
ភ្នំពេញ ៖ កងកម្លាំងមួកខៀវកម្ពុជា ចំនួន១៩៦នាក់បន្ថែមទៀត នឹងត្រូវបានបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រឹកកណ្តាល នៅថ្ងៃទី២២ ខែតុលា ស្អែកនេះ តបតាមការស្នើសុំពីអង្គការសហប្រជាជាតិ(UN) ។
នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងកាលពីពេលថ្មីៗនេះថា កម្ពុជាបានបញ្ជូនកងកំលាំងនៃកងវិស្វកម្ម លេខ៩៤៥ ដែលមានចំនួន២១៦នាក់ ក្នុងនោះមាននារី៩នាក់ ដើម្បី បំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណៈអាហ្វ្រឹកកណ្តាល ក្នុងនោះមានកងកំលាំងនាំមុខចំនួន២០នាក់ត្រូវបានបញ្ជូនកាលថ្ងៃទី១៣ ខែតុលា ហើយរហូត មកដល់ពេលនេះកំលាំងទាំងនោះបានទៅដល់សាធារណៈអាហ្វ្រឹកកណ្តាលរួចហើយ។
លោកបញ្ជាក់ថា កងកំលាំងកម្ពុជាដែលទៅបំពេញបេសកកម្មនៅសាធារណៈរដ្ឋអាហ្វ្រឹកកណ្តាលនោះ គឺត្រូវទៅធ្វើការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ស្ពាន សំណង់អគារ សំណង់ជំរុំជំរក ជូនកងកំលាំងUN និងសំណង់ផ្សេងៗ ព្រមទាំងធ្វើការដោះមីន នៅក្នុងតំបន់ព្រឺយ៉ា ដែលនៅជិតតំបន់ពួកឧទ្ទាមបំបែកខ្លួនទៀតផង។
លោកថ្លែងបញ្ជាក់ទៀតថា មកដល់ពេលនេះ រថយន្តគ្រឿងចក្រ និងសំភារៈសរុបចំនួន១៩៨គ្រឿង បានបញ្ជូនទៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាលរួចហើយ គឺគ្រឿងចក្រ និងសំភារៈដែលបានបញ្ជូននោះ មានរថយន្ត៤៥គ្រឿង កុងទីន័រគ្រប់ប្រភេទ៣៧គ្រឿង គ្រឿងចក្រធន់ធំ១១គ្រឿង តូច១៣គ្រឿង និងមានសំភារៈប្រើប្រាស់ជាច្រើនគ្រឿងទៀត។
លោក ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលបញ្ជូនកងកម្លាំងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានធ្លាប់បានថែ្លងថា នេះជាលើកទី២ហើយ ដែលកម្ពុជាបានធ្វើការបញ្ជូនទៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ជាប្រទេសកំពុងជួបនូវវិបត្តិសង្គ្រាម។
លោកថ្លែងទៀតថា ពេលនេះកម្ពុជាជាប្រទេសទី២បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីដែលបានទៅដល់សាធារណៈរដ្ឋអាហ្វ្រឹកកណ្តាល ក្រោយមកទៀតនឹងមានកងកំលាំងមកពីបណ្តាប្រទេសនៅប៉ែកអឺរ៉ុប ប្រទេសបារាំង សហភាពអាហ្វឹ្រក និងកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ នឹងទៅដល់តំបន់នោះផងដែរ។
គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្ដិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិទៅកាន់បណ្តាប្រទេស ចំនួន៨រួមមាន ប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង ប្រទេសឆាដ ស្ថិតក្នុងអាហ្រ្វិកកណ្ដាល ប្រទេសលីបង់ ស៊ីរី ម៉ាលី និងប្រទេសសាយប្រ៊ុស។
ចាប់ពីឆ្នាំ២០០៦មកដល់ឆ្នាំ២០១៤នេះ កម្ពុជាមានកងកម្លាំងសរុប២.២៦៣នាក់ធ្លាប់បានបំពេញបេសកកម្មរក្សាសន្តិភាពក្រោមទង់អង្គការសហប្រជាជាតិ ហើយបច្ចុប្បន្ននេះ កម្ពុជាកំពុងមានកងកំលាំងបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេសមានចំនួន៦៦៣នាក់ ហើយក្រុមកងកម្លាំងទាំងនោះកំពុងធ្វើសកម្មភាព លើជំនាញ បោសសម្អាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ ស្ថាបនាស្ពានថ្នល់ វិស្វកម្ម ព្រលានយន្តហោះ កងរាជអាវុធហត្ថ ពេទ្យកម្រិត២ នាយទាហានសង្កេតការណ៍ នាយទាហានសេនាធិការ និងនាយទាហានជាន់ខ្ពស់ផ្នែកមេបញ្ជាការអាវុធហត្ថ៕
