បន្ទាយមានជ័យ ៖ ទីតាំងបញ្ចូលហ្គាស រថយន្តចំនួនពីរ កន្លែង ក្នុងចំណោម បីកន្លែង ដែលគេដឹងថា សង់នៅចំកណ្តាល ក្រុងសិរីសោភណ័ គ្មានច្បាប់ និងគ្មាន បទដ្ឋាន បច្ចេកទេស ត្រឹមត្រូវ ហើយជ្រក ក្រោមស្លាកដេប៉ូ លក់សាំង ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យចុះបិទបញ្ឈប់អាកម្មជាបន្តបន្ទាប់។ ដោយឡែកនៅ ព្រឹកថ្ងៃទី១៤ ខែសីហានេះ មន្រ្តីសាលាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក កែវ តារារស្មី បានចុះទៅពិនិត្យទីតាំងបញ្ចូលហ្គាស មួយកន្លែង ដែលស្ថិត នៅចំណុចរង្វង់មូល ស្រីគ្រប់ លក្ខណ៍ជ្រកក្រោម ស្លាកដេប៉ូលក់សាំងសាវីម៉ិច ។
លោក ហាក់ ហុក និង លោកស្រីគឺ មុយ តំណាងឲ្យប្រជាពលរដ្ឋ ដែលរស់នៅជាប់ទីតាំង នោះបាន សំដែង ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន របស់ពួកគាត់ ។ លោកលើកបន្ថែមថា ទីតាំងនេះដែរ គឺត្រូវបានឈ្មោះ ជុំ រដ្ឋា ហៅម៉ាប់បង្កើតឡើង ស្របពេលដែលទីផ្សារ ហ្គាស កំពុង ពេញនិយមពីអ្នករត់តាក់ស៊ី និងអ្នកដែលចូលចិត្ត សន្សំសំចៃថវិកា ហើយការសាងសង់មិនបានអនុវត្តន៍ ទៅតាមបទដ្ឋានបច្ចេកទេស និងមិនមានច្បាប់ឡើយ ។ ការសាងសង់ដែល គ្មានបច្ចកទេស ត្រឹមត្រូវ វាអាចបង្កជាហានិភ័យខ្ពស់ដល់ការ រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ។ ដោយ ការព្រួយបារម្ភនេះទើបនៅថ្ងៃទី០១ សីហា ឆ្នាំ២០១៤ ប្រជាពលរដ្ឋបាននាំគ្នា ដាក់ពាក្យបណ្តឹង ទៅអភិបាល ខេត្តបន្ទាយមានជ័យ ដើម្បីសុំអន្តរាគមន៍ បិទការធ្វើអាជីវកម្មនេះ ។
លោក កែវ តារារស្មី ដែលដឹកនាំការពិនិត្យនេះ បាននិយាយថា កាលពីចុងខែកក្កដា កន្លងទៅអាជ្ញាធរខេត្ត បានបិទទីតាំងមួយរួចមក ហើយដែលបានសង់ ឡើងខុសបច្ចេកទេសនិងគ្មានច្បាប់ដូចគ្នានេះដែរហើយទីតាំងទាំងពីរជារបស់ឈ្មោះជុំ រដ្ឋា តែមួយ។
លោកបន្តថា ចំពោះការចុះពិនិត្យទីតាំងនេះដែរ លោកបាន អោយផ្អាកអាជីវកម្ម ជាបណ្តោះអាសន្នសិន ដើម្បីសុំបទបញ្ជាពីអភិបាលខេត្ត ។
ក្រោយមានចំណាត់ការរបស់អាជ្ញាធរខេត្ត ប្រជាពលរដ្ឋ មានការត្រេកអរហើយសង្ឃឹមថា កន្លែងបញ្ចូល ហ្គាសរថយន្តនេះនិងអាចបិទជាស្ថាពរ និងសង្ឃឹមថា ទីតាំងហ្គាសដទៃទៀត អាជ្ញាធរនិង ចាត់វិធានការ ដូចគ្នាដើម្បីបញ្ជៀស ហានិភ័យជាយថាហេតុ ។
សូមបញ្ជាក់ថា លោក ជុំ រដ្ឋា ដែលជាម្ចាស់ហ្គាស មានកន្លែងបញ្ចូលហ្គាសរបៀបនេះ មានរហូត ដល់ទៅបីកន្លែង ដែលពីរកន្លែងត្រូវបានធ្វើជាប់ និងផ្ទះប្រជាពលរដ្ឋ កណ្តាលក្រុងសិរីសោភណ័ តែត្រូវបានអាជ្ញាធរ បិទជាបន្តបន្ទាប់ ដោយយោងតាមបណ្តឹង ប្រជាពលរដ្ឋ ៕

