
នៅពេលដែលយើងបានទៅទស្សនាប្រាង្គប្រាសាទបុរាណ ជាពិសេសប្រាសាទនៅសម័យអង្គរគេតែងបានធ្វើការកត់សម្គាល់អំពីបដិមាថ្មនាគនិងតោដែលសិល្បករខ្មែរតែងតម្កល់ដាក់ជិតគ្នានៅអមសងខាងជណ្តើរឬផ្លូវនិងស្ពានសម្រាប់ចូលទៅប្រាសាទក្នុងការធ្វើសក្ការបូជា។ តើបុព្វបុរសខ្មែរមានទស្សនៈយ៉ាងណាដែរ?
ជាការពិតណាស់នេះជារូបភាពមួយបានបង្កប់ទៅដោយទស្សនវិជ្ជាដែលជាវិជ្ជានៃផ្លូវគំនិតដ៏វែងឆ្ងាយរបស់ដូនតាខ្មែរតាំងពីបុរាណកាលមកម្ល៉េះ។ ដូចទស្សនៈជាភាសាបារាំងពោលថា “Une image vaut mille exploitations” ប្រែថា រូបភាពមួយស្មើការបកស្រាយមួយពាន់បែប។ យ៉ាងណាមិញតាមរយៈចម្លាក់តោនិងនាគនៅតាមបូជនីយដ្ឋានបុរាណក៏គេអាចយល់ឃើញច្រើនបែបខុសៗគ្នាដែរ។ ដូចនេះខ្ញុំជាអ្នករៀបចំនូវអត្ថបទនេះសូមធ្វើការបង្ហាញគំនិតមួយជ្រុងតូចអំពីការស្វែងយល់នៃគំនិតដូនតាក្នុងការដាក់តាំងរូបតោនិងរូបនាគខាងមុខប្រាសាទដូចខាងក្រោមនេះ៖
ប៉ុន្តែមុននឹងបង្ហាញអត្ថន័យនៃចម្លាក់តោនិងនាគនោះយើងតែងបានកត់សម្គាល់ឃើញតាមរយៈប្រាសាទដូចជាខាងដើមផ្លូវចូលប្រាសាទអង្គរវត្ត បន្ទាយស្រី ស្រះស្រង់ ពិមាយ ព្រះវិហារ...។ គឺប្រាសាទភាគច្រើននៅសម័យអង្គរសិល្បករបានតុបតែងលម្អខាងមុខប្រាសាទឬនៅខាងមុខប្រាង្គនីមួយៗដោយដាក់តាំងរូបតោនិងនាគតែម្តង។ រហូតមកដល់ក្រោយសម័យអង្គរដូចជាខាងមុខជណ្តើរផ្នែកខាងកើតនៃព្រះបរមរាជវាំងភ្នំពេញនិងខាងមុខព្រះវិហារភ្នំដូនពេញជាដើមតែងមានរូបតោមួយគូនិងនាគមួយគូអមជណ្តើរហាក់ដូចជាមានជីវិតរស់រវើកក្នុងការទទួលស្វាគមន៍ភ្ញៀវពេលចូលនិងពេលចេញយ៉ាងនោះដែរ។
១-អំពីនាគៈ តាមរយៈទេវកថាក្នុងសាសនាព្រាហ្មណ៍បានឲ្យដឹងថា នាគជាជំនិះរបស់ព្រះពិរុណជាទេវតាតំណាងឲ្យទឹកភ្លៀង។ ដូចនេះនាគក៏តំណាងឲ្យទឹកដែរដូចទស្សនៈបុរាណបានឲ្យដឹងនៅពេលមានឮសំឡេងផ្គរលាន់គ្រឹមៗនៅឯនាយនោះគេបាននិយាយដោយការសន្មតថានាគលេងទឹក។ ទឹកនេះហើយដែលជាកត្តាធ្វើឲ្យមានការរីកចម្រើនលើវិស័យកសិកម្មក្នុងសង្គមខ្មែរដូចពាក្យចាស់ពោលថា"ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ"។ ជាពិសេសអរិយធម៌ខ្មែររីកចម្រើនខ្ពស់នៅសម័យអង្គរក៏ជាបឋមគេមិនអាចមើលរំលងពីបញ្ហាប្រព័ន្ធនៃការប្រើប្រាស់ទឹកលើវិស័យកសិកម្មដូចជា ការធ្វើស្រែចម្ការនោះទេ។ ម្យ៉ាងទៀតពាក្យថា "នាគ" នេះមានន័យថា ប្រសើរ ចម្បង បរិសុទ្ធ។ អរិយបុគ្គលដែលបានវៀរចាកនូវអំពើអាក្រក់ទាំងឡាយហើយក៏គេហៅថានាគដែរ។ លើសពីនេះទៅទៀតតាមរយៈរឿងព្រេងព្រះថោងនាងនាគក៏បានឲ្យដឹងថា ខ្មែរមានអំបូរនាគឬមានព្រលឹងនាគ។ ដូចនេះការដាក់តាំងរូបនាគតាមជណ្តើរប្រាសាទមានន័យថា ជាមរតកនៃព្រលឹងរបស់ជាតិខ្មែរនិងជាស្នាដៃខ្មែរប្រកបដោយភាពរុងរឿងក្សេមក្សាន្តសំបូរសប្បាយ។ នាគដែលគេដាក់តាំងលម្អនោះគឺជានាគមានក្បាល៧ឈ្មោះថា"មុចលិន្ទ"មានតាំងពីប្រវត្តិនៃនាគប្រក់ព្រះពុទ្ធបានត្រាស់៣៥ថ្ងៃរួចមក។ នេះជានាគប្រកបដោយសិរីមង្គលក្នុងការការពារឧបសគ្គបានប្រកបដោយប្រសិទ្ធភាពបំផុត។
២-អំពីតោៈ តោថ្មតំណាងឲ្យអំណាចក្នុងការទប់ទល់នឹងអំពើព្រៃផ្សៃនានាដែលមកយាយីរាតត្បាតរំខានភាពសុខសាន្តផ្ទៃក្នុង។ គឺតោជាស្តេចសត្វនៅក្នុងព្រៃដែលបុព្វបុរសបានយករូបារម្មណ៍ក្នុងឧត្តមគតិនៃការការពារយ៉ាងម៉ត់ចត់បំផុតឬហៅថា ជាការការពារបេតិកភណ្ឌនិងមរតកសង្គមបានប្រកបដោយជោគជ័យក្រៃលែង។ សរុបមកឧត្តមគតិក៏ដូចជាទស្សនៈខ្មែរបុរាណបានតម្កល់បដិមានាគនិងតោខាងមុខប្រាង្គប្រាសាទមានន័យថា មរតកវប្បធម៌និងសង្គមធម៌នៃជាតិខ្មែរកើតឡើងដោយស្នាដៃខ្មែរកសាងឲ្យមានការរីកចម្រើនរុងរឿងនិងទន្ទឹមនេះក៏មានការថែរក្សាការពារយ៉ាងខ្ជាប់ខ្ជួនគង់វង្សស្ថិតស្ថេររហូតមកទល់សព្វថ្ងៃនេះពិតប្រាកដ៕