Friday, August 8, 2014

ព្រះសង្ឃ និងសប្បុរសជន តាមបណ្តាញសង្គមហ្វេសប៊ុក នាំអំណោយជូនពលរដ្ឋ ជួបគ្រោះទឹកជំនន់(ការប្រើFacebook ដែលមានប្រយោជន៍)

ក្រចេះ៖ ទឹកចិត្ត នៃការចេះជួយយកអាសា ជួយទុកធុរៈ គ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ ឬហៅដោយសាមញ្ញថា សង្គហធម៌នោះ គឺជាវប្បធម៌មួយ ដែលបានចាក់គ្រឹះក្នុងសណ្តានចិត្តពលរដ្ឋខ្មែរ តាំងពីសម័យកាលដ៏យូរលង់មក ការចេះជួយយកអាសារគ្នានេះ វាបាន បង្ហាញយ៉ាងច្បាស់ថា ជាតិសាសន៍ខ្មែរនៅក្នុងតំបន់អាស៊ីមួយនេះ ជាជាតិ សាសន៍ថ្លៃថ្នូរ ចេះរួបរួមសាមគ្គី ដ៏រឹងមាំ នាំឲ្យមានភាពរុងរឿងនាសម័យអាណាចក្រអង្គរ។ តែភាពរុងរឿងទាំង នេះ ត្រូវរលាយបាត់បន្តិចម្តងៗ ក្នុងយុគ សម័យក្រោយៗរៀងមក ព្រោះតែការបែកបាក់សាមគ្គី និង ការមិនចេះ ជួយយកអាសាគ្នា។
វប្បធម៌នៃការចេះជួយយកអាសា ជួយទុក្ខធុរៈគ្នានេះ ត្រូវបានគេមើលឃើញថា បានថមថយខ្លាំងថែមទៀត គ្រា ប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពមិនរីកចម្រើន ជាពិសេសនៅអំឡុងពេលប្រទេសងើបចេញពីសង្រ្គាមនាប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះ ប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងជីវភាពទីទ័លក្រ គ្រួសារនីមួយៗ គិតតែពីការបំពេញ ភាពស្រេកឃ្លៀន និងការចង់មានចង់បាន នៅក្នុងគ្រួសារខ្លួន ពួកគេមិនមានពេលវេលាគិតគូរដល់ការខ្វះខាត របស់ជនដទៃរស់នៅក្នុងសង្គមជាមួយគ្នាឡើយ។ អ្នកខ្លះមិនត្រឹមតែមិនបានគិតដល់សុខទុក្ខអ្នកដទៃនោះទេ ពួក គេថែមទាំង ជិះជាន់កេងប្រវ័ញ្ច បំពានធម៌សច្ចៈលើអ្នកដទៃទៀត ធ្វើយ៉ាងណាឲ្យសម្រេចនូវភាពមានបានសម្បូរ ហូរហៀរបស់ខ្លួន ។
ព្រះតេជគុណ ធឹង ច័ន្ទត្រា ព្រះចៅអធិការវត្តប៉ាឆា ព្រះអង្គត្រូវបានគេមើលឃើញថា ក្រៅពីការប្រណិប័តន៍ធម៌ បម្រើដល់វិស័យព្រះពុទ្ធសាសនាហើយនោះ នៅបានដើរតួនាទីសំខាន់មួយទៀត នៅក្នុងសង្គម តាមរយៈសកម្ម ភាពមនុស្សធម៌ ស្វែងរកជំនួយពីសប្បុរសជន ដែលមានលទ្ធភាព ជួយដល់ពលរដ្ឋទីទ័លក្រ និងជនដែលខ្វះលទ្ធ ភាពប្រកបរបរចិញ្ចឹមជីវិតរស់នៅតាមទីជនបទឆ្ងាយៗ។
