
ភ្នំពេញ ៖ មហាមីទ្ទីញខួបទី១០ នៃការឡើងគ្រងព្រះសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តទៅ នៅពីមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ដែលព្រះរាជាបានកត់សម្គាល់ពីសមិទ្ធផលរបស់សង្គម និងបានអំពាវនាវឱ្យប្រជាជាតិរួបរួមគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញ។
នៅក្នុងព្រះរាជសុន្ទរកថាលើព្រះទីនាំងចន្ទឆាយា ព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជបន្ទូលថា តាមរយៈមីទ្ទីញនេះ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជា នឹងទទួលបានអនាគតភ្លឺស្វាង ក្នុងក្តីសង្ឃឹមខ្ពស់រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបានឯកភាពជាតិដ៏រឹងមាំ។ ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា មហាមីទ្ទីញនាពេលនេះស្ថិតក្នុងដំណាក់កាល ដែលមានស្ថិរភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាពេញលេញ និងស្របពេលដែលរាជរដ្ឋាភិបាលបានបំពេញភារកិច្ចឧត្តុង្គឧត្តមតាមតួនាទីរបស់ខ្លួនយ៉ាងសកម្ម ។ «នៅក្នុង ឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិជាទីស្នេហារបស់យើងលើគ្រប់វិស័យ»។
កាលពីចុងខែតុលាឆ្នាំ២០០៤ មហាមីទ្ទីញអបអរសាទរព្រះរាជ ពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះ បរម នាថ នរោត្តម សីហមុនី ក៏បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅមុខព្រះបរមរាជវាំង ហើយកាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ទូរទស្សន៍ជាតិកម្ពុជាបានចាក់ផ្សាយឡើងវិញ នូវមហាមីទ្ទីញជាប្រវត្តិសាស្ត្រនេះ ។
ព្រះរាជវង្សានុវង្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រី ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធ សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋជាងមួយម៉ឺននាក់បានឈរតាមផែននីមួយៗ នៅខាងមុខព្រះបរមរាជវាំងផងដែរ ។ បណ្តាអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជាក៏បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះដែរ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងមានព្រះរាជបន្ទូលថា រយៈ ពេលកន្លងទៅនេះមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើងមានការប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ ។ តាមគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សាមគ្គីជាតិជាព្រះរាជបណ្តាំបន្ថែមចុងក្រោយ របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនៅទីនេះក្នុងឆ្នាំ២០១១ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៃបានដាក់ ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សាមគ្គីភាព ឯកភាពជាតិជូនប្រជាជាតិ និងមាតុភូមិយ៉ាងល្អប្រសើរ ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផល ជាវិជ្ជមាន ដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិ ប្រកបដោយសុខដុរមនារបស់ជនរួមជាតិយើង ។
១ទសវត្សរ៍បានកន្លងផុតទៅហើយ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រជាទីគោរពសក្ការៈ និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងនូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ប៉ុន្តែក៏មិនមែនមានន័យថា មិនបានឆ្លងកាត់ឧបសគ្គដ៏ក្តៅគគុករាប់មិនអស់នោះទេ ព្រោះមានមជ្ឈដ្ឋានអគតិខ្លះបានព្យាយាមម្តងហើយម្តងទៀត ដើម្បីផ្តួលរំលំរបបរាជានិយមនៅកម្ពុជា ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងដោយមានការចូលរួមគាំទ្រពីសំណាក់ប្រជាជនទូទាំងប្រទេសបានធ្វើឱ្យឧបាយកលរបស់ពួកអគតិទាំងនោះទទួលបរាជ័យ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា លើមូលដ្ឋាននៃមហាសាមគ្គីជាតិទាំងមូល ក្នុងស្ថានភាពសង្គមជាតិមានសុខសន្តិភាព និង ស្ថិរភាពនយោបាយនេះហើយ ដែលជាប្រភពកំណប់នៃការអភិវឌ្ឍ លើវិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ច ដែលជាដង្ហើមរស់របស់ជាតិយើង ។ សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ការកែលម្អអភិបាលកិច្ច ដើម្បីលើកស្ទួយវិស័យសាធារណៈ និងសមធម៌សង្គម និង ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីបម្រើសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា ឈរលើមូលដ្ឋាននៃ មហាសាមគ្គីជាតិឯកភាពជាតិ ក្រោមទង់ដ៏សុខសាន្តនៃព្រះពុទ្ធសាសនា និងក្រោមបារមីព្រះបរមក្សត្រ ដែលជាបុព្វបុរសជាតិ ជាស្ថាបនិក ដ៏ល្បីល្បាញនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណិត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទីទូទាំងព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃ ពុំអាចកាត់ថ្លៃបានរបស់យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពាន មកលើបូរណភាពទឹកដីបានឡើយ ៕




