Monday, August 11, 2014

ករណី​អ្នក​ឆ្លង​វីរុស​អ៊ី​បូ​ឡា ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា

M11-08-14-y-full
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នីហ្សេរីយ៉ា​ ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ច័ន្ទ​មុន​នេះ​ ទីក្រុង​ឡា​ហ្គោ​ស របស់​ប្រទេស​នីហ្សេរីយ៉ា​ ​បាន​ប្រកាស​ការ​ឆ្លង​វីរុស​អ៊ី​បូ​ឡា​១០​ករណី ដែល​កាលពីមុន​មាន​ត្រឹមតែ​៧​ករណី​ប៉ុណ្ណោះ បើ​ទោះជា​មក​ទល់​នឹង​ពេលនេះ អ្នក​ស្លាប់​មាន​ត្រឹម​២​នាក់​ក៏ដោយ។
លោក​អូន​យេ​ប៊ូ​ឈី ឈូក​វ៉ា គឺជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នីហ្សេរីយ៉ា​ បាន​និយាយ​ប្រាប់​សន្និសីទកាសែត​ថា អ្នក​ឆ្លង​វីរុស​នេះ គឺជា​មនុស្ស​ទាំង​អស់​ ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនរងគ្រោះ​ចុងក្រោយ​ឈ្មោះ ភែ​ត​ទ្រី​ក ស​.​យើ ដែល​បាន​ដួល​សន្លប់ អំឡុង​ពេល​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ឡា​ហ្គោ​ស កាលពី​ថ្ងៃ​ទី​២៥ ខែ​​កក្កដា កន្លងទៅ ហើយ​ក្រោយមក​លោក​ក៏បាន​ស្លាប់។ រីឯ​អ្នក​គ្រូពេទ្យ​ម្នាក់​ដែល​បាន​ព្យាបាល​លោក មិនបាន​ដឹង​មុន​ពី​រោគសញ្ញា​នៃ​វីរុស ហើយ​និង​មិន​បាន​ពាក់​ឧបករណ៍​ការពារ​នោះ បាន​ស្លាប់​ផង​ដែរ។
លោក​ឈូក​វ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ចំណោម​មនុស្ស​១៧៧​នាក់ ដែល​សង្ស័យ​ឆ្លង​ថា​វីរុស​អេ​បូ​ឡា បាន​ស្ថិត​នៅក្រោម​ការសង្កេត​យ៉ាង​ដិតដល់​បំផុត​ពី​គ្រូពេទ្យ និង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ។
គួរ​ឲ្យ​ដឹង​ថា ការ​រីក​រាល​ឆ្លង​នៃ​វីរុស​អេ​បូ​ឡា នៅ​អាហ្វ្រិក​ខាងលិច ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ហើយ​អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​អាសន្ន​ពី​ការ​រីក​ដាល​ឆ្លង​ថ្នាក់​អន្តរជាតិ​របស់​វីរុស​ដ៏​កាច​សាហាវ​នេះ៕