Thursday, October 16, 2014

វិចារណកថាៈ មហិច្ឆតារបស់លោក កឹម សុខា ត្រូវទទួលរង នូវសេចក្តីអាម៉ាស់

រឿងរ៉ាវនៅក្នុង គណបក្សសង្រ្គោះជាតិ គឺជារឿងដែល មិនអាចបិទ បាំងឲ្យជិតបានទេ ជាពិសេស ពាក់ព័ន្ធ ករណី លោក កឹម សុខា ចង់ឲ្យកូនស្រី របស់លោកឈ្មោះ កឹម មនោវិទ្យា ក្លាយទៅជា សមាជិក គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ។ ប្រភពពីមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ មួយចំនួនបានបង្ហើបឲ្យ ដឹងថា លោក កឹម សុខា មានមហិច្ឆតាធំធេងក្នុងការចង់ លើកតម្កើងកូនស្រី របស់លោកហួសហេតុ ដោយមិនបានពិចារណាទៅលើទឹកចិត្តរបស់ មន្រ្តីជាន់ខ្ពស់ក្នុង គណបក្សនោះទេ ។ មហិច្ឆតាធំធេងរបស់លោក កឹម សុខា ដែលចង់ឲ្យកូនស្រីរបស់ខ្លួនក្លាយទៅជា សមាជិក គ.ជ.ប ស្ទើរតែ ធ្វើឲ្យផ្ទៃក្នុងគណបក្សសង្រ្គោះជាតិ មានការបែកបាក់យ៉ាងធ្ងន់ធ្ងរ ហើយសំឡេងរិះគន់លោក កឹម សុខា មានចំនួនកាន់តែច្រើននៅពេលប្រជុំការងារគណបក្សម្តងៗ ព្រោះសំឡេងភាគច្រើនមិនគាំទ្រ ឲ្យកូនស្រី លោក កឹម សុខា ក្លាយជាសមាជិក គ.ជ.ប នោះទេ ។
ប្រភពពីមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិបានឲ្យដឹងថា មានកិច្ចប្រជុំថ្នាក់ដឹកនាំ គណបក្សជា ច្រើនដងដោយ សារតែលោក កឹម សុខា មានះចង់ឲ្យកូនស្រីក្លាយ ទៅជាសមាជិក គ.ជ.ប តាមការគ្រោង ទុករបស់លោក ។ ប៉ុន្តែនៅក្នុង កិច្ចប្រជុំជាច្រើនលើកនោះគ្មាន នរណាគាំទ្រ មហិច្ឆតា ហួសហេតុរបស់ លោក កឹម សុខា នោះទេដែលបញ្ហានេះសូម្បីតែ លោក កឹម សុខា ខ្លួនឯងក៏កំពុងបាត់បង់ប្រជាប្រិយភាព ក្នុងនាមជាអនុប្រធានគណបក្សដែរ ។ ជាពិសេសអតីតមន្រ្តី គណបក្សសិទ្ធិ មនុស្ស ដែលបច្ចុប្បន្នក្លាយ ទៅជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ហើយធ្លាប់មានទំនាក់ទំនងជិត ស្និទ្ធជាមួយលោក កឹម សុខា ក៏អស់ទំនុកចិត្ត និងអន់ចិត្ត ចំពោះ មហិច្ឆតារបស់លោក កឹម សុខា ដែរ ។ អាចនិយាយ បានថាលោក កឹម សុខា ចង់លើកទូលកូនស្រីរបស់លោកឲ្យមន្រ្តីចាស់ទុំក្នុងគណបក្សសង្រ្គោះជាតិគោរព និងទទួល ស្កាល់ ពីសមត្ថភាពចំណេះដឹង ប៉ុន្តែទីបំផុតលោក កឹម សុខា ត្រូវប្រឈមនឹងសេចក្តីអាម៉ាស់យ៉ាងធំធេង ។
តាមការអះអាងរបស់មន្រ្តី ជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដែលធ្លាប់តែមានភាពជិតស្និទ្ធជាមួយលោក កឹម សុខា បានឲ្យដឹងថា មហិច្ឆតាដាច់បង្ហៀរ និងគ្មានសេចក្តី អៀន ខ្មាស របស់លោក កឹម សុខា ពេលនេះ កំពុងប្រឈមនឹង ការរិះគន់កាន់តែខ្លាំងឡើងពីថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស ។ គេបានលើកឡើងថាកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោក កឹម សុខា មានវ័យនៅក្មេង មិនសក្តិសមទៅធ្វើជាសមាជិក គ.ជ.