Monday, September 1, 2014

សារព័ត៌មានដើមត្នោត និងអាស៊ីសេរី គូររក្សាឱ្យបាននូវកិត្តិយស និងក្រុមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងចំពោះការផ្សាយព័ត៌ពីឋានន្តរសក្តិរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត






















ការរៀបរាប់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងទំព័រFaccbookរបស់ខ្លួន៖
សួរស្តីមិត្តទាំងអស់គ្នា។
ខ្ញុំសូមយកពេលបន្តិចដើម្បីបញ្ចេញមតិខ្លីឆ្លើយតបទៅនឹងប្រធានបទមួយដែលបានផ្សព្វផ្សាយជាច្រើនដងនៅតាមបណ្តាសារព័ត៌មានមួយចំនួនក្នុងពេលកន្លងមកទាក់ទងនឹងឋានន្តរសក្តិរបស់ខ្ញុំ។ វិទ្យុ អាស៊ីសេរី ប៉ុន្មានថ្ងៃមុនបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ២០១៣ បានផ្សាយព័ត៌មានមួយដែលថាខ្ញុំត្រូវបានតំឡើងជានាយ ឧត្តមសេនីយ៍ផ្កាយមាសបួន។ ពេលថ្មីៗនេះសារព័ត៌មានដើមត្នោតបានផ្សាយព័ត៌មានម្តងហើយម្តងទៀតទាក់ទងនឹងការពាក់សក្តិរបស់ខ្ញុំដោយអ្នកសរសេរបានខិតខំស្រាវជ្រាវរកឯកសារតែងតាំងពីក្រសួងការពារជាតិមកបង្ហាញ។
អ្វីដែលធ្វើអោយខ្ញុំសម្រេចចិត្តបញ្ចេញមតិឆ្លើយតបនៅពេលនេះគឺ ប៉ុន្មានថ្ងៃមុននេះសារព័ត៌មានដើមត្នោតបានសរសេរលិខិតទៅថ្នាក់ដឹកនាំរបស់ខ្ញុំនិងទាមទាអោយគាត់បកស្រាយពីរឿងខ្ញុំ ដែលខ្ញុំគិតថានេះជាការធ្វើជ្រុលហួសព្រំដែនរបស់អ្នកសារព័ត៌មានក្នុងករណីនេះ។
នេះជាការឆ្លើយតបរបស់ខ្ញុំ:
ជាដំបូងខ្ញុំសូមថ្លែងអំណគុណចំពោះវិទ្យុ អាស៊ីសេរី និង សារព័ត៌មានដើមត្នោតដែលបានយកចិត្តទុកដាក់តាមដានរឿងសក្តិរបស់ខ្ញុំ ហើយមានកង្វល់ខ្លាចខ្ញុំពាក់សក្តិមិនគ្រប់។ តែនេះមិនមែនជាកង្វល់ឬការផ្តោតអារម្មណ៍របស់ខ្ញុំទេ ហេតុដូច្នេះលោកមិនចាំបាច់តាមដានច្រើនលើរឿងនេះទៀតទេ។
ប៉ុន្តែបើលោកចាប់អារម្មណ៍ខ្លាំងលើរឿងការងាររបស់ខ្ញុំ លោកគួរបង្វែរអារម្មណ៍ពីថាតើថ្ងៃនេះ ហ៊ុន ម៉ាណែត មានពាក់ផ្កាយប៉ុន្មាននៅលើស្មា ទៅសួរថាតើ ហ៊ុន ម៉ាណែត បានធ្វើអ្វីខ្លះដើម្បីបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ជាមេបញ្ជាការកំលាំងពិសេសប្រឆាំងភេរវកម្ម ជាមេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ ដែលនេះជាការងារដែលខ្ញុំផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នខ្លាំង។
សូមស្រាវជ្រាវមើលថាតើហ៊ុន ម៉ាណែត បានធ្វើអ្វីខ្លះដើម្បីចូលរួមក្នុងការកសាងសមត្ថភាពកំលាំងជាតិប្រឆាំងភេរវកម្មចាប់ផ្តើមតាំងពីចំណុចសូន្យ ៦ឆ្នាំមុនដែលពេលនោះកម្ពុជាមិនទាន់មានកំលាំងជំនាញប្រឆាំងភេរវកម្ម អោយក្លាយជាកំលាំងមួយដែលបណ្តាថ្នាក់ដឹកនាំកងទ័ពបរទេសបានវាយតំលៃថាជាកំលាំងលំដាប់ទីមួយនៅក្នុងតំបន់ដោយផ្អែកលើសមត្ថភាពជំនាញប្រឆាំងភេរវកម្ម និងជាកំលាំងមួយដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយយថាហេតុផ្សេងៗដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ធ ក៍ដូចជាថ្នាក់ដឹកនាំជាតិនិងអន្តរជាតិសំខាន់ៗនាពេលកន្លងមក។
សូមស្រាវជ្រាវមើលផងដែរថាតើខ្ញុំបានបំពេញតួនាទីរបស់ខ្ញុំជានាយរងសេនាធិការចំរុះនិងមេបញ្ជាការរងកងទ័ពជើងគោកចូលរួមចំណែកអ្វីខ្លះជាមួយថ្នាក់ដឹកនាំកងទ័ព ក្នុងការដោះស្រាយបញ្ហាប្រឈម ក៍ដូចជាការរៀបចំយុទ្ធសាស្ត្រការពារជាតិសំរាប់អនាគត ជាពិសេសទាក់ទងនឹងការកសាងប្រៀបការពារជាតិ ការពង្រឹងនាយទាហានវ័យក្មេងសំរាប់ការបន្តវេនការពារជាតិនាពេលអនាគត ការលើកស្ទួយកំរឹតជីវភាពរស់នៅរបស់កងទ័ពនិងគ្រួសារទ័ព ការយកចិត្តទុកដាក់ទៅលើយោធិនចូលសោធននិវត្ត ពលី មរណ: និងការងារមួយចំនួនផ្សេងទៀត។
ហើយបើការស្រាវជ្រាវរបស់លោករកឃើញនូវចំណុចខ្វះខាតរបស់ខ្ញុំក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្ញុំ សូមមេត្តាប្រាប់ខ្ញុំផង ហើយបើលោកអាចផ្តល់ជាមតិយោបល់ទាក់ទងការកែលំអចំណុចខ្សោយទាំងនោះខ្ញុំកាន់តែអរគុណលោកច្រើន។
ខ្ញុំក៍សូមសំណូមពផងដែរចំពោះបងប្អូនអ្នកសារព័ត៌មានមួយចំនួនសូមឈប់រំខានថ្នាក់ដឹកនាំរបស់ខ្ញុំទៀតទាក់ទងរឿងសក្តិរបស់ខ្ញុំ ព្រោះគាត់មានភារកិច្ចច្រើនផ្សេងទៀតដែលត្រូវធ្វើ។
សូមអរគុណ!