកងពលតូចលេខ ៧០ បានបញ្ជូនរថយន្តបាញ់ពន្លត់អគ្គិភ័យ ចំនួន៣គ្រឿងភ្លាមៗ ទៅកាន់តែកន្លែងកើតហេតុផងដែរ ប៉ុន្តែនៅពេលនេះ ផ្លូវរាងស្ទះបន្តិច ដោយសារម៉ោង កម្មករចូលធ្វើការ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោងប្រមាណ ៧៖៥០នាទី ព្រឹកថ្ងៃដដែលនេះ ក្រោយពីមាន អន្តរាគមន៍ ពីរថយន្តរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ ចំនួន៣គ្រឿង រថយន្តរបស់អាវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង រថយន្តរបស់កម្លាំងនគរបាល ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន១២គ្រឿង និងរថយន្តរបស់ស្រាបៀរមួយគ្រឿង បានទៅជួយបាញ់ពន្លត់ ព្រមទាំងមានការចូលរួម ពីកម្លាំងសមត្ថកិច្ច អាជ្ងាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅក្បែរនោះ៕


















ក្រុម ៧១១ នៃកងពលតូចលេខ ៧០ កំពុងបាញ់ពន្លត់ភ្លើងនៅក្នុងរោងចក្រ


