ព្រះតេជគុណ ទ្រង់សម្តែងការយល់ឃើញរបស់ព្រះអង្គថា ការដែលប្រជាពលរដ្ឋគិតតែពីការមានបានរៀងៗខ្លួន ធ្វើឲ្យចិត្តលោភលន់ គ្រប់ដណ្តប់បិទបាំងអស់នូវសច្ចធម៌ ធម៌សប្បុរស ឬធម៌ក្នុងការចែករំលែក។ ព្រោះភាពចង់ មាន ចង់បាន ពួកគេបាត់សណ្តានចិត្តសណ្តោសប្រណៃ យោគយល់អធ្យាស្រ័យ ការចេះជួយទុក្ខធុរៈគ្នា ដែល ប្រការនេះ វាអាចជាបច្ច័យនាំដល់ការបែកបាក់ ខ្វះការរួបរួមសាមគ្គីគ្នារវាងខ្មែរ និង ខ្មែរ ប្រសិនបើនៅតែបន្ត។
តែបើតាមព្រះតេជគុណ ធឹង ច័ន្ទត្រា បានមានសង្ឃដីកាតាមការគត់សម្គាល់របស់ព្រះអង្គថា ទម្លាប់ និងវប្បធម៌ នៃការចេះជួយគ្នា ក៏កំពុងមានការប្រែប្រួលផងដែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ «សម្រាប់សង្គមកម្ពុជាយើង នា ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋហាក់កំពុងប្រែនូវទស្សនៈ និងកាយវិការរបស់ខ្លួនច្រើន ទាំងយុវជនជំនាន់ចាស់ និង យុវជនជំនាន់ថ្មី ពោលខុសគ្នាឆ្ងាយពីកាលពីប៉ុន្មានឆ្នាំមុន។ ខុសនោះត្រង់ថា ពលរដ្ឋខ្មែរបែមក ចាប់អារម្មណ៍ ការ ចេះជួយយកអាសារគ្នាទៅវិញទៅមក តាមរយៈការផ្តល់នូវជំនួយ សប្បុរសនានា ដល់ជនទីទ័លក្រ ជួយដោយទឹក ចិត្តជ្រះថ្លា មិនមែនធ្វើទាន ដើម្បីសម្លឹងរកប្រយោជន៍តបស្នងនោះឡើយ រីឯយុវជន បានប្រែមកចាប់អារម្មណ៍ ការងារមនុស្សធម៌ ក៏កាន់តែច្រើនតាមរយៈការបំពេញការងារស្ម័គ្រចិត្តនៅតាមសហគមន៍នានា ដែលជាប្រថ្នូល សកម្មភាពដ៏ល្អ និងចាំបាច់សម្រាប់សង្គម ដែលត្រូវការរួបរួម»។
មិនខុសពីការអះអាងរបស់ព្រះតេជគុណ ព្រះចៅអធិការវត្តប៉ាឆានោះឡើយ ទិដ្ឋភាពជាក់ស្តែង ដែលបានសង្កេត ឃើញនៅតាមទំព័រព័ត៌មាននានា ជាពិសេសទំព័របណ្តាញសង្គមហ្វេសប៊ុក សកម្មភាពមនុស្សធម៌ត្រូវបានគេមើល ឃើញថា ត្រូវបានបំផុសឡើងយ៉ាងផុលផុសទាំងចលនាព្រះសង្ឃ យុវជន និង ចលនារបស់ពលរដ្ឋកម្ពុជាមកពី កន្លែងផ្សេងៗគ្នា។ តាមរយៈចលនាមនុស្សធម៌ទាំងនោះ អំណោយជាសម្ភារៈប្រើប្រាស់ ថវិកា ឬគ្រឿងឧបភោគ បរិភោគ ជាច្រើន ត្រូវបានពួកគេយកទៅជួយដល់ជនទីទ័លក្រ ចាស់ជរា ជនជួបគ្រោះមហន្តរាយ និងអ្នករងនូវ គ្រោះថ្នាក់ ផ្សេងៗទៀត ហើយចលនាមិនត្រឹមតែពលរដ្ឋខ្មែរក្នុងស្រុកនោះទេ ដែលចូលរួម ប្រជាពលរដ្ឋខ្មែរនៅ ក្រៅស្រុក ក៏បានចូលរួមទឹកចិត្តជ្រះថ្លា និង រីករាយផងដែរ។
នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ព្រះតេជគុណ ធឹង ច័ន្ទត្រា ដែលជាម្ចាស់ទំព័រហ្វេសប៊ុក « ព្រះសង្ឃ និង ការងារសង្គម» លោក ផែង វណ្ណៈ រួមនិងសម្បុរសជនជាអ្នកនិយមចូលចិត្តប្រើបណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាក់ផ្សេងទៀត បានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយ ដើម្បីយកអំណោយកើតចេញពីការរ៉ៃអង្គាស ប្រកបដោយសទ្ធា ជ្រះថ្លាមកពីច្រើនប្រភពទៅចែកជូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ កំពុងរងនូវការលំបាកក្នុងជីវភាពប្រមាណ ៣០គ្រួសារ រស់នៅភូមិពោធិ៍ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលភូមិដ្ឋានរបស់ពួកគេត្រូវ ហ៊ុំព័ទ្ធដោយ ទឹកជំនន់។
បន្ទាប់ពីធ្វើដំណើរតាមរថយន្តជាង៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្ពោះទៅទឹកដីខេត្តក្រចេះ និង ធ្វើដំណើរ តាមទូកកាណូត១ម៉ោងថែមទៀត អង្ករប្រមាណ ២០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ ១យួរ ថវិកា ៧ម៉ឺន រៀល សារ៉ុង១ និង ត្រសក់ចាវ ១គីឡូក្រាម ត្រូវបានយកប្រគល់ដល់ដៃប្រជាពលរដ្ឋកំពុងដង្ហោយរកការសង្រ្គោះ ក្រោមទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា ទាំងអ្នកផ្តល់ និងអ្នកទទួលអំណោយ។
ក្រុមការងារសប្បុរសធម៌ផុសចេញពីស្មារតី និងឆន្ទៈ នៃការចេះជួយគ្នាក្នុងគ្រាលំបាកនេះ ក៏បាននាំយកថវិកា ៩៣ម៉ឺនរៀល ប្រគេនព្រះសង្ឃ ដើម្បីកសាងសមិទ្ធផលក្នុងវត្តពោធិ៍ ព្រមទាំងប្រគេនព្រះចៅអធិការ ១០ម៉ឺន ព្រះ សង្ឃ ៣អង្គ ១អង្គ ៥ម៉ឺនរៀល យាយៗបម្រើក្នុងវត្ត ៦នាក់ ម្នាក់២ម៉ឺនរៀល និងតាអាចារ្យ ១នាក់ ៥ម៉ឺនរៀល។
បន្ទាប់ពីចែកអំណោយ និងសំណេះសំណាល ក្រុមការងារបានរួមគ្នា ធ្វើដំណើរតាមទូកឆ្លងកាត់លើផ្ទៃទឹកជំនន់ ដ៏ល្វឹងល្វើយត្រឡប់ចូលក្រុងក្រចេះ ហើយអ្នកខ្លះទៀត ត្រូវបន្តដំណើរតាមរថយន្តមកកាន់លំនៅដ្ឋានក្នុងរាជធានី ភ្នំពេញទាំងទឹកចិត្តសប្បាយរីករាយ ទោះបីកម្លាំងកាយរបស់ពួកគេត្រូវបាត់បង់ថាមពលអស់ជាច្រើនក៏ដោយ។
លោក ផែង វណ្ណៈ បានថ្លែងថា សកម្មភាពមនុស្សធម៌នេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបចំពោះការលំបាករបស់ ប្រជាពលរដ្ឋខ្មែរ នៅតាមទីជនបទ។ លោក ក៏បានហៅសកម្មភាពមនុស្សរបស់លោកថា ជាការចូលរួម និងពួតដៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រជាជន និងសង្គមកម្ពុជា ឆ្ពោះទៅរកការរស់នៅក្នុងភាពសុខដុមនីយកម្មទាំង អស់គ្នា។
