Friday, August 8, 2014

សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​គោលជំហរ​របស់​មេ​ដឹកនាំ​របស់​គណបក្ស​នយោបាយ​ទាំងពីរ​

rith-08-08-14-u
ភ្នំពេញ ៖ អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​តាមដាន​ការវិវត្តន៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ជំហរ​របស់​មេដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ​ដែល​ឈានទៅដល់​ស្វែងរក​ដំណោះស្រាយ​មួយ​ប្រកបដោយ​សន្ដិវិធី និង​ធ្វើការ​រួមគ្នា​នៅក្នុង​រដ្ឋសភា​ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រទេសជាតិ ហើយ​បាន​បញ្ជាក់ថា ប្រសិនបើ​អ្នកនយោបាយ​ប្រកាន់​ទស្សនៈ​បែបនេះ​ជា​រៀងរហូត ប្រទេស​កម្ពុជា​នឹង​ទទួលបាន​នូវ​ប្រវត្តិសាស្ដ្រ​មួយ​ដ៏​ល្អ​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​។​
លោក ចាន់ សុ​វ៉េ​ត មន្ដ្រី​ស៊ើបអង្កេត​របស់​សមាគម​ន៍​អាត់​ហុក​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា នៅពេលដែល​អ្នកនយោបាយ​មិន​ប្រកាន់យក​នៅ​ជំហរ​«​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​» គឺ​មិនបាន​សុខសន្ដិភាព​ទេ ពីព្រោះ​ពាក្យ​នេះ​គឺជា​គន្លឹះ​នៃ​ការ​គុំ​គួ​ន​គ្នា ហើយ​ការ​គុំ​គួ​ន​នេះ​ធ្វើអោយ​ប្រទេស​យើង​ធ្លាក់​ទៅក្នុង​គ្រោះមហន្ដរាយ​។ លោក​បន្ដថា កន្លងមក​ដែល​ប្រទេស​យើង​ទទួលរង​គ្រោះមហន្ដរាយ​នោះ​គឺ​ដោយសារតែ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​នឹង​ឯង​។ លោក​លើកឡើងថា «​ខ្ញុំ​មើលឃើញថា ប្រសិន​បាន​ចូល​សភា​ទាំងអស់គ្នា​បែបនេះ​គួរតែ​ជ្រើស​រើសយក​មូលដ្ឋាន​សម​ស្រប​ណាមួយ​ដែល​យើង​គិតថា ជា​រឿង​ល្អ ហើយ​ជៀសវាង​ឬ​បោះបង់ចោល​នូវ​រឿងអាស្រូវ​ពី​អតីតកាល ហើយគ​ម្បី​ធ្វើ​នូវ​រឿង​ការងារ​រួមដៃគ្នា ដូចជា​ខាង​សង្គ្រោះ​ជាតិ​ធ្វើ​អ្វីមួយ​ផ្សេង​សំរាប់​ប្រជាជន ហើយ​គណបក្ស​ប្រជាជន​ធ្វើ​អ្វីមួយ​ផ្សេង​សំរាប់​ប្រជាជន ឬ​កំហុសឆ្គង​ផ្សេងទៀត​ដែល​កើត​ពី​អតីតកាល​ដែលមាន​ផលប៉ះពាល់​គួរតែ​កែសម្រួល​វា​ដើម្បីអោយ​ប្រជាជន​ធ្វើការ​គាំទ្រ​កាន់តែ​ច្រើនឡើង ហើយ​ប្រសិនបើ​អ្នក​ទាំងពីរ​ប្រកាន់​នូវ​ជំហរ​គុំ​គួ​ន​នេះ​ដោយ​មិន​បំភ្លេច​នូវ​អតីតកាល ឬ​ជូរចត់​ចោល​នោះទេ​ធ្វើអោយ​ស្ថានភាព​នេះ​នៅតែមាន​ភាពវឹកវរ​ដ​ដែល​»​។​
