
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្មីនេះបានចេញដីកាចំនួន២ផ្សេងគ្នា កោះហៅមេដឹកនាំសហជីពចំនួន២ រូប គឺលោក រ៉ុង ឈុន ក្នុងនាមប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងអ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ឲ្យចូលបំភ្លឺនៅដំណាច់ខែតុលានេះដូចគ្នា ទាក់ទងអំពើហិង្សានៅផ្លូវវ៉េងស្រេង ដែលបានកើតឡើងកាលពីដើមឆ្នាំ២០១៤នេះ។
យោងតាមដីកាបង្គាប់ឲ្យចូលខ្លួនបំភ្លឺចំនួន២ ចេញដោយលោក ជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ហើយដែលការិយាល័យរបស់យើងទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ បានដឹងថា លោក រ៉ុង ឈុន អាយុ៤៥ ឆ្នាំ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស គំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ តាមមាត្រា២១៨, ៤១១, ៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨ នៃច្បាប់ចរាចរផ្លូវគោក។ ដីកាកោះហៅរបស់ចៅក្រម ជា សុខហៀង បានបង្គាប់ឲ្យលោក រ៉ុង ឈុន ចូលបំភ្លឺនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង៨ និង៣០ នាទីព្រឹក។
ចំណែកដីកាកោះហៅមួយទៀតដែលចេញថ្ងៃតែមួយ បានបង្គាប់ឲ្យអ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ចូលបំភ្លឺនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ នៅវេលាម៉ោង២ និង៣០ នាទីរសៀល ហើយ អ្នកស្រី យ៉ាង សោភ័ណ្ឌ ក៏ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស គំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ តាមមាត្រា២១៨, ៤១១, ៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨ នៃច្បាប់ចរាចរផ្លូវគោកដូចគ្នាដែរ។
កន្លងទៅប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺលើបញ្ហានេះដែរ និងដាក់កំហិតមិនឲ្យលោកចូលរួមធ្វើបាតុកម្មជាមួយកម្មករ ទាមទារបញ្ហាផ្សេងៗនោះទេ និងបានហាមមិនឲ្យចេញក្រៅប្រទេស និងត្រូវបង្ហាញខ្លួនពេលតុលាការកោះហៅ ហើយបើតាមការឲ្យដឹងពីប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា មេដឹកនាំសហជីពចំនួន៣ រូបផ្សេងទៀត ក៏ត្រូវតុលាការកោះហៅដូចគ្នាដែរ ដែលមានលោក អាត់ ធន់ ប្រធានសហភាពការងារ, លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា។
គួរបញ្ជាក់ថា នៅអំឡុងចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ បាតុកម្មរបស់កម្មករជាច្រើនបានកើតឡើង ដែលគេដឹងថា ដឹកនាំដោយសហជីពជ្រុលនិយមមួយចំនួន ក្នុងបំណងទាមទារប្រាក់ឈ្នួលតាមអ្វី ដែលពួកគេចង់បាន ដោយមិនគិតពីផលប្រយោជន៍ធំរបស់កម្មករនោះឡើយ ហើយបាតុកម្មនោះ ក៏អាចនិយាយបានថា ធ្វើឡើងតាមការអំពាវនាវរបស់ដឹកនាំគណបក្សប្រឆាំងផងដែរ។ ជាលទ្ធផលទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជនយ៉ាងច្រើនត្រូវបានបំផ្លាញ រហូតធ្វើឲ្យបាត់បង់ជីវិតកម្មករ និងរងរបួសជាច្រើននាក់ទៀតផង ខណៈពេលកម្លាំងអាជ្ញាធរចុះបង្ក្រាប និងបោសសំអាតក្រុមអនាធិបតេយ្យទាំងនោះ៕
