
ព្រះវិហារ ៖ ថ្នាក់ដឹកនាំអាជ្ញាធរខេត្តចាប់ផ្ដើមសម្ដែងការព្រួយបារម្ភនៅព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០១៤ចំពោះជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងសែនដែលមានប្រជាពលរដ្ឋចំនួន៦ស្រុកក្រុងរស់នៅជាប់ដងស្ទឹងដ៏វែងនេះ។ ស្ទឹងសែននៅខេត្តព្រះវិហារតភ្ជាប់គ្នាជាមួយស្ទឹងសែនខេត្តកំពង់ធំមានប្រវែងសរុបជាង២០០គីឡូម៉ែត្រឯណោះ ដែលដងស្ទឹងសែនទាំងមូលទទួលទឹកពីទន្លេសាបនៅគ្រប់រដូវវស្សា។
លោកអ៊ុំម៉ារ៉ាអភិបាលខេត្តព្រះវិហារបានថ្លែងនៅក្នុងពិធីបុណ្យរុក្ខទិវាដែលបានប្រារព្ធធ្វើនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែននាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៤ថា ថ្ងៃនេះទឹកស្ទឹងសែនចាប់ផ្តើមជន់ទ្បើងខ្លាំងគួរឲ្យព្រួយបារម្ភអំពីគ្រោះទឹកជំនន់ ដែលនឹងអាចកើតមានទ្បើងសម្រាប់ខេត្តព្រះវិហារ។ លោកអភិបាលខេត្តបានបញ្ជាក់ឲ្យដឹងថា កម្ពស់ទឹកស្ទឹងទ្បើងដល់១១.២៨ម៉ែត្រហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែនត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារបានឲ្យដឹងថាខេត្តព្រះវិហារទទួលរងសម្ពាធទាបមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នាចាប់ពីពាក់កណ្តាលខែកក្កដាដល់ដើមខែសីហា ឆ្នាំ២០១៤ធ្វើឲ្យបរិមាណទឹកភ្លៀងគិតត្រឹមខែកក្កដា ឆ្នាំ២០១៤សរុបមានចំនួន៣៤៨.៦មិល្លីម៉ែត្រ។ បរិមាណទឹកភ្លៀងធៀបឆ្នាំ២០១៣ក្នុងរយៈពេលដូចគ្នាឃើញថាឆ្នាំនេះតួលេខកើនទ្បើងខ្លាំងគឺក្នុងខែកក្កដា ឆ្នាំ២០១៣បរិមាណទឹកភ្លៀងមានត្រឹមតែ១៣៦មិល្លីម៉ែត្រប៉ុណ្ណោះ។
លោកចាបកុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានឲ្យដឹងថា គិតចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ២០១៤បរិមាណទឹកភ្លៀងសរុបទាំងអស់មានចំនួន៩៨១.៥មិល្លីម៉ែត្រ។
តាមរយៈបរិមាណទឹកភ្លៀងដ៏ច្រើននេះបានធ្វើឲ្យកំណាត់ផ្លូវជាតិថ្មីលេខ៩ដែលស្ថាបនាបានប្រមាណ៧០ភាគរយនោះបានទទួលរងការជន់លិចផ្លូវថ្នល់ត្រឹមជង្គង់ ពីជំនន់ទឹកភ្លៀងនៅតាមកន្លែងខ្លះដូចជានៅចំណុចភូមិម្លូព្រៃភូមិដងផ្លិតនិងភូមិកំពង់ស្រទ្បៅ២ស្ថិតក្នុងស្រុកឆែប។ នៅតាមចំណុចទឹកជន់លិចផ្លូវថ្នល់ទាំងនោះប្រជាពលរដ្ឋ និងមន្ដ្រីរាជការមួយចំនួនមិនអាចធ្វើដំណើរតាមម៉ូតូ និងរថយន្ដទៅមកបានទេអស់រយៈពេល៤ថ្ងៃមកហើយ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងសែនជាយក្រុងព្រះវិហារក្នុងសង្កាត់កំពង់ប្រណាកបណ្តាលឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ ប៉ុន្ដែនៅមានសភាពធូរស្រាលនៅទ្បើយទេ។ អាជ្ញាធរបានបញ្ជាក់ថាប្រជាពលរដ្ឋទាំង១០០គ្រួសារបាននាំគ្នាមករស់នៅតាមទីទួលសុវត្ថិភាពបណ្ដោះអាសន្នដើម្បីគេចចេញពីគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។
លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានឲ្យដឹងថា ផលប៉ះពាល់លិចស្រូវនិងដំណាំចម្ការសរុបមានចំនួន៥១០០ហិកតានៅតាមស្រុកជាំក្សាន្ដ ស្រុកគូលែន និងស្រុកឆែបជាប់ដងស្ទឹងសែន ប៉ុន្តែជំនន់ទឹកភ្លៀងបានស្រកចុះបណ្តើរៗគឺមិនបណ្តាលឲ្យខូចខាតដំណាំស្រូវចម្ការទាំងស្រុងនោះទេ៕