ប នោះទេ ព្រោះគ្មានបទពិសោធន៍ការ ងារគ្រប់គ្រាន់ដែល អាច ធ្វើឲ្យមនុស្សចាស់ទុំក្នុង គណបក្ស មានទំនុកចិត្តបានឡើយ ។ លោក កឹម សុខា គឺជាអនុប្រធាន គណបក្សសង្រ្គោះជាតិ និង ជាអនុប្រធាន ទី១រដ្ឋសភា ដូច្នេះការតែងតាំងកូនស្រីឲ្យធ្វើជាអនុប្រធានខុទ្ទកាល័យរបស់ លោកគឺជាតំណែង មួយដែលខ្ពស់ហួសហេតុទៅហើយ មិនចាំបាច់ចង់ទៅធ្វើជាសមាជិក គ.ជ.ប នោះទេ ។ ចំណុចនេះ កន្លងមកលោក កឹម សុខា មិនបានពិចារណាទាល់តែសោះ ហើយនៅពេលដែលទទួលរងនូវ ការរិះគន់ កាន់តែខ្លាំងឡើង ៗ ទើបលោក កឹម សុខា ភ្ញាក់ខ្លួន ហើយកូនស្រីរបស់លោក សុខ ចិត្តបោះបង់ចោល កៅអី គ.ជ.ប តែម្តង ។
រហូតមកដល់ពេលនេះលោក កឹម សុខា គ្មានប្រជាប្រិយភាពនៅក្នុងគណបក្សដូចកាលពីមុនទៀតទេ ហើយ មហិច្ឆតាសព្វបែបយ៉ាងរបស់លោក កំពុងប្រឈមនឹង ការរិះគន់កាន់តែខ្លាំងឡើងៗ ជាពិសេស នៅក្រោយពេលដែល លោកចង់ឲ្យកូនស្រីក្លាយជាសមាជិក គ.ជ.ប ។ មន្រ្តីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិមួយចំនួន បានឲ្យដឹងថា ក្នុងគណ បក្សនេះមានមន្រ្តី ចាស់ទុំប្រកបដោយសមត្ថភាព ជាច្រើននាក់ ដែលអាចធ្វើជាសមាជិក គ.ជ.ប ប៉ុន្តែលោក កឹម សុខា បែរជាមើលរំលង ហើយចង់ លោកតម្កើងកូនស្រីរបស់លោកហួសហេតុ ។ គំនិតរបស់លោក កឹម សុខា តាំងពីដើមទី រហូតមកដល់ ពេល នេះគ្មានការគាំទ្រពីថ្នាក់ដឹកនាំ ជាន់ខ្ពស់ក្នុងគណបក្សនោះទេ ព្រោះទោះបីកូនស្រីរបស់លោក កឹម សុខា ជានិស្សិតរៀននៅសហរដ្ឋអាម៉េរិក ហើយមានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណា ក៏គ្មានបទពិសោធន៍ គ្រប់គ្រាន់ក្នុង ការធ្វើជាសមាជិក គ.ជ.ប បានដែរ ។ ប្រសិនបើលោក កឹម សុខា នៅតែជំនះធ្វើតាម មហិច្ឆតា របស់ខ្លួនប្រាកដជាអាច នាំឲ្យមានការបែកបាក់ផ្ទៃក្នុងគណបក្សសង្រ្គោះជាតិជាមិនខាន ។
រឿងរ៉ាវដែលលោក កឹម សុខា ចង់លោកតម្កើងកូនស្រីរបស់លោកឲ្យធ្វើជាសមាជិក គ.ជ.ប គឺជាកតា្តធំ បំផុត ដែលធ្វើឲ្យលោក កឹម សុខា ទទួលរងនូវការវាយ ប្រហារយ៉ាងខ្លាំងក្លា ពីមន្រ្តីជាន់ខ្ពស់ភាគ ច្រើនលើសលប់នៅក្នុងគណ បក្សសង្រ្គោះជាតិ ហើយសូម្បីតែមន្រ្តីគណបក្សថ្នាក់រាជធានី-ខេត្តក៏មិនគាំទ្រ មហិច្ឆតា លោក កឹម សុខា ដែរ ។ បញ្ហា នេះហើយដែលកូនស្រីរបស់លោក កឹម សុខា ឈ្មោះ កឹម មនោវិទ្យា ប្រកាសដកខ្លួនចេញពីបេក្ខភាពសមាជិក គ.ជ.ប ដើម្បីបិទបាំងភាព អាម៉ាស់របស់ឪពុកខ្លួន ។ មហិច្ឆតាធំធេងរបស់លោក កឹម សុខា មានជាច្រើនករណីទៀតបើទោះបី បច្ចុប្បន្នលោកបានក្លាយ ទៅជាអនុប្រធានទី១រដ្ឋសភាសម តាមបំណងយ៉ាងណាក៏ដោយ គឺបញ្ហានេះហើយដែលធ្វើឲ្យ លោក កឹម សុខា ត្រូវបាត់បង់ប្រជាប្រិយភាពនៅក្នុងគណបក្ស ។ ដូច្នេះចាប់ពីពេលនេះតទៅលោក កឹម សុខា ត្រូវធ្វើ អ្វីៗដោយចេះវាស់ស្ទង់ទឹកចិត្តមន្រ្តីជាន់ខ្ពស់គណបក្សខ្លះផង កុំធ្វើអ្វីៗតាមមហិច្ឆតារបស់ខ្លួនតទៅទៀត ៕