ភ្នំពេញ: ព្រះសង្ឃខ្មែរកម្ពុជា ក្រោម រួមទាំងប្រជាពលរដ្ឋបានប្រមូល ផ្ដុំគ្នានៅមុខស្ថានទូតវៀតណាមប្រចាំ កម្ពុជាដើម្បីទាមទារឱ្យអ្នកនាំពាក្យស្ថាន ទូតសុំទោសជាសាធារណៈ ទាក់ទង រឿងទឹកដីកម្ពុជាក្រោម ដែលអ្នកនាំពាក្យទូតវៀតណាមបាននិយាយថា ជាទឹកដីរបស់វៀតណាមតាំងពីមុន បារាំងចូលមកម្ល៉េះ ។
ដោយសារតែការតវ៉ារយៈ ពេល២ថ្ងៃ គឺពីថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហា មិនមានមន្ដ្រីស្ថានទូតណា ម្នាក់ចេញមកជួបជាមួយក្រុមបាតុករ នោះ ក្រុមព្រះសង្ឃ និងប្រជាពលរដ្ឋ យុវជន បាននាំគ្នាផ្ទុះកំហឹង យកទង់ ជាតិប្រទេសវៀតណាមដុតចោល និង បានជាន់ឈ្លីនៅនឹងដីថែមទៀតផង និង បានស្រែកទាមទារឱ្យអ្នកនាំពាក្យ ស្ថានទូតចេញមកសុំទោសជាសាធារណៈ និងទទួលស្គាល់ប្រវត្ដិសាស្ដ្រពិតរឿង ទឹកដីកម្ពុជាក្រោម ។
ក៏ប៉ុន្ដែ បើទោះបីជាមានការដុត ទង់ជាតិប្រទេសវៀតណាម នៅក្បែរ ស្ថានទូតវៀតណាមពីសំណាក់ព្រះសង្ឃ ខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋក្ដី ក៏គេមិនឃើញមានការបង្ក្រាបពី សំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះ ទេ ។ កម្លាំងសមត្ថកិច្ចបានដាក់ពង្រាយ ការពារសន្ដិសុខជុំវិញស្ថានទូតវៀតណាម ខ្លាចមានបញ្ហាអ្វីមួយកើតឡើង ដោយយថាហេតុ ។
ក្រុមបាតុករប្រកាសថា បើសិន ជាមិនមានដំណោះស្រាយ ឬក៏មិនចេញ មកសុំទោសទេ នៅថ្ងៃទី១៣ ខែសីហា គឺនឹងមានការដុតទង់ជាតិវៀតណាម ជាច្រើនបន្ដទៀតនៅមុខស្ថានទូត វៀតណាម ។
លោកទ្រឹង វ៉ាន់ថុង អ្នកនាំពាក្យ ស្ថានទូតវៀតណាមប្រចាំកម្ពុជា មិនអាច សុំការអត្ថាធិប្បាយបានទេ ទាក់ទងការ ដុតទង់ជាតិវៀតណាម និងទាមទារឱ្យ វៀតណាមទទួលស្គាល់ការពិតនោះ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន ។
រីឯលោកកុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា ក៏មិនអាចសុំ ការអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទ មិនអាចទាក់ទងបាន ។
ចំណែកសាលារាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងរយៈពេល ពីរថ្ងៃជាប់គ្នាមកនេះ មានក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងសហព័ន្ធ សហជីព សមាគម សហភាព និង អង្គការយុវជនមួយចំនួនបានដឹកនាំធ្វើ បាតុកម្មដើរហែក្បួនដាក់ញត្ដិតាម បណ្ដាស្ថានទូតប្រទេសអាស៊ាន ទាក់ទង រឿងទឹកដីកម្ពុជាក្រោម និងតាមស្ថាប័ន រដ្ឋមួយចំនួន ដើម្បីបង្ហាញពីកង្វល់របស់ យុវជន គឺជាការបំពានច្បាប់បាតុកម្ម និង មិនបានគោរពទៅតាមការណែនាំ របស់ក្រសួងមហាផ្ទៃ ។
លោកឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញបានមានប្រសាសន៍ប្រាប់ រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ ឱ្យដឹងថា សាលារាជធានី ភ្នំពេញ បានគោលការណ៍ពីលោក ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ឱ្យប្រារឰពិធីនៅទីតាំង ទីលានប្រជាធិបតេយ្យ តែមិនឱ្យមាន ការហែក្បួន។ ប៉ុន្ដែរយៈពេលពីរថ្ងៃ នេះ យើងសង្កេតឃើញថា ក្រុមបាតុករ ផ្សេងគ្នា ប៉ុន្ដែអនុវត្ដដូចគ្នា ដោយមិន គោរពទៅតាមការណែនាំរបស់សាលា រាជធានីភ្នំពេញ ហើយបញ្ហានេះ សាលា រាជធានីភ្នំពេញបានកត់ត្រាទុក និង ប្រមូលភស្ដុតាងទុក ហើយនេះជាក្រុម សង្គមស៊ីវិលមួយដែលមិនគោរពទៅ តាមការណែនាំរបស់សាលារាជធានី ភ្នំពេញ ដែលមិនអនុញ្ញាតឱ្យមានការ ហែក្បួន ។
លោកឃួង ស្រេង បានមាន ប្រសាសន៍បញ្ជាក់ថា ក្រុមសង្គមស៊ីវិល គាត់ធ្វើនេះបំពានទៅលើការណែនាំ របស់សាលារាជធានីភ្នំពេញហើយ ទោះបីជាមានវិធានការ ឬមិនមាន វិធានការ ក៏សាលារាជធានីភ្នំពេញ បាន រៀបបចំឯកសារទុកដែរ ក្នុងករណីបើ គាត់ធ្វើខុសច្បាប់ សាលារាជធានីភ្នំពេញ អាចដាក់ពាក្យទៅតុលាការ ហើយយ៉ាង ណានោះគឺទៅតាមការដឹកនាំរបស់ឯក ឧត្ដមអភិបាលរាជធានីភ្នំពេញ។ការដឹកនាំ ហែក្បួននេះ គឺក្រុមអង្គការសង្គម ស៊ីវិលទាំងនោះ មិនគោរពច្បាប់ និងមិន ធ្វើតាមការណែនាំរបស់សាលារាជ ធានីភ្នំពេញ ហើយការមិនគោរពច្បាប់ នាំមកនូវការបាត់បង់សណ្ដាប់ធ្នាប់ សាធារណៈ ។
លោកអភិបាលរងរាជធានី ភ្នំពេញ បានសង្កត់ធ្ងន់ថា មិនអាចជន ណាម្នាក់មិនគោរពច្បាប់បានទេ បើមិន គោរពច្បាប់ គឺនឹងប្រឈមមុខនឹងផ្លូវ ច្បាប់ ហើយនៅថ្ងៃអនាគត គាត់នឹងមាន ទោសទណ្ឌ បើសិនជាគេសើរើរឿងនេះ ឡើង៕ មុនីរ័ត្ន