Monday, October 20, 2014

អធិការ​ស្ដីទី​ខណ្ឌ​មានជ័យ​ចុះ​សួរសុខទុក្ខ​មន្ត្រី​នគរបាល​ដែល​កំពុង​មាន​ជំងឺ

M20-10-14-m-full
ភ្នំពេញ ​៖ ​លោក​ជឹម ស៊ីថា ​អធិការ​ស្ដីទី​នគរបាល​ខណ្ឌ​មានជ័យ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៤​នេះ​បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ជូន​ដល់​លោក​អនុសេនីយ៍ឯក​វ៉ែន ចាន់​ថា ប្រធាន​ផ្នែក​សេនាធិការ​នគរបាល​ខណ្ឌ​មានជ័យ ដែល​កំពុង​មាន​ជំងឺ និង​ជា​មន្ត្រី​ចូលនិវត្តន៍​ថ្មីៗ។
ក្នុងនោះដែរ​ក៏មាន​ការចូលរួម​ពី​លោក កឹម រតនា អធិការរង​ខណ្ឌ លោក​អនុសេនីយ៍ឯក​ម៉ៅ សាវឿន មេ​ប៉ុស្តិ៍​ស្ទឹងមានជ័យ លោក​អនុសេនីយ៍ឯក​ទិត ចំរើន នាយ​ផ្នែក​នគរបាល​សណ្ដាប់​ធ្នាប់​ចរាចរ​ខណ្ឌ និង​មន្ត្រី​នគរបាល​ខណ្ឌ​មួយ​ចំនួន​ផង​ដែរ។
លោក​ជឹម ស៊ីថា​ក៏បាន​ធ្វើការ​សំណេះសំណាល​និង​សួរសុខទុក្ខ​ជាមួយ​ក្រុមគ្រួសារ ក៏ដូចជា​លោក វ៉ែន ចន្ថា ប្រធាន​សេនាធិការ នគរបាល​ខណ្ឌ​មានជ័យ ដែល​បាន​ចូលនិវត្តន៍​កាល​ពីពេល​ថ្មីៗ​កន្លងមក ហើយ​កំពុង​សម្រាក​ព្យាបាល​ជំងឺលើសឈាម​ដោយ​ពិការ​មួយ​ចំហៀង​ខ្លួន​តាំងពី​ខែមករា ឆ្នាំ​២០១៤​មកម្ល៉េះ។ អំណោយ​ដែល​ត្រូវបាន​ផ្តល់ជូន​រួមមាន ទឹកស៊ីអ៊ីវ ២​យួរ ទឹកត្រី ២​យួរ​ មី​២​កេស​ ត្រីខ​២​យួរ ​​ស្ករស​២​កញ្ចប់​ធំ​អង្ករ​២​បាវ និង​ថវិកា​ចំនួន​៥៩​ម៉ឺន​រៀល។
ភរិយា​លោក​វ៉ែន ចន្ថា ក៏បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង រហូត​ស្រក់​ទឹកភ្នែក ចំពោះ​ការ​យកចិត្តទុកដាក់ និង​ចុះ​មក​សួរ​សុខទុក្ខ​ ពី​សំណាក់​លោក​អធិការ​ស្ដីទី​នគរបាល​ខណ្ឌមានជ័យ និង​មន្ត្រី​រួមការ​ងារ ប្រកបដោយ​ក្រប​សីលធម៌​ត្រឹមត្រូវ និង​ច្បាស់លាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រស់នៅ​បាន​សុខដុមរមនា​យ៉ាង​ក្រៃលែង។ លោក​ក៏បាន​បួងសួង​សុំ​ឲ្យ​បារមី​របស់​សក្ក​ទេវតា​ទាំងអស់ តាម​ជួយ​បីបាច់​ថែ​រក្សា​ លោក​ជឹម ស៊ីថា ក៏ដូចជា​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ទាំងអស់​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ​ សុខៈ​ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។
សូមបញ្ជាក់​ផងដែរ នេះ​គឺជា​សញ្ញា​វិជ្ជមាន ក៏ដូចជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​អធិការ ឬ​មន្ត្រីជាន់ខ្ពស់​នគរបាល​ដទៃ​ទៀត គួរ​យក​តម្រាប់​តាម អំពី​ការ​យកចិត្តទុកដាក់​ចំពោះ​កម្លាំង​មន្ត្រីនគរបាល​ចូលនិវត្តន៍​ទាំងអស់ ដែល​ធ្លាប់​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញភារកិច្ច ក៏ដូចជា​កាតព្វកិច្ច ហើយក៏​ជា​ជ្រុង​មួយ​ក្នុង​ការ​ការពារ និង​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រទេសជាតិ​នា​ពេល​កន្លងមក​ផងដែរ។ កុំ​មើល​ឃើញ​តែ​មន្ត្រី​បម្រើ​ការងារ​បាន ហើយ​បែរជា​បោះបង់​មន្ត្រីនគរបាល​ដែលមាន​ជំងឺ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជា​អ្នកទទួល​រ៉ាប់រង​ពេល​ដែល​ធ្វើការ​លែង​បាន​នោះ៕