Wednesday, October 15, 2014

លោក សុខ អាន ពន្យល់អំពី គម្រោងផែនការ ICC ព្រះវិហារ ដល់ភាគីថៃ

ភ្នំពេញ៖ ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP បានរាយការណ៍ឱ្យដឹងថា លោក សុខ អាន   ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការ គណៈរដ្ឋមន្ត្រី បានពន្យល់ភាគីថៃ យ៉ាងក្បោះក្បាយអំពីគម្រោង ផែនការរបស់គណៈកម្មការសម្រប សម្រួលអន្តរជាតិ សម្រាប់កិច្ចការការពារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាព នូវប្រាង្គប្រាសាទព្រះវិហារ (ICC )។
AKP ចេញផ្សាយនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៤ រាយការណ៍ថា ការពន្យល់នេះបានធ្វើឡើងក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី១៤ខែតុលា ឆ្នាំ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រីជាមួយលោក Nattavudh Photisaro អគ្គលេខាធិការរងក្រសួងការបរទេសថៃ។ លោក សុខ អាន បានបញ្ជាក់ថា “តាមពិត ICC ព្រះវិហារត្រូវបានគេដឹងអំពី គម្រោងការរបស់កម្ពុជាតាំងពីឆ្នាំ២០០៨មក ម្ល៉េះ ព្រោះកម្ពុជាបានរៀបចំ ឯកសារដែលមានលក្ខណៈបច្ចេកទេស ស្របតាមច្បាប់អង្គការយូណេស្កូ និង ច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវ ។ ភាគីកម្ពុជាបានគោរពទៅតាមច្បាប់ជាតិ និងអន្តរជាតិដែលបានកំណត់ទាក់ទងនឹង ICC ព្រះវិហារនេះ” ។
លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ICC ព្រះវិហារនេះមានសមាជិកចំនួន៧នាក់ ក្នុងនោះភាគីកម្ពុជាក៏បានអញ្ជើញភាគីថៃម្នាក់ចូលរួមផងដែរ ។ “យើងមិនបានធ្វើអ្វីដោយលាក់លៀមនោះទេ ហើយភាគីថៃម្នាក់ដែលចូលជាសមាជិក ICC ព្រះវិហារនោះក៏មានសិទ្ធិជជែកគ្នាជាចំហដូច សមាជិកដទៃទៀតដែរ” ។ ចំណែកឯការបង្កើត ICC ព្រះវិហារនេះមិនមានអ្វីខុសពី សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ឆ្នាំ១៩៦២រួមទាំង ការបកស្រាយឡើងវិញសាលដីកា ឆ្នាំ១៩៦២របស់តុលាការយុត្តិធម៌ អន្តរជាតិឡាអេក្នុងឆ្នាំ២០០៨នោះទេ ។
AKP បានដកស្រង់ប្រសាសន៍លោក សុខ អាន ដែលថ្លែងថា “ ICC ព្រះវិហារនេះយើងធ្វើតាមលក្ខណៈបច្ចេកទេសតាមជំនាញរបស់អង្គការយូណេស្កូ ដែលធ្វើយ៉ាងណាទទួលបាននូវការអភិរក្ស និង អភិវឌ្ឍន៍ប្រកបដោយចីរភាពនូវប្រាង្គ សាទព្រះវិហារ ដែលជាសម្បត្តិវប្បធម៌ពិភពលោក”។  “ICC ព្រះវិហារ នេះមិនមានចំណុចណាមួយ ដែលនាំឱ្យប៉ះពាល់ដល់ភាគីថៃឬប៉ះ ពាល់ដល់ទំនាក់ទំនងទ្វេភាគីរបស់កម្ពុជា និង ថៃនោះទេ ប៉ុន្តែយើងបង្កើត ICC ព្រះវិហារនេះ គឺយើងគោរពទៅតាមសាលដីការរបស់ ICC ឆ្នាំ១៩៦២ និង ការបកស្រាយសាលក្រមឡើងវិញនៅ ឆ្នាំ២០០៨ គ្រាដែលភាគីថៃគ្មានសិទ្ធិរារាំងដំណើរការអភិរក្ស និង អភិវឌ្ឍន៍ប្រាង្គប្រាសាទព្រះវិហារនោះឡើយ”៕