ភ្នំ ពេញ ៖ សមាជិករដ្ឋសភា ចំនួន១២២រូប ក្នុងចំណោម១២៣រូប បានបោះឆ្នោត បំពេញបន្ថែម រួចហើយនូវ សមាសភាពគណៈកម្មការ ទាំង១០ នៃរដ្ឋសភា ខណៈប្រធានគណៈកម្មការ ចំនួនពីរ រូបរបស់គណបក្សសង្គ្រោះជាតិ មិនជាប់ជាប្រធាន ដូចការគ្រោងទុកនោះទេ ។
យោងតាមលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០១៤ បានបង្ហាញថា ប្រធាន គណៈកម្មការ២រូប គឺលោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ មិនបានជាប់ជាប្រធាន គណៈកម្មការនោះទេ។
លោកស្រីមូរ សុខហួរត្រូវបានធ្លាក់ពីប្រធានគណៈកម្មការទី៨ គឺគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដោយអ្នកតំណាងរាស្រ្ត ទាំង១២២រូប បានបោះឆ្នោតគាំទ្រឲ្យតែ៥៦សំឡេង ដែលមិនគ្រប់គ្រាន់នូវសំឡេងគាំទ្រ៦៣ឡើងទៅ។ ក្នុងនោះ៦៣ រូប មិនព្រម និង ៣ រូប អនុប្បវាទ។
លោក យឹម សុវណ្ណត្រូវបានអ្នកតំណាងរាស្រ្តសរុបទាំងអស់ ១២២រូប បោះឆ្នោតគាំទ្រតែ ៥៦ សំឡេង តែប៉ុណ្ណោះ ខណៈ៦៣សំឡេងទៀតមិនគាំទ្រឲ្យក្លាយជា ប្រធានគណៈកម្មការ ទី១០ គឺគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ និង៣ទៀត អនុប្បវាទ។
បន្ទាប់ពីសម្រាក១៥នាទី ប្រធានរដ្ឋសភា សម្តេច ហេង សំរិន បានឡើងប្រកាស នៅក្នុងកិច្ចប្រជុំវគ្គ២ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះថា លោក ស្រីកែ សុវណ្ណរ័ត្ន ឡើងជំនួសលោកស្រីមូរ សុខហួរ ចំណែកលោក ហូ វ៉ាន់ ឡើងជំនួសលោក យឹម សុវណ្ណ។
ក្រោយបិទបញ្ចប់ការបោះឆ្នោតនៅថ្ងៃដដែលនេះ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថា ការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការទាំង១០របស់រដ្ឋសភានៅព្រឹក មិញនេះ មានភាពរអាក់រអួលមិនស្របតាមកិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរ។
លោក សម រង្ស៊ី បន្តថា "កិច្ចប្រជុំបោះឆ្នោតថ្ងៃនេះ មានភាពរអាក់រអួលបន្តិច ធ្វើឲ្យយើងមានការសោក ស្ដាយ។ តែយើងនឹងជំរុញឲ្យមានដំណោះស្រាយសមស្របទៅនឹងស្មារតីនៃកិច្ច ព្រមព្រៀងនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងមក។ ថ្ងៃនេះ យើងមិនបាន អនុវត្តទៅតាមកិច្ចព្រមព្រៀង ឲ្យបានពេញលេញនោះទេ។ តែជឿជាក់ថា នឹងមានដំណោះស្រាយដ៏សមស្របនៅពេលដ៏ខ្លីខាងមុខ"។
ឈរទន្ទឹមគ្នាជាមួយលោក សម រង្ស៊ី លោក យឹម សុវណ្ណ បេក្ខជនធ្លាក់ពីតំណែងប្រធានគណៈ កម្មការទី១០ថ្លែងថា លោកមិនបានសោកស្តាយចំពោះតំណែង ដែលបានបាត់បង់នោះទេ។
លោកថា "ទោះបីខ្ញុំជាតំណាងរាស្ត្រធម្មតា ក៏ខ្ញុំនៅតែសប្បាយចិត្ត និងមានមោទកភាពព្រោះ ប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រខ្ញុំ! ខ្ញុំនឹងបំពេញកាតព្វកិច្ចរបស់ខ្ញុំបន្តទៀត"។
លោក ឈាង វុន ជាប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិ ការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) បានថ្លែងឲ្យដឹងថា ចំពោះការធ្លាក់ពីប្រធាន គណៈ កម្មការទី៨របស់លោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ ពីប្រធានគណៈកម្មការទី១០ នោះ គណបក្សប្រជាជនកម្ពុជា (CPP) មិនបានដឹងអ្វីទាំងអស់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះ លោក ឈាង វុន បន្តថា "ជារឿងធម្មតា ព្រោះនេះជាការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត។ មានសំណួរសួរថាជាការរៀបចំទុកដែលលោកស្រីមួរ សុខ ហួរ និងលោក យឹម សុវណ្ណ មិនជាប់ជា ប្រធានគណៈកម្មការ។ ខ្ញុំសូមបញ្ជាក់ថា សភាកម្ពុជាមានភាពចាស់ទុំ ហើយគ្មានអ្នកណាបញ្ជា បានទេ។ដូច្នេះសំណួរនេះខ្ញុំទទួលយកអត់បានក្នុងនាមជាអ្នកនាំពាក្យរដ្ឋសភា"។
បើតាមលោក ឈាង វុន ការមិនជាប់ជាប្រធានគណៈកម្មការរបស់ លោក យឹម សុវណ្ណ និង លោកស្រី មួរ សុខហួរ មិនប៉ះពាល់ដល់កិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នោះទេ។
សូមបញ្ជាក់ថា សមាជិករដ្ឋសភាទាំង១២២រូប បានបោះឆ្នោតគាំទ្រគណៈកម្មការទាំង១០រួមមាន លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ ទំនងរដ្ឋសភា ព្រឹទ្ធសភា, លោក ជាម យៀប ប្រធាបគណៈកម្មការទី២ គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម, លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ គឺគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិសា្ថន និងធនធានទឹក,លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ គឺ គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និងមុខងារសាធារណៈ, លោក ឈាង វុន ជាប្រធានគណៈកម្មការទី៥ គឺគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន, លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌, លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ និងសាសនា វប្បធម៌ និងទេសចរណ៍, លោកស្រី កែវ សុវណ្ណរ័ត្ន ប្រធានគណៈកម្មការទី៨ គឺគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី, លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ គឺគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០ គឺគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។
សូមជម្រាបថា តាមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ចំពោះរដ្ឋសភា គឺបាននិយាយត្រឹមតែការបែងចែង កូតាគ្នារវាង គណបក្សទាំងពីរតែប៉ុណ្ណោះ មិនបាននិយាយដល់ឈ្មោះរបស់បុគ្គលឡើយ។ ដូច្នេះ ការបោះឆ្នោតនេះ គឺអនុវត្តទៅតាមកិច្ចព្រមព្រៀងនយោបាយនោះហើយ៕
