បាត់ដំបង ៖ កាលពីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំ សាកលវិទ្យាល័យបាត់ដំបង (UBB) សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សហការជាមួយ មន្ទីរអប់រំយុវជននិងកីឡាខេត្ត និងសាកលវិទ្យាល័យ បាត់ដំបង បានរៀបចំពិធីសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សត្រៀមប្រឡងបាក់ឌុបលើកទី២ នាពេលខាងមុខនេះ ក្រោមអធិបតីភាព លោក ច័ន្ទ សុផល អភិបាលខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត (ស.ស.យ.ក) លោកស្រី សៀងឯម ទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បាត់ដំបង លោក យី សុងគី អនុប្រធានមន្ទីរអប់រំខេត្ត ។
ពិធីសំណេះសំណាលនេះក៏មានការចូលរួមផងដែរ លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និស្សិត សិស្សានុសិស្សត្រៀម ប្រឡងសរុបទាំងអស់ប្រមាណ ជិត៧០០នាក់។ នៅក្នុងមតិស្វាគមន៍ របស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង លោកស្រី សៀងឯម ទទឹម បានបញ្ជាក់ពីការរីចម្រើន របស់សាកលវិទ្យាល័យ ដែលបានចូលរួមចំណែក កសាង និងអភិវឌ្ឍន៍ធនធានមនុស្ស លើវិស័យអប់រំ នៅកម្ពុជាជាពិសេសខេត្តបាត់ដំបង ចាប់តាំងពីបង្កើត សាកលវិទ្យាល័យ និងបានទទួលសិស្សឲ្យចូលរៀនកន្លងមក ដោយសាកលវិទ្យាល័យ បានបណ្តុះបណ្តាលនិស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ បានចប់ជាស្ថាពរបានជាង២ពាន់នាក់បាន និងកំពុងបម្រើការងារនៅតាមបណ្តាស្ថាប័ន អង្គាការ ឯកជននិងរដ្ឋ ដែលជាធនធានមនុស្សមួយ ដែលកំពុងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយបច្ចុប្បន្ន សាកលវិទ្យាល័យកំពុងបន្តបណ្តុះបណ្តាលនិស្សិតប្រមាណជាង៣ពាន់នាក់បន្ថែមទៀត។
លោកស្រី សៀងឯម ទទឹម បានបន្តទៀតថា មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំជាន់ខ្ពស់លោកបានយកចិត្តទុកដាក់ លើវិស័យអប់រំនៅកម្ពុជា ពិសេស សាកលវិទ្យាល័យបាត់ដំបងយើងនេះ ដែលមានលោកឧបនាយករដ្ឋមន្រ្តី ស ខេង ជាប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ជាសមាជិកដែលបានស្ថាបនិក សាកលវិទ្យាល័យនេះឡើងសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស សម្រាប់យុវជនជំនាន់ក្រោយ បាននៅជិតមូលដ្ឋាន របស់ខ្លួនផងដែរ។ ជាក់ស្តែងនៅថ្ងៃទី៣ ខែតុលា លោក ហ៊ុន មានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានដឹកនាំប្រតិភូចូលសំណេះសំណាល ជាមួយយុវជននិស្សិត និងសិស្សានិសិស្ស ដែលត្រៀមប្រឡងបាក់ឌុបលើកទី២នេះផងដែរ ។
