Sunday, August 17, 2014

សង្ស័យ​មនុស្ស​ម្នាក់​ឆ្លង​អេ​បូ​ឡា​នៅ​អេ​ស្ប៉ា​ញ​កេ​ន​យ៉ា​បិទ​ព្រំដែន​មួយ​ផ្នែក

អាជ្ញាធរ​សុខាភិបាល​អេ​ស្ប៉ា​ញ រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​១៦ សីហា ថា មនុស្ស​ម្នាក់​អាច​ឆ្លង​វីរុស​អេ​បូ​ឡា​នៅ​អេ​ស្ប៉ា​ញ ក្រោយ​ការ​ស្លាប់​របស់​សាសនៈទូត​អេ​ស្ប៉ាញ​ម្នាក់ ដែល​បញ្ជូន​មក​កាន់​ទីក្រុង​ម៉ា​ឌ្រី​ដ កាលពី​ថ្ងៃ​ទី​៧ សីហា ហើយ​ដាក់​នៅ​ដាច់​ពី​គេ​ក្នុង​មន្ទីរពេទ្យ​ឯកទេស​មួយ​នៅ​ទីក្រុង ALICANTE ភាគ​ខាងលិច​ប្រទេស  មក ។
ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ​មួយ​បញ្ជាក់​ថា ការ​ត្រួតពិនិត្យ​នានា ត្រូវ​បាន​ធ្វើ​ជាមួយ​អ្នកជំងឺ​នោះ ក៏​ប៉ុន្តែ គេ​រង់ចាំ​លទ្ធផល​នា​ពេល​ខាង​មុខ អាច​នា​ថ្ងៃ​ទី​១៨ សីហា ។ មាន​ករណី​សង្ស័យ​ឯទៀត​ៗ ត្រូវ​បាន​លើក​ឡើង​តាំងពី​វីរុស​អេ​បូ​ឡា​ចាប់ផ្តើម​រាតត្បាត​មក ក៏​ប៉ុន្តែ​ពុំ​ទាន់​មាន​អ្នក​ឆ្លង​ណាមួយ​ត្រូវ​បាន​បញ្ជាក់​ក្នុង​ប្រទេស​ឡើយ ។
កាលពី​ថ្ងៃ​ទី​១៣ សីហា កន្លង​មកនេះ មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​លើកគ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដោយ​វីរុស​អេ​បូ​ឡា នា​ឱកាស​បូជាសព​សង្ឃ​កាតូលិក អេ​ស្បា​៉​ញ MIGUEL PAJARES ជា​ជន​អឺរ៉ុប​ដំបូង​គេ​ស្លាប់​ដោយ​ការ​ឆ្លង​វីរុស​នេះ ។ សង្ឃ​កាតូលិក​ព្រះ​ជន្ម​៧៥​ព្រះ​វស្សា​នេះ ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​លី​បេ​រី​យ៉ា មក​កាន់​ក្រុងម៉ា​ឌ្រី​ដ កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​ពុំ​អាច​ព្យាបាល​ជា​ដោយ​សេរ៉ូម​អា​មេ​រិ​ក ប្រើ​សាកល្បង​មួយ​ដែល​ហាក់​ផ្តល់​លទ្ធផល​វិជ្ជមាន​សម្រាប់​ការ​ព្យាបាល​ជនជាតិ​អា​មេ​រិ​ក​២​នាក់ ដែល​ឆ្លង​វីរុស​មក​ពី​អាហ្វ្រិក​ខាងលិច​ដែរ ។
ចំណែក​ប្រទេស​កេ​ន​យ៉ា កាលពី​ថ្ងៃ​ទី​១៦ សីហា ប្រកាស​ហាមឃាត់​ការ​ចូល​ក្នុង​ដែនដី​ខ្លួន គិត​ចាប់ពី​ថ្ងៃ​ទី​២០ សីហា ទៅ សម្រាប់​បណ្តា​អ្នកដំណើរ​មក​ពី​ប្រទេស​ហ្គី​ណេ លី​បេ​រី​យ៉ា និង​ស៊ី​រ៉ា​ឡេ​អូន ដែល​វីរុស​អេ​បូ​ឡា​រាតត្បាត​ខ្លាំង ។
ក្រុមហ៊ុន​អាកាស​ចរ​ជាតិ​កេ​ន​យ៉ា KENYA AIRWAYS ក៏​ប្រកាស​ផ្អាក​ការ​ហោះហើរ​ទៅ​កាន់​ប្រទេស​ទាំងនោះ​ដែរ ចាប់ពី​ថ្ងៃ​ទី ២០ សីហា ទៅ ។
វីរុស​អេ​បូ​ឡា មក​ទល់​ពេល​នេះ​សម្លាប់​មនុស្ស​១.១៤៥​នាក់​ហើយ​នៅ​អាហ្វ្រិក​ខាង  លិច ៕