Tuesday, October 21, 2014

ក្រុម​ចោរ​ប្រដាប់​អាវុធ​៣​នាក់​ស្ទាក់​បាញ់​អ្នក​លក់​មាស​ក្នុង​ផ្សារ​ព្រៃ​ខ្មែរ​​ស្លាប់​ម្នាក់​របួស​ម្នាក់

M21-10-14-v-full
កំពង់ឆ្នាំង​ ៖​ ​អ្នក​លក់​មាស​២​នាក់​បងប្អូន​ម្នាក់​ស្លាប់​ ម្នាក់​របួសធ្ងន់ ខណៈ​ដែល​ពួកគេ​កាន់​កាបូប​មាស​និង​ប្រាក់​ចេញពី​ផ្សារ​ព្រៃ​ខ្មែរ​ដើរ​មកដល់​មុខ​ផ្ទះ ត្រូវ​ចោរ​១​ក្រុម​គ្នា​៣​នាក់​មាន​អាវុធ​២​ដើម​បាន​បាញ់​ស្រោច​​​ខ្លួន​ជាច្រើន​គ្រាប់។
ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើត​ឡើង​វេលា​ម៉ោង​ប្រមាណ​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៤ ក្នុង​ភូមិ​ព្រៃខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។
បុរស​ម្នាក់​មាន​ផ្ទះ​រស់នៅ​ជាប់​ផ្ទះ​ជនរងគ្រោះ​ជា​កន្លែង​កើតហេតុ​មាន​បាន​និយាយ​ឲ្យ​​អ្នក​យក​ព័ត៌មាន​​ និង​សមត្ថកិច្ច​ដឹង​ថា​ ​ជនរងគ្រោះ​២​នាក់​បងប្អូន​នោះ​១​ឈ្មោះ​សួន រដ្ឋា ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​,២​ឈ្មោះ សួន បូ​រិ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ របួសធ្ងន់ ពួកគេ​រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ទល់មុខ​ផ្សារ​ព្រៃ​ខ្មែរ។
ក្នុង​ពេល​កើតហេតុ​គាត់​បាន​ឃើញ​ជនរងគ្រោះ​២​នាក់​បងប្អូន ​កាន់​កាបូប​មាស​ និង​លុយ​ដើរ​មកដល់​មុខ​ផ្ទះ ក៏​ស្រាប់តែ​ត្រូវ​ក្រុម​ចោរ​មាន​គ្នា​៣​នាក់​កាន់​អាវុធ​ខ្លី​១​ដើម និង​អាវុធ​អាកា​១​ដើម បាញ់​ជាច្រើន​គ្រាប់​ចំ​ជនរងគ្រោះ​បណ្តាល​ឲ្យ​គេ​ដួល​ដេក​ក្នុង​ថ្លុក​ឈាម​ ហើយ​ពួក​ចោរ​នោះ​បាន​យក​កាបូប​៣​ដាក់​មាសប្រាក់ និង​លុយ ឡើង​ជិះ​ម៉ូតូ​ធំ​១​គ្រឿង​ទាំង​៣​នាក់​ជិះ​ចេញទៅ​តាម​ផ្លូវ​ទៅ​ឃុំ​ជើង​គ្រាវ​បាត់ស្រមោល​​តែម្ដង។
គាត់​បាន​ចាំ​ថា​​ ​ចោរ​ម្នាក់​ ដែល​ជា​អ្នក​កាន់​កាំភ្លើង​បាញ់​នោះ​ពាក់​អាវ​ខ្មៅ និង​ពាក់មួក​ក្រហម ជិះ​ម៉ូតូ​ក៏​ពណ៌​ក្រហម​ដែរ ពេល​ពួកវា​ជិះ​ម៉ូតូ​ចេញទៅ​បាន​កាន់​កាំភ្លើង​ភ្ជង់​សងខាង​ ​ដោយ​ខ្លាច​មាន​គេ​តាម​ពីក្រោយ។
នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ អ្នកយកព័ត៌មាន​​​មិនអាច​សុំ​ការ​បំភ្លឺ​ព័ត៌មាន​ពី​សមត្ថកិច្ច​ជុំវិញ​ហេតុការណ៍​នេះ​បានទេ ព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ និង​តាម​ប្រមាញ់​រក​ជនល្មើស។ ដោយឡែក​ឪពុក​ម្តាយ​ជនរងគ្រោះ ក៏​មិនអាច​សុំ​ការបំភ្លឺ​ពី​ការបាត់បង់​មាស​និង​ប្រាក់ ដែល​ក្រុម​ចោរប្លន់​យក​ទៅ​បានដែរ ព្រោះ​ពួកគាត់​កំពុង​យំសោក​បោក​ខ្លួន​ដោយសារតែ កូនប្រុស​របស់​គាត់​ម្នាក់​បាន​ស្លាប់ និង​កូនស្រី​ម្នាក់ទៀត​កំពុង​រងរបួស​ធ្ងន់៕
M21-10-14-v1-fullM21-10-14-v3-fullM21-10-14-v4-full