Thursday, October 9, 2014

អ្នកភូមិ​បឹងកក់ ២គ្រួសារ ត្រូវបាន​អាជ្ញាធរ​ចុះ​វាស់វែង ប្រគល់​ដី​ឱ្យវិញ​ហើយ



ភ្នំពេញ៖ អ្នកភូមិបឹងកក់ចំនួន ២គ្រួសារ ក្នុងចំណោមពលរដ្ឋជាង ២០គ្រួសារ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃកន្លងមក ត្រូវបានអាជ្ញាធររួមទាំងមន្រ្តីពាក់ព័ន្ធ ចុះវាស់វែងដីធ្លី ប្រគល់ជូនពួកគេវិញហើយ នៅក្នុងតំបន់បឹងកក់នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤នេះ ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ថា ការផ្តល់ដីឱ្យគ្រួសារទាំង២នេះ បានធ្វើឡើងបន្ទាប់ពីពួកគេ បានយល់ព្រមសម្របសម្រួលជាមួយអាជ្ញាធរ ។ លោកបានមានប្រសាសន៍ថា “យើងបានចុះវាស់វែងឱ្យពួកគេ (អ្នកភូមិបឹងកក់) ២គ្រួសារ ក្រោយពេលដែលយើងបានពិភាក្សា យើងសម្របសម្រួលគ្នាបានប៉ុណ្ណា យើងដោះស្រាយប៉ុណ្នឹង ។ នេះជាការងាររបស់យើងហើយ យើងអត់រង់ចាំទាល់តែគ្រប់(គ្នា) នោះទេ បានមួយធ្វើមួយ បានពីរ ធ្វើពីរ” ។
បើតាមសេចក្តីរាយការណ៍ ពីសមាគមអាដហុក នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ បានឱ្យដឹងថា អ្នកភូមិបឹងកក់ ដែលទទួលបានដី ពីអាជ្ញាធរនេះរួមមានគ្រួសារ របស់លោកយាយង៉ែត ខុន ហៅ ម៉ា ម៉ី និង គ្រួសាររបស់លោកស្រី គឹម វ៉ាន់នី។ គ្រួសារលោកយាយង៉ែត ខុន ហៅ ម៉ា ម៉ី ដែលសកម្មក្នុងការតវ៉ា កន្លងមកទទួលបានដីទំហំ ៨ម៉ែត្រ គុណ ១៨ម៉ែត្រ។ ចំណែកគ្រួសារឈ្មោះ គឹម វ៉ាន់នី ទទួលបានដី៥,៦ម៉ែត្រ៦០ គុណ ២៦,៥ម៉ែត្រ ។
ប្រភពដដែលនេះ បានរាយការណ៍ទៀតថា ខណៈចុះវាស់វែងដីធ្លីជូនពួកគេទាំង ២គ្រួសារនេះ ក៏មានអ្នកភូមិបឹងកក់ មួយចំនួនទៀត ដែលមានបញ្ហាដីធ្លីដូចគ្នា មកតវ៉ាផងដែរ ។
ទោះជាយ៉ាងណា ពលរដ្ឋបឹងកក់ ជាង២០គ្រួសារទៀត មិនទាន់ទទួលបានដីធ្លីនៅឡើយ ខណៈអាជ្ញាធរនឹងបន្តព្យាយាមដោះស្រាយ។ នេះបើតាមការបញ្ជាក់ របស់លោក ឡុង ឌីម៉ង់ ។
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ របស់អ្នកភូមិបឹងកក់ បានកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនស៊ូកាកូអ៊ីន ធ្វើការអភិវឌ្ឍន៍តំបន់បឹងកក់ ចាប់តាំងពីឆ្នាំ២០០៨មក ក្នុងនោះ បណ្តាលឱ្យមានការតវ៉ា ជាបន្តបន្ទាប់រហូតមក ៕