Wednesday, October 29, 2014

បាញ់កាំជ្រួច អបអរសាទរ ពិធីឡើងគ្រងរាជ្យ សម្បត្តិ ផ្ទុះត្រូវអ្នកមើល ស្លាប់ម្នាក់ របួស ៤នាក់ (មានវីដេអូ)

ភ្នំពេញ៖ អ្នកទស្សនាពិធីបាញ់កាំជ្រួចអបអរសាទរ ព្រះរាជពិធីយាងគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រម្នាក់ បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស ដោយសារគ្រាប់កាំជ្រួចបានហោះទៅបុកពួកគេ នាវេលាម៉ោងប្រមាណ ៧ និង ៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅត្រើយម្ខាង នៃទន្លេចតុមុខទល់មុខព្រះបរមរាជវាំង ស្ថិតក្នុង ភូមិក្បាលជ្រោយ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ស្ថិតក្បែងអគារសណ្ខាគារសុខា ដែលកំពុងសាងសង់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹងនៅក្រោយកើតហេតុភ្លាមថា គ្រាប់កាប់ជ្រួច ដែលហោះទៅមុខអ្នកទស្សនាឲ្យស្លាប់ និងរងរបួសនោះ ជាគ្រាប់ចុងក្រោយ នៃពិធីបាញ់កាំជ្រួច។បើតាមលោក ឡុង ឌីម៉ង់ បានឲ្យដឹងថា មូលហេតុ ដែលនាំឲ្យកាំជ្រួចហោះទៅបុកមនុស្សនេះ ដោយសារតែសម្បកកាំជ្រួចផ្ទុះ ធ្លាយ ធ្វើឲ្យកាំជ្រួចមិនហោះឡើងទៅលើបាន ក៏ហោះទៅបុកមនុស្សតែម្តង។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ និងរងរបួសនោះ ដោយសារពួកគេព្យាយាមទៅឈរមើល សកម្មភាពក្រុមអ្នកបច្ចេកទេសបាញ់កាំជ្រួច។ ជនរងគ្រោះ ដែលត្រូវកាំជ្រួចផ្ទុះត្រូវនេះ ជនរងគ្រោះបាត់បង់ជីវិតត្រូវកាំជ្រួចហោះបុកធ្លាយពោះវៀន ហើយ សម្រាប់អ្នករងរបួសធ្ងន់វិញ ត្រូវបានដាច់ជើង និងរយះជើងយ៉ាងធ្ងន់ធ្ងរផងដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា យុវជន ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ណា គ្រី ដារ៉ូ អាយុ ២២ឆ្នាំ ស្រុកកំណើតនៅឃុំឈើ ខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល រៀននៅសកលវិទ្យាល័យស៊ីតិច។ រីឯជនរង គ្រោះ ៤នាក់ ក្នុងនោះស្រីម្នាក់ ប្រុស ៣នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែមិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយទេ៕