លោកបន្តថា សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌នេះ មិនមានជាប់ពាក់ព័ន្ធដល់នយោបាយអ្វីនោះទេ ទោះបី រូបលោកជាមន្រ្តីនគរបាលកំពុងបម្រើការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដោយនោះ។ លោកបញ្ជាក់ ថា ទិសដៅនៃសកម្មភាព គឺដើម្បីជួយសម្រាលការលំបាកប្រជាពលរដ្ឋក្រីក្រនៅតាមទីជនបទដាច់ស្រយាល អត់ មានប្រកាន់បក្ខពួក ឬនិន្នាការនយោបាយអ្វីនោះឡើយ។
ព្រះតេជគុណ ធឹង ច័ន្ទត្រា បានមានសង្ឃដីកាថា ប្រជាពលរដ្ឋ ដែលនាំអំណោយទៅចែកជូនសុទ្ធសឹងជាពលរដ្ឋ ជួបទុក្ខលំបាកក្នុងជីវភាពខ្លាំង ដោយអ្នកខ្លះខ្វះខាតមិនមានលទ្ធភាពសម្រាប់ប្រកបរបរចិញ្ចឹមជីវិត អ្នកខ្លះទៀត ជាជនចាស់ជរា ហើយខ្លះទៀត ត្រូវរងគ្រោះដោយទឹកជំនន់ជន់លិចផលដំណាំ។
ព្រះចៅអធិការវត្តប៉ាឆា ធឹង ច័ន្ទត្រា បានគួសបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែបានជួយដល់ពល រដ្ឋក្រីក្រទេ តែបានជួយផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាពុទ្ធបរិស័ទ ជាមួយនិងព្រះសង្ឃ ហើយក៏ បានបង្ហាញពីតួនាទីដ៏សំខាន់ របស់ព្រះសង្ឃក្នុងកិច្ចការសង្គម ដែលមានតាំងពីបុព្វកាលមកនោះ។
ព្រះអង្គបានមានសង្ឃដីកាបន្តថា «យើងជាព្រះសង្ឃអាចរស់នៅបានសេចក្តីសុខ បានចង្ហាន់គ្រប់គ្រាន់ ទ្រទ្រង់ ដល់កិច្ចវត្តក្នុងវិស័យព្រះពុទ្ធសាសនា ក៏អាស្រ័យដោយប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ដូច្នេះពេលឃើញប្រជាពុទ្ធបរិ ស័ទមានទុក្ខ យើងជាព្រះសង្ឃមិនអាចនៅស្ងៀមនោះទេ យើងត្រូវស្វែងការជួយតាមលទ្ធភាព។ ជាពិសេសធ្វើឲ្យ គម្លាតរវាងព្រះសង្ឃ និងពុទ្ធបរិស័ទមិននៅឆ្ងាយពីគ្នា និងបង្ហាញពីតួនាទី ដ៏សំខាន់របស់ព្រះសង្ឃក្នុងការជួយ ដល់កិច្ចការមនុស្សធម៌ផងដែរ»។
បើតាមព្រះតេជគុណ ធឹង ច័ន្ទត្រា តាមរយៈសកម្មភាពរ៉ៃអង្គាសថវិកាសប្បុរសធម៌ជាច្រើន លើកច្រើនសារ ដើម្បី ជួយដល់ជនទីទ័លក្រនោះ ព្រះអង្គសង្កេតឃើញថា ប្រជាពលរដ្ឋជាម្ចាស់សម្បុរសធម៌តែង មានទឹកចិត្តសទ្ធាជ្រះ ថ្លា ក្នុងការធ្វើទាន ដោយអ្នកខ្លះបានហៅការធ្វើទានរបស់ខ្លួន ដើម្បីឧទ្ធិសដល់បុព្វការីជន របស់ពួកគេ និងខ្លះ ទៀត គិតថា ការធ្វើទាននឹងនាំមកនូវសេចក្តីសុខនៅក្នុងក្រុមគ្រួសារ ហើយអាចជួយការរស់នៅប្រកបរបរចិញ្ចឹម ជីវិតកាន់តែរីកចម្រើន។
