Wednesday, August 13, 2014

រមណីយដ្ឋាន​ភ្នំ​រាប​ជាទី​លំហែកាយ​ដ៏​ល្អ​ទាំង​ទេសភាព​ទាំង​បរិយាកាស​

rith-14-08-14-f
ភ្នំពេញ ​៖​ ភ្នំ​រាប​ជា​រមណីយដ្ឋាន​កែច្នៃ​បែប​ធម្មជាតិ​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ជាទី​លំហែកាយ​ដ៏​ល្អ​បំផុត​ដែល​មើល​ទៅ​ទាំង​ទេសភាព ​ទាំង​បរិយាកាស​មា​ន​ស​ភាព​រស់រវើក​នៅ​ក្នុង​សង្កា​ត់​ព​ន្សាំ​ង ​ខណ្ឌ​ព្រែក​ព្នៅ ​ដែល​មាន​ចម្ងាយ​២៤​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំ​ពេញ​។​
នៅ​ភ្នំ​រាប​ឬ​ប្រាសាទ​វិហារ​សួគ៌ ​មាន​ប្រាសាទ​យ៉ាង​ស្អាត​ អាកាសធាតុ​បក់​មក​យ៉ាង​ត្រជាក់​ជា​កន្លែង​លម្ហែ​អារម្មណ៍​មួយ​ដែល​បាន​បម្រើ​ដល់​ការ​កំសាន្ត​របស់​អ្នក​ទេសចរណ៍​ជាតិ ​និង​អន្តរជាតិ​ជិត​ឆ្ងាយ​មក​ទស្សនា​កម្សាន្ដ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ហើយ​វា​បាន​ផ្តល់​ផល​ពី​វិស័យ​ទេសចរណ៍​មួយ​នេះ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នេះ​ជាច្រើន​ផង​ដែរ​។​
ចំណែកឯ​តំលៃ​ម្ហូបអាហារ​សមរម្យ ​អ្នក​លក់​មាន​ភាព​រុះ​រាយ​រាក់ទាក់​។ ​ផ្លូវ​ដែល​គេ​និយម​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​ភ្នំ​រាប​នេះ​គឺ​ទៅតាម​ផ្លូវជាតិ​លេខ​៥ ​តែ​ដល់​ចំណុច​ផ្សារ​ព្រែក​ព្នៅ​គីឡូ​ម៉ែត្រ​លេខ​១៣ ​មាន​ផ្លូវបំបែក​ចូល​ខាង​ឆ្វេង​ដៃ​ចម្ងាយ​១៣​គីឡូ​ម៉ែត្រ​តាម​ផ្លូវ​១៥១​។ ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ដែល​ប្រជាជន​សម្រុក​នាំគ្នា​ទៅលេង​រមណីយដ្ឋាន​ភ្នំ​រាប​នៅ​រៀងរាល់​ថ្ងៃអាទិត្យ ​ឬ​នៅ​ថ្ងៃ​បុណ្យទាន​ផ្សេងៗ​ ដោយ​សារ​តែ​រមណីយដ្ឋាន​នេះ​ជា​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​ផង ​ប្រវត្តិសាស្ត្រ ​និង​កែច្នៃ​ផង​។ ​ទន្ទឹម​គ្នា​នេះ​ភ្នំ​រាប​មាន​កន្លែង​អង្គុយ​លេង​ផង ​និង​មាន​អាហារ​ញ៉ាំ​ជា​ច្រើន​នៅ​ក្បែរ​ប្រាសាទ​នេះ​ផង​ដែរ​ ជា​ពិសេស​ការ​ថត​រឿងបុរាណ​ខ្មែរ​តែងតែ​មក​ថត​នៅ​ទី​នេះ ​ព្រោះ​មាន​ប្រាសាទ​វិហារ​សួគ៌ ​និង​ទេសភាព​ដែល​មាន​ព្រៃ​ប្រឹក្សា​ធម្មជាតិ​ស្រស់បំព្រង​គួរ​ឲ្យ​ទាក់ទាញ​។​
អ្នក​ស្រី ​ណន​ វ​ណ្ណី​ ដែល​មាន​តូប​លក់​ចំណី​អាហារ​នៅ​រមណីយដ្ឋាន​ភ្នំ​រាប​នេះ​បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​មក​លក់​នៅ​ទី​នេះ​ជិត​១០​ឆ្នាំ​មក​ហើយ ​ចំណូល​បាន​មក​ពី​ការ​លក់​ចំណី​អាហារ ​និង​ភេសជ្ជៈ ​ជា​រៀងរាល់​ថ្ងៃ​មិនជា​ច្រើន​ណាស់​ណា​ទេ ​តែ​វា​អាច​ឲ្យ​យើង​ធ្វើ​ការ​ជុំ​គ្នា​ជា​មួយ​គ្រួ​សារ​បាន​មិន​ឲ្យ​មាន​សមាជិកគ្រួសារ​ណា​ម្នាក់​ទៅ​ធ្វើការ​ចំណាកស្រុក​នោះ​ឡើយ​។​
