ភ្នំពេញ ៖ បច្ចុប្បន្ននេះចំនួនសណ្ឋាគារលំដាប់ផ្កាយនៅទូទាំងប្រទេសកម្ពុជាមានចំនួនកើនឡើងរហូតដល់ជិត ៩០សណ្ឋាគារហើយ ពោលគឺច្រើនជិត៥០ភាគរយ បើប្រៀបធៀបនឹងកាលពីរយៈពេលបីឆ្នាំមុនដែលមានចំនួនតែប្រមាណជិត៦០សណ្ឋាគារនោះ។
ផ្អែកតាមតួលេខពីក្រសួងទេសចរណ៍បានបង្ហាញឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្ននេះចំនួនសណ្ឋាគារដែលទទួលបាននូវការចាត់លំដាប់ថ្នាក់ពីផ្កាយមួយដល់ផ្កាយប្រាំមានចំនួនសរុប៨៦សណ្ឋាគារហើយ។ ក្នុងនេះសណ្ឋាគារលំដាប់ផ្កាយមួយមានចំនួន៦ លំដាប់ផ្កាយពីរមានចំនួន៧ លំដាប់ផ្កាយបីមានចំនួន២២ លំដាប់ផ្កាយបួនមានចំនួន៣៥ និងលំដាប់ផ្កាយប្រាំមានចំនួន១៦។
ប្រភពដដែលបានបង្ហាញឲ្យដឹងដែរថា ចំនួនសណ្ឋាគារលំដាប់ផ្កាយនៅកម្ពុជាសព្វថ្ងៃនេះ គឺស្ថិតក្នុងអត្រាច្រើនជាង ៤៧ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលកាលពី ៣ឆ្នាំមុនដែលមានតែចំនួន ៥៩សណ្ឋាគារនោះ។ ក្នុងចំនួនសណ្ឋាគារលំដាប់ផ្កាយទាំងអស់នៅកម្ពុជានេះ ខេត្តសៀមរាបទទួលបាននូវចំនួននាំមុខគេសរុប៤៨សណ្ឋាគារ ខណៈនៅរាជធានីភ្នំពេញមានចំនួន២០សណ្ឋាគារ ខេត្តបាត់ដំបងមានចំនួន១៥ សណ្ឋាគារ និងខេត្តព្រះសីហនុមានចំនួនតែ៣សណ្ឋាគារប៉ុណ្ណោះ។
អគ្គនាយករង នៃអគ្គនាយកដ្ឋានទេសចរណ៍របស់ក្រសួងទេសចរណ៍ លោក ប្រាក់ ចាន់តារា បានឲ្យដឹងថា ចំនួនសណ្ឋាគារនៅកម្ពុជាដែលទទួលបានចំណាត់ថ្នាក់នោះមានការកើនឡើងជារៀងរាល់ឆ្នាំ។ ការកើនឡើងនេះគឺដោយសារតែមានការជំរុញពីក្រសួងទេសចរណ៍ និងការយល់ដឹងកាន់ តែច្រើនរបស់ម្ចាស់សណ្ឋាគារក្នុងការកែលម្អគុណភាព សេវាកម្ម និងការលើកកម្ពស់ផលិតផល ដើម្បីឲ្យមានភាពទាក់ទាញភ្ញៀវបានកាន់តែទូលំទូលាយថែមទៀតនោះ។ លោក ប្រាក់ ចាន់តារា បង្ហាញថា ការចាត់ចំណាត់ថ្នាក់សណ្ឋាគារធ្វើឡើងក្នុងគោលបំណងរៀបចំឲ្យសេវាកម្មនៅក្នុងវិស័យមួយនេះមានលក្ខណៈស្តង់ដារបានន័យថា ឲ្យសណ្ឋាគារនៅកម្ពុជាមានគុណភាពសេវាប្រហាក់ប្រហែលគ្នាជាមួយនឹងសណ្ឋាគារនៅក្នុងតំបន់ និងអន្តរជាតិដើម្បីប្រកួតប្រជែងនឹងសណ្ឋាគារដទៃៗទៀតនៅក្រៅប្រទេស ជាពិសេសអាចអូសទាញភ្ញៀវទេសចរមកកម្ពុជាបានកាន់តែច្រើនឡើងថែមទៀត។
បើតាមការបង្ហាញពីលោក ប្រាក់ ចាន់តារា ក៏បានឲ្យដឹងដែរថា ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នសណ្ឋាគារនៅតាមបណ្តាខេត្តដាច់ស្រយាលមួយចំនួននៅកម្ពុជានៅតែមិនទាន់មានស្តង់ដារ នៅឡើយទេដោយសារតែតំបន់នោះពុំសូវមានភ្ញៀវទៅសម្រាក។ប៉ុន្តែទាក់ទិននឹងបញ្ហានេះក្រសួងទេសចរណ៍កំពុងតែជំរុញឲ្យម្ចាស់សណ្ឋាគារទាំងនោះធ្វើការកែលម្អចំណុចខ្វះខាតឲ្យសមស្របទៅតាមស្តង់ដារជាបណ្តើរៗផងដែរ។ លោកបន្តលើកឡើងថា សព្វថ្ងៃនេះបើទោះបីជាចំនួនសណ្ឋាគារនៅកម្ពុជាមានការកើនឡើងក៏ដោយក៏យើងនៅតែត្រូវការនូវការវិនិយោគក្នុងវិស័យនេះបន្ថែមទៀតដែរដើម្បីឆ្លើយតបទៅតាមកំណើនភ្ញៀវទេសចរដែលហូរចូលក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។
តាមតួលេខពីក្រសួងទេសចរណ៍ក៏បានឲ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជា មានសណ្ឋាគារសរុបចំនួន ៤៧៩សណ្ឋាគារ ក្នុងនោះសណ្ឋាគារមួយភាគធំប្រមូលផ្តុំនៅខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ ក្រសួងទេសចរណ៍បានរៀបចំចាត់ចំណាត់ ថ្នាក់សណ្ឋាគារជាលើកដំបូងកាលពីឆ្នាំ២០០៨។ រហូតមកដល់បច្ចុប្បន្ននេះកម្ពុជាមានសណ្ឋាគារ ចំនួនជាង១០០នៅទូទាំងប្រទេសបានដាក់ពាក្យស្នើសុំការចាត់លំដាប់ថ្នាក់ពីក្រសួងទេសចរណ៍តែក្នុងនេះមានតែចំនួន៨៦សណ្ឋាគារប៉ុណ្ណោះដែលទទួលបានចំណាត់ថ្នាក់ជាផ្លូវការដោយមួយចំនួន ទៀតដែលនៅសល់នោះគឺកំពុងរៀបចំកែលម្អលើចំណុចខ្វះខាតរបស់ខ្លួន៕