ព្រះតេជគុណ ធឹង ច័ន្ទត្រា បានពន្យល់ថា ការធ្វើទានប្រកបដោយសទ្ធាជ្រះថ្លានេះ តាមន័យព្រះពុទ្ធសាសនា គឺ ជាការសាងនូវបុណ្យកុសលមួយដ៏ធំធេងសម្រាប់ជីវិត និងការរស់នៅក្នុងបច្ចុប្បន្នកាល អនាគតកាល ក៏ដូចជាទៅ ជាតិខាងមុខទៀត។ មិនតែប៉ុណ្ណោះបុណ្យកុសលទាំងឡាយ កើតចេញពីការឲ្យទានប្រកបទឹកចិត្តសទ្ធាជ្រះថ្លា និងបរិសុទ្ធ នឹងជួយឧទ្ទិសបុណ្យកុសលដល់បុព្វការីជន ដែលបានរំលាយក្ខន្ធទៅកាន់បរិលោកហើយនោះ។  
ដោយឡែកសម្រាប់តថភាពសង្គមជាក់ស្តែង ឬនៅក្នុងវិស័យអាណាចក្រវិញ គឺជាការបង្ហាញឲ្យឃើញពីទឹកចិត្ត ចេះស្រឡាញ់គ្នា ចេះជួយយកអាសាគ្នារវាងពលរដ្ឋមានឈាមជ័រជាខ្មែរដូចគ្នា ដោយមិនមានការប្រកាន់រើស អើងវណ្ណៈ ឬបែងចែករវាងអ្នកមាន និងអ្នកក្រជាដើម។ ការចេះជួយគ្នាក្នុងគ្រាក្រលំបាកនេះ នឹងបណ្តុះនូវវប្បធម៌ នៃការស្រឡាញ់គ្នាកាន់តែខ្លាំងនៅក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែរ បើកាលណាការស្រឡាញ់គ្នាក្នុងស្រទាប់ពលរដ្ឋ ខ្មែរមានអានុភាពកាន់តែខ្លាំង វានឹងធ្វើឲ្យការរួបរួមសាមគ្គីរបស់ពលរដ្ឋខ្មែរនៅក្នុងសង្គម ក៏រឹតតែខ្លាំងផងដែរ។
ព្រះតេជគុណ ធឹង ច័ន្ទត្រា បានសង្ឃដីកាជារួមថា «និយាយជារួមទៅសកម្មភាព នៃសម្បុរសធម៌នេះ វាមានសារៈ សំខាន់ខ្លាំង ក្រៅពីជួយដោះស្រាយនូវទុក្ខលំបាករបស់ពលរដ្ឋក្រីក្រហើយ វាជួយឲ្យការបណ្តុះនូវវប្បធម៌ នៃការ ជួយគ្នារវាងពលរដ្ឋខ្មែរ ពីវណ្ណៈអ្នកមាន ជាមួយពលរដ្ឋមានវណ្ណៈក្រីក្រ។ វាកាន់តែស្តែងឲ្យឃើញពីការរួបរួមគ្នា ដ៏ខ្លាំងក្លានៅក្នុងសង្គមកម្ពុជា»។
ព្រះតេជគុណ បានអំពាវនាវឲ្យដល់ព្រះសង្ឃនៅតាមទីអារាមផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង ទាំងអស់ ត្រូវចេះចែករំលែកនូវសេចក្តីសុខរបស់ខ្លួនដល់ពលរដ្ឋ ដែលកំពុងដង្ហោយរកជាចាំបាច់នូវការជួយឧប ត្ថម្ភ ដើម្បីការរស់នៅរបស់ពួកគេ។ «ទឹកចិត្តសប្បុរសរបស់អ្នកនៅថ្ងៃនេះ មានន័យថា បានជួយបន្តដង្ហើមជនទី ទ័លទៅថ្ងៃស្អែក ហើយក៏ជាការផ្តល់ឱកាស ផ្តល់លទ្ធភាព ដើម្បីពួកគេចាប់ផ្តើមនូវជីវិតថ្មីផងដែរ»។
ព្រះតេជគុណ ធឹង ច័ន្ទត្រា ក៏បានប្រកាសបន្តស្វែងរកជំនួយពីសម្បុរសជនក្នុង និង ក្រៅប្រទេស បន្តជួយដល់ ពលរដ្ឋខ្មែរ ដែលកំពុងទីទ័លក្រ និងជួបការលំបាកនៅតាមទីជនបទដាច់ស្រយាលឆ្ងាយៗបន្តទៀត៕