ព្រៃវែង៖ តុលាការខេត្តព្រៃវែង នៅរសៀល ថ្ងៃសោរ៍ ទី៣០ ខែសីហានេះ បានសម្រេចឃុំខ្លួន បុរស ២នាក់ ដាក់ក្នុងពន្ធនាគារខេត្តព្រៃវែង បន្ទាប់ពីពួកគេ បានធ្វើទារុណកម្ម ដោយចាប់ជ្រមុជទឹកពាង លើក្មេងប្រុសម្នាក់ ដែលលួចបេះផ្លែដូង ៤ផ្លែ កាលពីពេលថ្មីៗនេះ រួចបង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុក ។
លោកឧត្តមសេនីយ៍ សេង សុភ័ក្ត្រ ស្នងការរងនគរបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយពីចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រៃវែង បានចេញដីកាឃុំខ្លួនរួចមកនោះ កម្លាំងនគរបាលរបស់លោក បាននាំខ្លួនជនសង្ស័យទាំង២នាក់ ទៅកាន់ពន្ធនាគារ នៅវេលាម៉ោងប្រមាណ ៣៖៥៥នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤នេះ។
មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យ ទាំងពីរនាក់នេះ រួមមានឈ្មោះ ហេង ដាណេ អាយុ ៣៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ហេង វណ្ណី អាយុ ២៨ឆ្នាំ ទំនងជា ម្ចាស់អាក់ខោនហ្វេសប៊ុក ដែលបានបង្ហោះ រូបធ្វើទារុណកម្មខាងលើ ដែលពួកគេ ជាអ្នករកស៊ី មានជីវភាពធូរធា នៅក្នុងភូមិ ឃុំកំពង់ពពិល ស្រុក ពារាំង ខេត្ដព្រៃវែង ។
សូមបញ្ជាក់ថា ថ្ងៃទី២៨ ខែសីហាកន្លងទៅ បណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅក្នុងអាក់ខោន ដែលមាន ឈ្មោះ ហេង វណ្ណី បាន បង្ហោះនូវរូបថតចំនួន៤សន្លឹក ដោយបង្ហាញ ពីសកម្មភាពបុរសម្នាក់ បានធ្វើ ទារុណកម្ម ទៅលើក្មេងប្រុសមិនទាន់គ្រប់អាយុ ដោយ ចងស្លាបសេក ហើយចាប់ក្បាល ជ្រមុជទៅ ក្នុង ទឹកពាង ។ ក្នុងនោះម្ចាស់អាក់ខោនបាន សរសេរជាអក្សរថា “ចាប់បានចោរលួចបេះ ដូងយាយផល្លា នៅចំការជើង” ។
បន្ទាប់ពី មានការបង្ហោះរូបភាពព្រៃផ្សៃនេះ មានអ្នកលេងហ្វេសប៊ុកជាច្រើន បានថ្កោលទោស ទៅលើសកម្មភាព នៃការធ្វើទារុណកម្មខាងលើ ដោយក្នុងនោះ អ្នក Comment ភាគច្រើន បានទាមទារ និង ស្នើសុំឱ្យសមត្ថកិច្ច ចាត់វិធានការទៅលើ បុរសដែលធ្វើទារុណកម្ម ទៅលើកូនក្មេង ដោយគ្រាន់តែ គ្នាទៅលួចបេះដូង៣-៤ផ្លែ នោះ ឱ្យបានខ្លាំងក្លាទៅតាមច្បាប់ ។
ក្រោយពីមានអ្នក Comment បញ្ចេញកំហឹង និងទាមទារឱ្យសមត្ថកិច្ច ចាត់វិធានការតាម ផ្លូវច្បាប់ ចំពោះ សកម្មភាពរំលោភបំពាន ទៅលើកុមារខាងលើនេះកាលពីម្សិលមិញនេះ បុរសចំនួន២ នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការ ឃាត់ខ្លួន តែម្តង ៕






