សិង្ហបុរី ៖ កីឡាករកីឡាការិនីចំបាប់ បានឈ្នះមេដាយមាស១គ្រឿង ប្រាក់១ គ្រឿង និងសំរឹទ្ធិ២គ្រឿងក្នុងព្រឹត្ដិការណ៍ ប្រកួតជ្រើសរើសជើងឯកកីឡាអាស៊ី អាគ្នេយ៍+អូស្ដ្រាលីនៅប្រទេសសិង្ហបុរី។
តាមសេចក្ដីរាយការណ៍ពីប្រទេស សិង្ហបុរីលោក ធិន វិចិត្រ អគ្គលេខាធិ ការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឱ្យ ដឹងថា កីឡាចំបាប់ទទួលបានមេដាយ មាស១ ប្រាក់១ និងសំរឹទ្ធិ២គ្រឿង បន្ទាប់ពីប្រកួតយកឈ្នះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ។
កីឡាករដែលរកបានមេដាយមាស គឺកីឡាករ ឌន សៅ បានផ្ដួលកីឡាករ ឥណ្ឌូនេស៊ីឈ្មោះ Torres Robertson ក្នុង លទ្ធផលពិន្ទុ ១១-០ ខណៈកីឡាការិនី ចូវ សុធារ៉ា ទទួលបានមេដាយប្រាក់ បន្ទាប់ ពីយកឈ្នះកីឡាការិនីហ្វីលីពីនឈ្មោះ Nauabja Resegyn ក្នុងលទ្ធផល១១-១។ រីឯកីឡាករ ចាប លឿន ឈ្នះមេដាយ សំរឹទ្ធិបន្ទាប់ពីប្រកួតចុងក្រោយចាញ់ កីឡាករមកពីប្រទេសអូស្ដ្រាលីឈ្មោះ Evans Connor ក្នុងលទ្ធផល ៤-០ ។ចំណែកកីឡាករឆាំ ពិស៊ីន ក៏ទទួល បានមេដាយសំរឹទ្ធិមួយគ្រឿងផងដែរ គឺ ប្រកួតវិញ្ញាសាចំបាប់ក្រិកកូប្រភេទ ទម្ងន់៦៦គីឡូក្រាម ។
លោក ធិន វិចិត្រ បានចាត់ទុកការ ប្រកួតនេះក្រុមកីឡាករកីឡាការិនីចំបាប់ ទទួលបានលទ្ធផលល្អប្រសើរដោយបាន មេដាយជូនជាតិមាតុភូមិ ហើយលោក ក៏ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និងកីឡាដែលបានផ្ដាំផ្ញើ ឱ្យក្រុមអត្ដពលិកចំបាប់ខំប្រឹងប្រែង ដណ្ដើមយកមេដាយពីព្រឹត្ដិការណ៍ខាង លើមកជូនជាតិមាតុភូមិរបស់ខ្លួន ។ លោកក៏បានអរគុណដល់លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់ និង លោក ខេស៊ី បាណាត់ អនុប្រធានសហ ព័ន្ធកីឡាចំបាប់ដែលបានចំណាយថវិកា ផ្ទាល់ខ្លួនចំនួន៦.៨០០ដុល្លារសម្រាប់ ថ្លៃសំបុត្រយន្ដហោះ ។
គួរបញ្ជាក់ថា នៅវេលាម៉ោង៥ ល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ក្រុម ប្រតិភូនិងអត្ដពលិកចំបាប់បានមកដល់ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ៕