Monday, August 25, 2014

កាលប្រវត្តិ​នៃ​សារមន្ទីរជាតិ​ភ្នំពេញ​មាន​មួយ​សតវត្សរ៍​ហើយ

M25-08-14-q-full
ប្រទេស​នីមួយៗ​តែង​មាន​កន្លែង​តម្កល់ទុក​ឯកសារ​នៃ​សម្បត្តិ​វប្បធម៌​ដែល​គេ​ហៅថា សារមន្ទីរ​ជាតិ​របស់​គេ។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា​យើង​ក៏មាន​សារមន្ទីរ​សម្រាប់​ថែរក្សា​មរតក​វប្បធម៌​ជាតិ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ទាំង​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​ផងដែរ​។ ជាក់ស្តែង​នៅពេលនេះ​យើង​បាន​បង្ហាញ​អំពី​សារមន្ទីរ​ជាតិ​ភ្នំពេញ​ដែល​មាន​អាយុកាល​មកទល់ពេលនេះ​មាន​មួយ​សតវត្សរ៍​មកហើយ។
តាមរយៈ​ឯកសារ​ស្តីពី​ប្រវត្តិ​នៃ​សារមន្ទីរ​ជាតិ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា មានកំណើត​តាំងពី​គ​.​ស​១៩០៥​មកម្ល៉េះ​គឺ​នៅក្នុង​រជ្ជកាល​ព្រះមហាក្សត្រ​ព្រះបាទ​ស៊ីសុវត្ថិ​។ តាម​ឯក​សារបាន​បញ្ជាក់ថា កាលដើមឡើយ​សារមន្ទីរ​ស្ថិត​នៅក្នុង​ព្រះបរមរាជវាំង ប៉ុន្តែ​រយៈពេល​៤​ឆ្នាំ​ក្រោយមក​ទើប​មានការ​រើ​ទីតាំង​ចេញពី​ព្រះបរមរាជវាំង​ដោយ​មក​កសាង​សារមន្ទីរ​ដាច់ដោយឡែក​គឺ​នៅ​ផ្នែក​ខាងជើង​ព្រះបរមរាជវាំង​ត្រង់​ទីកន្លែង​បច្ចុប្បន្ន​នេះ។ ទម្រាំ​តែ​កសាង​បាន​រួចរាល់​ជា​ស្ថាពរ​គឺ​រូបរាង​នៃ​សារមន្ទីរ​ជាតិ​សព្វ​ថ្ងៃនេះ​ដោយ​ស្នាដៃ​វិចិត្រករ​ជាតិ​បារាំង​ឈ្មោះ​ស៊ក ក្រូ​លៀ (George Groslier) ដោយ​គាត់​បាន​គូរ​ប្លង់​តាមរយៈ​ការ​គោរព​តាម​ស្ថាបត្យកម្ម​ខ្មែរ​ដែល​មាន​ដំបូល​ហាក់ដូចជា​ព្រះវិហារ​នៃ​ពុទ្ធសាសនា​និង​មាន​ចម្លាក់​នាគ​សំយុង​ចុះ​ខ្លួន​ដល់​ចុង​សំយាប​ផង​។ នៅ​ឆ្នាំ​១៩២០​នៃ​គ្រិស្ត​រាជ​ទើប​សារមន្ទីរ​ចាប់​បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថិតក្រោម​ព្រះរាជាធិបតីភាព​នៃ​ព្រះករុណា​ព្រះបាទ​ស៊ីសុវត្ថិ​។ កាលពី​ដំបូង​ឡើយ​គេ​ហៅ​ឈ្មោះថា “​សារមន្ទីរ​អាល់​ប៊ែ​សារ៉ូ (Musee Albert Sarraut)” ដោយ​យក​នាម​តាម​ឈ្មោះ​អគ្គទេសាភិបាល​បារាំង​ប្រចាំ​ឥណ្ឌូចិន​ក្នុង​សម័យ​នោះ​។ ប៉ុន្តែ​រហូតដល់​ឆ្នាំ​១៩៦១​គឺ​៨​ឆ្នាំ​ក្រោយ​ពី​ប្រទេស​យើង​បាន​ឯករាជ្យ​មក​ទើប​សារមន្ទីរ​នេះ​បាន​ប្តូរ​ឈ្មោះ​មកជា​សារមន្ទីរ​ជាតិ​រហូត​មក​ទល់នឹង​បច្ចុប្បន្ននេះ។
តាមរយៈ​ឯកសារ​ខ្ញុំ​ចង់ដឹង “​យើង​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ​” ទំព័រ​ទី​៥​បាន​ឲ្យ​ដឹងថា ក្នុង​សារមន្ទីរ​ជាតិ​នេះ​មាន​វត្ថុ​សិល្បៈ​ខ្មែរ​ចំនួន​១៥០០០​មុខ​ដែល​ភាគច្រើន​គេ​ថែរក្សា​ទុក​ក្នុង​ឃ្លាំង​ដោយមាន​ការប្រុងប្រយ័ត្ន​បំផុត​ហើយ​វត្ថុ​សិល្បៈ​ដែល​គេ​អាច​មើល​បាន​នោះ​ជាង​២៥០០​មុខ​ដោយ​គេ​ដាក់តាំង​បង្ហាញ​។ ជាមួយនេះដែរ​ក៏មាន​សំណួរ​ថា តើ​វត្ថុ​សិល្បៈ​ដែលជា​មរតក​វប្បធម៌​ពី​បុរាណ​ទាំង​នោះបាន​ពី​ណា​មក​?