អ្នកលក់​រូប​នេះ​បន្ត​ថា​ របស់របរ​ហូប​នៅ​ភ្នំ​រាប​នេះ​ជា​អាហារ​ស្រុកស្រែ​ដ៏​មាន​ឱជារស​ប្រចាំ​តំបន់​មាន​ដូច​ជា ​មាន់​ដុត ​ក្តាម​បំពង​ ក្តាមប្រៃ​ ​កំពឹស​លីង​​ ខ្យង​ស្ងោរ​ជ្រលក់​និង​ទឹកអំបិល​ក្រសាំង​ ​ជ្រក់​អង្ក្រង ​ប្រហុក​ខ្ចប់​ស្លឹក​រមៀត​ដុត ​និង​ម្ហូប​ខ្មែរ​ជាច្រើន​មុខ​ ព្រមទាំង​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត​ដែល​មាន​តម្លៃ​ល្មម​មិនជា​ថ្លៃ​នោះ​ទេ ​ដូច​គេ​ដូច​ឯង​ដែល​ភ្ញៀវ​មកលេង​ទីនេះ​អាច​ទទួល​យក​បាន​។ ​ក្រៅពី​រសជាតិ​អាហារ​ពិសេសៗ​នេះ​អ្នក​កម្សាន្ត​មិន​ភ្លេច​ភ្លក់​រសជាតិ​ផ្លែឈើ​ក្នុង​តំបន់​មាន​ដូច​ជា ​ត្នោត​​ ចេក​ ឪឡឹក​​ ស្វាយ​ថ្មីៗ​ស្រស់​ទើប​នឹង​បេះ​ពី​ដើម​ទាំង​ទុំ​ និង​ខ្ចី​។​
​​អ្នកស្រី​បន្ត​ទៀត​ថា​ ថ្ងៃ​ដែល​លក់ដាច់​ជាងគេ​មាន​ថ្ងៃ​ឈប់​សំរាក ​និង​ថ្ងៃបុណ្យ​ផ្សេងៗ​ រីឯ​ថ្ងៃ​ធម្មតា​វិញ​មាន​មួយៗ ​ជួន​ថ្ងៃ​ខ្លះ​អត់​មាន​ផង​ក៏​មាន​ដែរ​។ ​ភ្ញៀវ​ដែល​មកលេង​នៅ​ទី​នេះ​ភាគ​ច្រើន​ចូលចិត្ត​កុម្ម៉ង់​មាន់​ដុត ​ឬ​ត្រីអាំង​ញាំ ​ព្រោះ​មាន់​នៅ​ទី​នេះ​សុទ្ធ​តែ​មាន់​ស្រែ​ដែល​មាន​ឱជារស​ឆ្ងាញ់ ​ចំណែក​ត្រី​វិញ​ជា​ត្រី​ធម្មជាតិ​ពិតៗ​តែ​ម្តង​។
ក្នុង​ការ​លក់ដូរ​ប្រមាណ​ជិត​១០​ឆ្នាំ​មក​នេះ​អ្នក​ស្រី​មិនដែល​មាន​ចរិត​មិន​សមរម្យ​ដាក់​ភ្ញៀវ​ទេសចរ​នោះ​ឡើយ​ដូច​ជា​ការ​គំរាម​កំហែង​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​ជួល​តូប​អង្គុយ​មាន​ជំរើស​ទិញ​ម្ហូប​អាហារ​នា​កន្លែង​ផ្សេងៗ​មក​ញាំ​ជា​ដើម​។​
ដោយ​ឡែក​អ្នក​ស្រី ​ឌី ​សា​រៀម ​ចៅ​សង្កាត់​ព​ន្សាំ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ជា​ការ​ប្រសើរ​ណាស់​ដែល​សង្កាត់​ព​ន្សាំ​ង ​មាន​រមណីយដ្ឋាន​កែច្នៃ​បែប​ធម្មជាតិ​គួរ​ឲ្យ​ចាប់អារម្មណ៍​បែប​នេះ ​ដែល​បាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​នេះ​ជា​ច្រើន​មាន​ការ​ងារ​ធ្វើ ​ហើយ​អាច​ទទួល​ផល​ពី​វិស័យ​ទេសចរណ៍​មួយ​នេះ​ជា​រៀងរាល់​ឆ្នាំ​។ ​អ្នក​ស្រី​បន្ត​ថា​ អ្នក​ស្រី​ធ្លាប់​បាន​ចុះ​ណែនាំ​និង​ជំរុញ​កុំ​ឲ្យ​អ្នកលក់​តាម​តូប​មាន​សម្តី​មិន​សមរម្យ​ដាក់​ភ្ញៀវ​ទេសចរ​ដូច​ជា​ការ​គំរាម​កំហែង​ជា​ដើម ​ព្រោះ​យើង​មិន​លក់​ដូរ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ​បើ​យើង​មាន​សម្តី​ល្អ​រុះ​រាយ​រាក់ទាក់ ​និង​លក់​ដូរ​មិន​កោរ​ភ្ញៀវ​ទេសចរ​នោះ​គឺ​គេ​នៅតែ​មក​លេង ​ហើយ​យើង​អាច​ទទួល​ផល​ពី​វិស័យ​ទេសចរណ៍​មួយ​នេះ​ជា​រៀង​រហូត​៕
ឧ​ត្ត​រ៉ា
rith-14-08-14-ffrith-14-08-14-fff