

ភ្នំពេញ ៖ ភ្នំរាបជារមណីយដ្ឋានកែច្នៃបែបធម្មជាតិគួរឲ្យចាប់អារម្មណ៍ និងជាទីលំហែកាយដ៏ល្អបំផុតដែលមើលទៅទាំងទេសភាព ទាំងបរិយាកាសមានសភាពរស់រវើកនៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលមានចម្ងាយ២៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
នៅភ្នំរាបឬប្រាសាទវិហារសួគ៌ មានប្រាសាទយ៉ាងស្អាត អាកាសធាតុបក់មកយ៉ាងត្រជាក់ជាកន្លែងលម្ហែអារម្មណ៍មួយដែលបានបម្រើដល់ការកំសាន្តរបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិជិតឆ្ងាយមកទស្សនាកម្សាន្ដជាច្រើនឆ្នាំមកហើយ ហើយវាបានផ្តល់ផលពីវិស័យទេសចរណ៍មួយនេះដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះជាច្រើនផងដែរ។
ចំណែកឯតំលៃម្ហូបអាហារសមរម្យ អ្នកលក់មានភាពរុះរាយរាក់ទាក់។ ផ្លូវដែលគេនិយមធ្វើដំណើរទៅកាន់រមណីយដ្ឋានភ្នំរាបនេះគឺទៅតាមផ្លូវជាតិលេខ៥ តែដល់ចំណុចផ្សារព្រែកព្នៅគីឡូម៉ែត្រលេខ១៣ មានផ្លូវបំបែកចូលខាងឆ្វេងដៃចម្ងាយ១៣គីឡូម៉ែត្រតាមផ្លូវ១៥១។ មិនមែនជារឿងចៃដន្យនោះទេដែលប្រជាជនសម្រុកនាំគ្នាទៅលេងរមណីយដ្ឋានភ្នំរាបនៅរៀងរាល់ថ្ងៃអាទិត្យ ឬនៅថ្ងៃបុណ្យទានផ្សេងៗ ដោយសារតែរមណីយដ្ឋាននេះជាតំបន់កម្សាន្តបែបធម្មជាតិផង ប្រវត្តិសាស្ត្រ និងកែច្នៃផង។ ទន្ទឹមគ្នានេះភ្នំរាបមានកន្លែងអង្គុយលេងផង និងមានអាហារញ៉ាំជាច្រើននៅក្បែរប្រាសាទនេះផងដែរ ជាពិសេសការថតរឿងបុរាណខ្មែរតែងតែមកថតនៅទីនេះ ព្រោះមានប្រាសាទវិហារសួគ៌ និងទេសភាពដែលមានព្រៃប្រឹក្សាធម្មជាតិស្រស់បំព្រងគួរឲ្យទាក់ទាញ។
អ្នកស្រី ណន វណ្ណី ដែលមានតូបលក់ចំណីអាហារនៅរមណីយដ្ឋានភ្នំរាបនេះបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា អ្នកស្រីមកលក់នៅទីនេះជិត១០ឆ្នាំមកហើយ ចំណូលបានមកពីការលក់ចំណីអាហារ និងភេសជ្ជៈ ជារៀងរាល់ថ្ងៃមិនជាច្រើនណាស់ណាទេ តែវាអាចឲ្យយើងធ្វើការជុំគ្នាជាមួយគ្រួសារបានមិនឲ្យមានសមាជិកគ្រួសារណាម្នាក់ទៅធ្វើការចំណាកស្រុកនោះឡើយ។
អ្នកលក់រូបនេះបន្តថា របស់របរហូបនៅភ្នំរាបនេះជាអាហារស្រុកស្រែដ៏មានឱជារសប្រចាំតំបន់មានដូចជា មាន់ដុត ក្តាមបំពង ក្តាមប្រៃ កំពឹសលីង ខ្យងស្ងោរជ្រលក់និងទឹកអំបិលក្រសាំង ជ្រក់អង្ក្រង ប្រហុកខ្ចប់ស្លឹករមៀតដុត និងម្ហូបខ្មែរជាច្រើនមុខ ព្រមទាំងភេសជ្ជៈជាច្រើនមុខទៀតដែលមានតម្លៃល្មមមិនជាថ្លៃនោះទេ ដូចគេដូចឯងដែលភ្ញៀវមកលេងទីនេះអាចទទួលយកបាន។ ក្រៅពីរសជាតិអាហារពិសេសៗនេះអ្នកកម្សាន្តមិនភ្លេចភ្លក់រសជាតិផ្លែឈើក្នុងតំបន់មានដូចជា ត្នោត ចេក ឪឡឹក ស្វាយថ្មីៗស្រស់ទើបនឹងបេះពីដើមទាំងទុំ និងខ្ចី។
អ្នកស្រីបន្តទៀតថា ថ្ងៃដែលលក់ដាច់ជាងគេមានថ្ងៃឈប់សំរាក និងថ្ងៃបុណ្យផ្សេងៗ រីឯថ្ងៃធម្មតាវិញមានមួយៗ ជួនថ្ងៃខ្លះអត់មានផងក៏មានដែរ។ ភ្ញៀវដែលមកលេងនៅទីនេះភាគច្រើនចូលចិត្តកុម្ម៉ង់មាន់ដុត ឬត្រីអាំងញាំ ព្រោះមាន់នៅទីនេះសុទ្ធតែមាន់ស្រែដែលមានឱជារសឆ្ងាញ់ ចំណែកត្រីវិញជាត្រីធម្មជាតិពិតៗតែម្តង។
ក្នុងការលក់ដូរប្រមាណជិត១០ឆ្នាំមកនេះអ្នកស្រីមិនដែលមានចរិតមិនសមរម្យដាក់ភ្ញៀវទេសចរនោះឡើយដូចជាការគំរាមកំហែងមិនឲ្យភ្ញៀវទេសចរដែលមកជួលតូបអង្គុយមានជំរើសទិញម្ហូបអាហារនាកន្លែងផ្សេងៗមកញាំជាដើម។
ដោយឡែកអ្នកស្រី ឌី សារៀម ចៅសង្កាត់ពន្សាំបាននិយាយឲ្យដឹងថា ជាការប្រសើរណាស់ដែលសង្កាត់ពន្សាំង មានរមណីយដ្ឋានកែច្នៃបែបធម្មជាតិគួរឲ្យចាប់អារម្មណ៍បែបនេះ ដែលបានផ្តល់ឲ្យប្រជាពលរដ្ឋក្នុងសង្កាត់នេះជាច្រើនមានការងារធ្វើ ហើយអាចទទួលផលពីវិស័យទេសចរណ៍មួយនេះជារៀងរាល់ឆ្នាំ។ អ្នកស្រីបន្តថា អ្នកស្រីធ្លាប់បានចុះណែនាំនិងជំរុញកុំឲ្យអ្នកលក់តាមតូបមានសម្តីមិនសមរម្យដាក់ភ្ញៀវទេសចរដូចជាការគំរាមកំហែងជាដើម ព្រោះយើងមិនលក់ដូរតែមួយថ្ងៃប៉ុណ្ណោះទេ បើយើងមានសម្តីល្អរុះរាយរាក់ទាក់ និងលក់ដូរមិនកោរភ្ញៀវទេសចរនោះគឺគេនៅតែមកលេង ហើយយើងអាចទទួលផលពីវិស័យទេសចរណ៍មួយនេះជារៀងរហូត៕
ឧត្តរ៉ា

