
ឧត្តរមានជ័យ ៖ លោកស ថា វី អភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីអមដំណើរជាច្រើនរូប បានអញ្ជើញចុះមកដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋចំនួន២៤៦គ្រួសារ ដែលមានការពាក់ព័ន្ធទៅនឹងដីសហគមន៍ព្រៃឈើនៅក្នុងភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ។
លោកស ថាវី អភិបាលខេត្តបានមានប្រសាសន៍ថា សូមកុំឲ្យប្រជាពលរដ្ឋបន្តការកាប់ទន្រ្ទានដីព្រៃសហគមន៍តទៅទៀត ប្រយ័ត្នគេចាប់លោកមិនទទួលដឹងឮនោះទេ ហើយដីដែលបងប្អូនបានបង្កបង្កើនផលរយៈពេលកន្លងមក លោកនឹងឲ្យប្រធានព្រៃសហគមន៍កាត់ឲ្យចំនួន៧០០ហិកតាជូនប្រជាពលរដ្ឋចំនួន២៤៦គ្រួសារ ដើម្បីឲ្យប្រជាពលរដ្ឋមានដីធ្វើស្រែចំការនិងដីលំនៅដ្ឋានចៀសវាងកុំឲ្យមានការកាប់ទន្ទ្រានដីព្រៃសហគមន៍ និងដីព្រៃជាបន្តទៅទៀត។
លោកស ថាវី បានបន្តទៀតថា លោកនឹងឲ្យលោកអភិបាលក្រុងសំរោង និងមន្ត្រីជំនាញចុះធ្វើការវាស់វែងជូនប្រជាពលរដ្ឋដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនគាត់នៅពេលឆាប់ៗនេះ។
នៅក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋទាំង២៤៦គ្រួសារបានឡើងអគុណដល់លោកអភិបាលខេត្ត និងមន្ត្រីអមដំណើរជាច្រើនរូប ជាពិសេសអរគុណសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានឲ្យអាជា្ញធរខេត្តចុះមកដោះស្រាយដីធ្លីជូនពួកគាត់ដែលមានទំនាស់ជាមួយដីព្រៃសហគមន៍ជាយូរណាស់មកហើយនោះ៕
