Sunday, August 17, 2014

សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​ច្រានចោលការយកលុយ​រថយន្តដឹកធ្ងន់ឡើង​ស្ពានជ្រោយចង្វា

រាជធានីភ្នំពេញ​ ៖ អាជ្ញាធរខណ្ឌដូនពេញ ​ពិសេសមន្រ្តី​ទទួលបន្ទុកផ្នែក​សណ្តាប់ធ្នាប់​បានធ្វើការច្រានចោល​ចំពោះការចោទថា​ សណ្តាប់ធ្នាប់​ខណ្ឌបានយកលុយ​ក្បាលឡាន​ដែលដឹកធ្ងន់ឆ្លងកាត់​ស្ពានជ្រោយចង្វាចាស់ ។
ការច្រានចោលនេះ ​បានធ្វើឡើង​បន្ទាប់ពីមានប្រព័ន្ឋផ្សព្វផ្សាយ​មួយចំនួនបានផ្សាយថា ​ខាងកម្លំាងសណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​បានទារលុយក្បាលឡាន​ដឹកធ្ងន់ក្នុង១គ្រឿង​ ១ដុល្លារ ​ជាថ្នូទៅនឹងការ​អនុញ្ញាតឲ្យ​រថយន្តដឹកធ្ងន់នោះ​ បើកឆ្លងកាត់​ស្ពាន​ជ្រោយចង្វាចាស់​ បំពានទៅនឹង​បម្រាមរបស់​សាលារាជធានី​ភ្នំពេញ ។
គួរបញ្ជាក់ដែរថា ​ស្ពានជ្រោយចង្វាចាស់​ ត្រូវបានសាលារាជធានីភ្នំពេញ​ កាលពីដើមសបា្តហ៍មុន ​បានដាក់បារ៉ាស់មិនអនុញ្ញាត​ឲ្យរថយន្តដឹកធ្ងន់ឆ្លងកាត់​ ដើម្បីធ្វើការជួសជុល ​ខណៈស្ពានមាន​ស្នាមប្រេះ​ដោយអន្លើ ៕