ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញរួមជាមួយថ្នាក់ដឹកនាំខណ្ឌកាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ បានចុះសំណេះសំណាលលើកទឹកចិត្តដល់កម្លាំងប្រជាការពារខណ្ឌដែលមានស្នាដៃក្នុងការឃាត់ខ្លួនអណិកជនខ្មែរសញ្ជាតិអាមេរិកម្នាក់ដែលសរសេរអក្សរលើក្រណាត់សប្រមាថមើលងាយទៅលើសម្តេចតេជោ និងក្រុមគ្រួសារ។
ក្នុងឱកាសនោះដែរលោកអភិបាលបានឧបត្ថម្ភថវិកាដល់ប្រជាការពារ០៤នាក់ ក្នុងម្នាក់ៗ៥០ដុល្លារ ដោយឡែក ក្រុមប្រចាំការមុខព្រះបរមរាជវាំងចំនួន២០នាក់ ក្នុងម្នាក់ៗ៣ម៉ឺនរៀលផងដែរ។
ជាមួយគ្នានេះលោក គួច ចំរើន ក៏បានផ្តាំផ្ញើ និងណែនាំដល់ប្រជាការពារខណ្ឌទាំងអស់ថា ត្រូវបន្តខិតខំធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសនោះចូលរួមរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខនៅក្នុងខណ្ឌដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត។
អភិបាលខណ្ឌក៏បានប្រាប់ទៅប្រជាការពារខណ្ឌថា មិនត្រូវធ្វើទង្វើណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយពោលត្រូវជួយពួកគាត់នៅពេលមានបញ្ហាអ្វីមួយកើតឡើង ជៀសវាងការទទួលនូវការរិះគន់ និងការមើលងាយ។
សូមបញ្ជាក់ថា សមត្ថកិច្ច និងអាជ្ញាធរខណ្ឌដូនពេញបានឃាត់បុរសអណិកជនខ្មែរសញ្ជាតិអាមេរិកម្នាក់ដែលគាត់បានមកសរសេរពាក្យស្លោកប្រឆាំងរដ្ឋាភិបាលកាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ នៅចំណុចខាងមុខព្រះបរមរាជវាំងត្រង់ផ្លូវ២១៦ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថា បុរសដែលត្រូវឃាត់ខ្លួនពីបទសរសេរបដាប្រឆាំងរដ្ឋាភិបាលនោះឈ្មោះ ហាន ស្ស៊ិត ជាអណិកជនខ្មែរសញ្ជាតិអាមេរិក មានទីលំនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានដកហូតវត្ថុតាងបដាដែលសរសេរប្រឆាំងរដ្ឋាភិបាលមួយចំនួនផងដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវសមត្ថកិច្ច និងអាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួននោះគេឃើញគាត់បានមកខាងមុខព្រះបរមរាជវាំងនេះតាំងពីរសៀលថ្ងៃទី០៥ ខែសីហាដោយគាត់នៅម្តុំខាងមុខវាំងរហូតដល់ព្រឹកថ្ងៃទី០៦ថ្ងៃកើតហេតុនេះស្រាប់តែគាត់បានយកក្រណាត់សមួយផ្ទាំងមកដែលជក់ និងទឹកថ្នាំបានសរសេរពាក្យក្នុងបដានោះដែលពាក់ព័ន្ធនិងការប្រឆាំងរដ្ឋាភិបាលនោះ ដោយឃើញដូច្នេះសន្តិសុខដែលប្រចាំការនៅម្តុំនោះបានរាយការណ៍មកសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ឃើញជាក់ស្តែង ដូច្នេះក៏ឃាត់បុរសរូបនោះសួរនាំទៅទើបដឹងថា គាត់ជាអណិកជនខ្មែរសញ្ជាតិអាមេរិកដែលមានលិខិតជាប់ខ្លួនផងនាំមកសាលាខណ្ឌដូនពេញតែម្តង។
ពាក់ព័ន្ធនិងការឃាត់ខ្លួនជនរូបនោះដែរអាជ្ញាធរខណ្ឌដូនពេញបញ្ជាក់ថា ជនរូបនោះត្រូវបានបញ្ជូនបន្តទៅស្នងការរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនមកតុលាការរាជធានីភ្នំពេញក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនបញ្ជូនទៅគុកព្រៃសផងដែរ៕