លោក យី សុងគី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឡើងធ្វើរបាយការណ៍ពីលទ្ធផល ដែលលោកគ្រូអ្នកគ្រូស្ម័គ្រ ចិត្តទាំងអស់បានខិតខំប្រឹងប្រែង ចុះបង្រៀនបំប៉នដោយឥតគិតថ្លៃ ដល់សិស្សដែលជាបេក្ខជន ត្រៀមប្រឡងបាក់ឌុបលើកទី២ ដែលមកពីមណ្ឌលតាមបណ្តា ស្រុកក្រុង ក្នុងខេត្តយើង ដែលមាន៤មុខវិជ្ជា ទទួលបានជោគជ័យ ហើយសិស្សទាំងអស់និងត្រូវចូលប្រឡង នៅដើមខែតុលាខាងមុខនេះ និងសូមជូនពរសិស្ស ទាំងអស់បានប្រឡងឲ្យបានជាប់សញ្ញាបត្រគ្រប់ៗគ្នាផងដែរ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តនិងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត ឡើងមានប្រសាសន៍នាឱកាសនោះផងដែរ ក្នុងនាម(ស.ស.យ.ក)ខេត្ត ដែលមានថ្នាក់ដឹកនាំ(ស.ស.យ.ក)ដែលមានលោក ហ៊ុន មានី ជាប្រធាន លោកតែងតែធ្វើការគៀងគរដល់យុវជនយើង នៅគ្រប់ទីកន្លែងឲ្យចេះធ្វើអំពើល្អ ឲ្យចាកឆ្ងាយពីអំពើអបាយមុខមិនល្អដល់សង្គម និងផ្តល់ឱកាសដល់យុវជន បានចូលរួមកិច្ចការសង្គមជាច្រើននិងបានចូលរួមបណ្តុះបណ្តាល ដល់យុវជនយើងដូចជា ការងារអប់រំ កីឡា វប្បធម៌ សាសនា អនាម័យ បរិស្ថាននិងការងារជាច្រើនផ្សេងទៀតផងដែរ។
មតិសំណេះសំណាលក្នុងពិធីនេះដែរ លោក ច័ន្ទ សុផល អភិបាលខេត្តបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ(ស.ស.យ.ក)ខេត្ត បានសហការជាមួយមន្ទីរអប់រំខេត្ត និងមានកិច្ចសហការពីសាកលវិទ្យាល័យបាត់ដំបង ដែលថ្នាក់ដឹកនាំសាកលវិទ្យាល័យតែងតែបានផ្តល់ទីកន្លែង រាល់កម្មវិធីកិច្ចការសង្គម និងការងារមនុស្សធម៌ផ្សេងៗ ទៀតកន្លងមក។ លោកអភិបាលខេត្ត ក៏បានផ្តល់មតិលើកទឹកចិត្តដល់ក្មួយៗ ដែលត្រូវត្រៀមប្រឡងបាក់ឌុបលើកទី២ នាពេលខ្លីខាងមុខនេះដែរ សូមក្មួយៗខំប្រឹងប្រឡងឲ្យបានជាប់ជោគជ័យ បន្ទាប់ពីបានទទួលចំណេះដឹង ក្នុងការបំប៉នពីលោកគ្រូ អ្នកគ្រូ ក្នុងរយៈពេលកន្លងទៅនេះ ហើយក៏ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ទាំងអស់គ្នាដែលបានស្ម័គ្រ ចិត្តលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត មកបណ្តុះបណ្តាល បំប៉នដល់ក្មួយៗក្នុងការត្រៀមប្រឡង។
ហើយដើម្បីឆ្លើយតបនិងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ ថ្នាក់ដឹកនាំក៏បានគិតគូលើកទឹកចិត្តផងដែរ ដែលមានលោក ងិន ឃន តំណាងរាស្រ្តមណ្ឌលបាត់ដំបង បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន១.០០០ដុល្លារ លោកអភិបាលខេត្តរួមចំណែក ថវិកាចំនួន៥០០ដុល្លា និងលោក ស៊ីវ៉ុន ខេមរ៉ុន ប្រធានរតនាគារជាតិខេត្តបានជូនថវិកាចំនួន៥០ម៉ឺនរៀលទៀត ជូនដល់លោកគ្រូ អ្នកគ្រូ និងការរៀបចំកម្មវិធីបើកវគ្គបំប៉នសិស្សទាំងអស់ក្នុងខេត្ត កន្លងមកផងដែរ។
នៅចប់កម្មវិធីសំណេះសំណាលនោះដែរ លោកអភិបាលខេត្តបានអញ្ជើញទស្សនា តាមបន្ទប់សិក្សា បន្ទប់កែឆ្នៃផលិតម្ហូបអាហារ បន្ទប់ពិសោធន៍នានាផ្សេងទៀត ដើម្បីស្វែងយល់ពីការរីកចម្រើនរបស់សាកលវិទ្យាល័យ សម្រាប់ទុកឲ្យសិស្សបានរៀននូវគ្រប់មុខវិជ្ជា និងវិជ្ជាជីវៈផ្សេងទៀតផងដែរ៕










