
ភ្នំពេញ ៖ ជនជាប់ចោទម្នាក់ក្នុងចំណោម៤ នាក់ដែលប៉ូលិសអន្តរជាតិ អាំងទែរប៉ូល (Police Interpol) តាមចាប់ខ្លួននោះបានចេញសារឆ្លើយតបចំពោះការតាមចាប់ខ្លួននោះ ហើយបានអំពាវនាវឲ្យលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិចេញមុខជួយគេក្នុងរឿងនេះ។
យោងតាមខ្សែវីដេអូមួយ ដែលបានផ្សព្វផ្សាយនៅតាមប្រព័ន្ធហ្វេសប៊ុកឈ្មោះថា Sunshine Powermoon រយៈពេល៦, ០២ វិនាទី ជារបស់ឈ្មោះ យឿន សំរិទ្ធី នៅរដ្ឋចរចា សហរដ្ឋអាមេរិកកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ លោក យឿន សំរិទ្ធី បានអំពាវនាវកុំឲ្យមិត្តភ័ក្ត្រនៅតាមហ្វេសប៊ុកទាំងអស់ព្រួយបារម្ភ ហើយបានបញ្ជាក់ថា “រឿងដែលកើតឡើង គឺកើតឡើងហើយ ខ្ញុំជាអ្នកចេញ ជាអ្នកធ្វើដើម្បីជាតិ មិនដែលខ្លាចច្បាប់ទេ ប៉ុន្តែខ្ញុំរស់នៅប្រទេសមួយផ្សេង ខ្ញុំត្រូវតែចេញមុខប្រឈមជាមួយនឹងច្បាប់ ទោះជាខ្ញុំស្លាប់ ខ្ញុំជាប់គុក ក៏ខ្ញុំមិនដែលស្តាយដែរ.......ខ្ញុំនិយាយប៉ុណ្ណឹងចុះ វីដេអូខ្ញុំមិនសូវបានវែងទេ ហើយជាពិសេសសូមផ្តាំម្តងទៀត ទៅដល់អនុប្រធាន កឹម សុខា រឿងអស់លោក ក៏ដូចជារឿងរបស់ខ្ញុំដែរ ដូច្នេះអស់លោកត្រូវតែចេញមករកខុស រកត្រូវឲ្យពួកយើងខ្ញុំផង សូមជម្រាបអីចឹង”។
សូមបញ្ជាក់ថា ប៉ូលិសអាំងទែរប៉ូល (Police Interpol) តាមចាប់មនុស្ស៤ នាក់ ក្នុងនោះមានព្រះសង្ឃ១ អង្គផង ទាក់ទងការគំរាមសម្លាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមនុស្សទាំងអស់នោះ បច្ចុប្បន្នកំពុងស្ថិតនៅសហរដ្ឋអាមេរិក ហើយមនុស្សដែលស្វែងរកចាប់ខ្លួននោះ គឺទី១. លោក ម៉ៅ ឃឿន នៅរដ្ឋផេនស៊ីលវែនីញ៉ា (Pennsylvania) ទី២. លោក បូណា ប៊ុនផាត់ នៅរដ្ឋវ៉ាស៊ីនតោន (Washington State) ទី៣. លោក យឿន សំរិទ្ធី នៅរដ្ឋចរចា (Georgia) និងទី៤.ព្រះតេជគុណមួយអង្គទៀតព្រះនាម ហួត ប៊ុណ្ណា កំពុងស្នាក់នៅសហអាមេរិកដែរ។ ក្នុងចំណោមអ្នកទាំង៤ នោះ មាន៣ នាក់ត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ដូចគ្នា។
រហូតមកដល់ពេលនេះ កម្ពុជាថ្មីមិនទាន់អាចសុំការបញ្ជាក់ពីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបាននៅឡើយទេ ហើយមនុស្សទាំងអស់នោះ គេមិនដឹងថា ជាសកម្មជនគណបក្សសង្គ្រោះជាតិ ឬយ៉ាងណានោះទេ ប៉ុន្តែពួកគេធ្លាប់មានទំនាក់ទំនង ថតរូប និងបរិភោគអាហារជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា លោកស្រី មូរ សុខហួរ និងលោក ហូរ វ៉ាន់ ផងដែរ តែកម្រិតទំនាក់ទំនងយ៉ាងណានោះ គេមិនទាន់ដឹងពិតប្រាកដនៅឡើយទេ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានធ្លាប់បានប្រាប់លោកអ្នកសារព័ត៌មានថា សមត្ថកិច្ចកម្ពុជា ស្វែងរកចាប់ខ្លួនអ្នកទាំងបី ដោយសារតែពួកគេគំរាមសម្លាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា មិនមែនដោយសារការរិះគន់រដ្ឋាភិបាលឡើយ។ លោកបញ្ជាក់ថា ការបញ្ចេញមតិរបៀបនេះ គេលែងហៅថា ជាសេរីភាពនៃការបញ្ចេញមតិហើយ ពីព្រោះវាហួសព្រំដែននៃសេរីភាព៕