លោក ចាន់ សុ​វ៉េ​ត បានលើកឡើង​ដែរ​ថា អ្នកនយោបាយ​គួរតែ​ជា​អ្នកនយោបាយ​ដែលមាន​គំនិត​អភិវឌ្ឍន៍ សូម​កុំអោយ​អ្នកនយោបាយ​ធ្វើឡើង​ដើម្បី​បំផ្លាញ ដើម្បី​កម្ទេច​ដូច​អ្នកនយោបាយ​កាលពី​សម័យ​ប៉ុល ពត គឺ​យើង​មិន​ចង់អោយ​អ្នកនយោបាយ​ដើរតួ​បែបនេះ​តទៅទៀត​ទេ ពីព្រោះ​ថ្មីៗ​នេះ​អតីត​មេដឹកនាំ​បក្សនយោបាយ​នា​សម័យ​នោះ​បានទទួល​ការកាត់ទោស​អោយ​ជាប់គុក​អស់​មួយជីវិត​ដូច្នេះ​អ្នកនយោបាយ​បច្ចុប្បន្ន​គួរតែ​យក​បញ្ហា​នេះ​មក​ធ្វើការ​សិក្សា ឬ​ធ្វើជា​មេរៀន​ដើម្បី​ធ្វើយ៉ាងណា​អោយ​កូនចៅ​ជំនាន់​ក្រោយ​ឈានទៅដល់​អា​រិ​យ្យ​ប្រទេស​និង​គេ ពីព្រោះ​សព្វថ្ងៃនេះ​យើង​មានការ​ខ្មាស​គេ​ផងដែរ ដោយសារ​តែមាន​ពលក​រ​ចាក​ចេញទៅ​ក្រៅប្រទេស​ច្រើន ខណៈដែល​ប្រទេស​របស់​យើង​មាន​ធនធានធម្មជាតិ​ដូច​ប្រទេស​គេ​ដែរនោះ​។​
ចំណែក​លោក ព្រាប កុល នាយក​អង្គការ​តម្លាភាព​កម្ពុជា​ដែលជា​អង្គការ​ធ្វើការ​ផ្នែក​អំពើពុករលួយ​នៅក្នុង​សង្គម​បាន​មានប្រសាសន៍​ដែរ​ថា នេះ​គឺជា​ពេលវេលា​ដែល​យើង​អបអរសាទរ​មួយ​ខណៈពេលដែល​អ្នកនយោបាយ​កំពូល និង​តួអង្គ​នយោបាយ​សំខាន់ៗ​បានចាប់ផ្ដើម​និយាយរ​ក​គ្នា ចាប់ផ្ដើម​អង្គុយ​ជជែក​គ្នា​ដើម្បី​ធ្វើការ​បំរើប្រជាជន បំរើ​ប្រទេសជាតិ ហើយ​ក្នុងនោះ​ថែមទាំង​មាន​ឆន្ទៈ​បង្កើតអោយមាន​ការកែទម្រង់​រដ្ឋធម្មនុញ្ញ ឬ​ស្ថាប័ន​ជាតិ​សំខាន់ៗ​ដើម្បី​ឈានទៅ​បញ្ចប់ទំនាស់​នយោបាយ​នាពេល​បច្ចុប្បន្ន ហើយ​រៀបចំ​អន្តរកាល​ដឹកនាំ​ត​ទៅមុខទៀត ដើម្បី​បញ្ចៀស​នូវ​របប​នយោបាយ​ដែល​តែងតែ​លើកឡើងថា «​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​»​។ ពីព្រោះ​ពាក្យ​នេះ​ចង់​និយាយថា នៅពេលដែល​មានការ​ផ្លាស់​ប្ដូរ​ការដឹកនាំ គឺ​ការផ្ទេរអំណាច​ដោយ​សន្ដិ​វិធី តាម​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​បែប​លទ្ធិប្រជាធិបតេយ្យ ហើយ​ប្រសិនបើ​យើង​អាច​ធ្វើបាន​បែបនេះ​មែន​គឺជា​ការ​បំបែក​ឯក​ត្ត​កម្ម​ប្រវត្តិសាស្ដ្រ​។ ដោយសារតែ​ប្រទេស​កម្ពុជា​យើង ជាច្រើនលើក​ច្រើនសារ​រួចមកហើយ​នៅពេល​មានការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​មិនដែល​ធ្វើ​ដោយ​សន្ដិភាព ឬ​សន្ដិវិធី​នោះទេ គឺ​អោយ​តែមាន​ដូរ​របប​ពីមួយ​ទៅមួយ​គឺ​ច្រើនតែ​បង្ហូរឈាម ដូចជា​ការកាប់សម្លាប់​បង្ហូរឈាម​ជាដើម ហើយ​ប្រសិនបើ​អ្នកនយោបាយ​នៅពេលនេះ​អាចធ្វើ​ការផ្លាស់ប្ដូរ​ដោយ​សន្ដិវិធី​បាន​គឺជា​ប្រវត្តិសាស្ដ្រ​មួយ​នៃ​សង្គម​ខ្មែរ​៕​