Thursday, August 7, 2014

អភិបាលខណ្ឌ​ដូនពេញ​កោតសរសើរ​ប្រជា​ការពារ​ដែល​មាន​ស្នាដៃ​ក្នុង​ការ​ឃាត់​ខ្លួន​អណិកជន​ម្នាក់​ដែល​ហ៊ាន​ប្រមាថ​ថ្នាក់ដឹកនាំ​

ភ្នំពេញ ​៖​ លោក​ គួច ​ចំរើន ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ​រួម​ជា​មួយ​ថ្នាក់ដឹកនាំ​ខណ្ឌ​កាល​ពី​ព្រឹក​ថ្ងៃទី​០៧ ​ខែ​សីហា ​ឆ្នាំ​២០១៤ ​បាន​ចុះ​សំណេះសំណាល​លើក​ទឹក​ចិត្ត​ដល់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ដែល​មាន​ស្នាដៃ​ក្នុង​ការ​ឃាត់ខ្លួន​អណិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​ដែល​សរសេរ​អក្សរ​លើ​ក្រណាត់​ស​ប្រមាថ​មើល​ងាយ​ទៅលើ​សម្តេច​តេ​ជោ ​និង​ក្រុម​គ្រួសារ​។​
ក្នុង​ឱកាស​នោះ​ដែរ​លោក​អភិបាល​បាន​ឧបត្ថម្ភ​ថវិកា​ដល់​ប្រជា​ការពារ​០៤​នាក់ ​ក្នុង​ម្នាក់ៗ​៥០​ដុល្លារ​ ដោយ​ឡែក​ ក្រុម​ប្រចាំការ​មុខ​ព្រះបរមរាជវាំង​ចំនួន​២០​នាក់ ​ក្នុង​ម្នាក់ៗ​៣​ម៉ឺន​រៀល​ផង​ដែរ​។​
ជា​មួយ​គ្នា​នេះ​លោក ​គួច ​ចំរើន ​ក៏​បាន​ផ្តាំផ្ញើ ​និង​ណែនាំ​ដល់​ប្រជា​ការពារ​ខណ្ឌ​ទាំង​អស់​ថា ​ត្រូវ​បន្ត​ខិតខំ​ធ្វើ​ការ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ​ជា​ពិសេស​នោះ​ចូលរួម​រក្សា​សណ្តាប់​ធ្នាប់ ​និង​សន្តិសុខ​នៅក្នុង​ខណ្ឌ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុខសាន្ត​។​
អភិបាលខណ្ឌ​ក៏​បាន​ប្រាប់​ទៅ​ប្រជា​ការពារ​ខណ្ឌ​ថា ​មិន​ត្រូវ​ធ្វើ​ទង្វើ​ណា​មួយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​ពោល​ត្រូវ​ជួយ​ពួក​គាត់​នៅ​ពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង ​ជៀសវាង​ការ​ទទួល​នូវ​ការរិះគន់ ​និង​ការ​មើលងាយ​។​
សូម​បញ្ជាក់​ថា ​សមត្ថកិច្ច ​និង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​ឃាត់​បុរស​អណិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​ដែល​គាត់​បាន​មក​សរសេរ​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ព្រឹក​ថ្ងៃទី​០៦ ​ខែ​សីហា​ ឆ្នាំ​២០១៤ ​នៅ​ចំណុច​ខាងមុខ​ព្រះបរមរាជវាំង​ត្រង់​ផ្លូវ​២១៦ ​ក្នុង​សង្កាត់​ជ័យជំនះ ​ខណ្ឌដូនពេញ​។​
អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា ​បុរស​ដែល​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សរសេរ​បដា​ប្រឆាំង​រដ្ឋាភិបាល​នោះ​ឈ្មោះ​ ហាន ស្ស៊ិត ​​ជា​អណិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ មាន​ទី​លំនៅ​រដ្ឋ​មី​នី​សូ​តា ​សហ​រដ្ឋ​អាមេរិក ​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​កណ្តាល ​ឃុំ​ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់ដំបង ​ត្រូវបាន​ដកហូត​វត្ថុតាង​បដា​ដែល​សរសេរ​ប្រឆាំង​រដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ​។​
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច ​និង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ឃាត់​ខ្លួន​នោះ​គេ​ឃើញ​គាត់​បាន​មក​ខាង​មុខ​ព្រះបរមរាជវាំង​នេះ​តាំងពី​រសៀល​ថ្ងៃទី​០៥ ​ខែ​សីហា​ដោយ​គាត់​នៅ​ម្តុំ​ខាងមុខ​វាំង​រហូត​ដល់​ព្រឹក​ថ្ងៃទី​០៦​ថ្ងៃ​កើត​ហេតុ​នេះ​ស្រាប់តែ​គាត់​បាន​យក​ក្រណាត់​ស​មួយ​ផ្ទាំង​មក​ដែល​ជក់​ និង​ទឹក​ថ្នាំ​បាន​សរសេរ​ពាក្យ​ក្នុង​បដា​នោះ​ដែល​ពាក់ព័ន្ធ​និង​ការ​ប្រឆាំង​រដ្ឋាភិបាល​នោះ​ ដោយ​ឃើញ​ដូច្នេះ​សន្តិសុខ​ដែល​ប្រចាំការ​នៅ​ម្តុំ​នោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ឃើញ​ជាក់​ស្តែង ​ដូច្នេះ​ក៏​ឃាត់​បុរស​រូប​នោះ​សួរ​នាំ​ទៅ​ទើប​ដឹង​ថា ​គាត់​ជា​អណិកជន​ខ្មែរ​សញ្ជាតិ​អាមេរិក​ដែល​មាន​លិខិត​ជាប់​ខ្លួន​ផង​នាំ​មក​សាលា​ខណ្ឌ​ដូនពេញ​តែម្តង​។​
ពាក់ព័ន្ធ​និង​ការ​ឃាត់​ខ្លួន​ជន​រូប​នោះ​ដែរ​អាជ្ញាធរ​ខណ្ឌដូនពេញ​បញ្ជាក់​ថា ​ជន​រូប​នោះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូន​មក​តុលាការ​រាជធានី​ភ្នំពេញ​ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បញ្ជូន​ទៅ​គុក​ព្រៃ​ស​ផង​ដែរ​៕​
rith-08-08-14-d2rith-08-08-14-d3rith-08-08-14-d4rith-08-08-14-d5rith-08-08-14-d6rith-08-08-14-d7