ចម្លើយ​ទាំង​នោះគេ​តែង​យល់​ស្របគ្នា​ថា វត្ថុ​សិល្បៈ​ជា​សម្បត្តិ​វប្បធម៌​ជាតិ​មាន​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ សម័យ​នគរ​ភ្នំ សម័យ​ចេនឡា សម័យអង្គរ និង​បន្ត​មក​សម័យ​លង្វែក ឧដុង្គ​រហូតមកដល់​បច្ចុប្បន្ននេះ។ តាមរយៈ​សម័យ​បុរេប្រវត្តិសាស្ត្រ​គឺជា​សម័យមុន​គ្រិស្តសករាជ​ដ៏​យូរលង់​នោះ​មរតក​វប្បធម៌​ច្រើន​បានមក​តាមរយៈ​កំណាយ​ពី​ក្នុង​ដី​ដូចជា​នៅតាម​ផ្នូរ​កប់​សព​ជាដើម។ ជាក់ស្តែង​ដូចជា​កំណាយ​នៅតាម​ស្ថានីយ​បុរាណ​មាន​សំរោង​សែន ក្បាល​រមាស អន្លង់​ផ្តៅ ម្លូព្រៃ​…​។​ល​។ ចំណែកឯ​វត្ថុ​សិល្បៈ​ចម្លាក់​បដិមា​នានា​ច្រើន​បានមកពី​ប្រាសាទបុរាណ​ព្រោះ​ប្រាសាទ​ជាច្រើន​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខូចខាត​ដោយសារ​ពេលវេលា​និង​ដោយសារ​សង្គ្រាម។ ការ​រលុះ​រលំរលាយ​នៃ​ប្រាសាទ​ដែល​សង់​អំពី​ឥដ្ឋ​និង​សង់​អំពី​ថ្ម​នោះ​ហើយ​ដែល​បណ្តាល​ឲ្យ​បាត់បង់​បដិមា​ទេវៈ​ពី​កន្លែង​ដើម​ម្ល៉ោះហើយ​វត្ថុ​សិល្បៈ​ទាំងនោះ​ត្រូវបាន​ប្រមូល​ទុក​នៅក្នុង​សារមន្ទីរ​ជាតិ​ដោយ​ការគាស់កកាយ​ដីស្រែ​ចម្ការ ការកាប់​គាស់​ព្រៃ​បាន​ប្រទះឃើញ​ក៏បាន​ប្រគល់ជូន​អាជ្ញាធរ​ឬ​មន្ត្រី​រាជការ​តាម​ខ្សែរយៈ​បន្ត​រហូតមកដល់​សារមន្ទីរ​ជាតិ​។ ជួនកាល​មាន​ជន​ទុច្ចរិត​ដាប់​ចម្លាក់​ថ្ម​ឬ​លួច​យក​បដិមា​តាម​ប្រាសាទ​ទៅ​លក់​ឲ្យ​បរទេស​ជាដើម​។ ម្យ៉ាង​ទៀត​គេ​ដឹងថា នៅមាន​រូបចម្លាក់​បដិមា​របស់​ខ្មែរ​មាន​តាំងនៅ​សារមន្ទីរ​បរទេស​ដូចជា នៅ​ហ្គី​មេ ប្រទេស​បារាំង អាមេរិកក ថៃ​ជាដើម។​
តាមរយៈ​ចម្លាក់​បដិមា​ផ្តែរ ហោជាង​ដែល​បាក់បែក​បាត់បង់​នោះ​ហើយ​ទើប​គេ​ត្រូវ​ប្រមូល​ទៅ​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​។ មិន​ត្រឹមតែ​វត្ថុ​ធ្វើ​អំពី​ថ្ម​ទេ​គឺ​ទាំង​លង្ហិន សំ​រឹ​ទ្ធិ្ ប្រាក់ ឈើ ឥដ្ឋ ក្បឿង​សុទ្ធ​តែមាន​រក្សាទុក​ឯក​សារ​សារមន្ទីរ​ជាតិ​ព្រោះ​សម្បត្តិ​វប្បធម៌​នោះ​ហើយ​ដែលជា​ព្រលឹង​នៃ​ជាតិខ្មែរ៕