អូតតាវ៉ា៖ លោកនាយករដ្ឋមន្ត្រីកាណាដា ស្ទេហ្វិន ហានភើ បានធ្វើការពិភាក្សាដោយផ្ទាល់ ជាមួយលោក ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា តាមប្រព័ន្ធទូរស័ព្ទ ស្តីអំពីការរីករាលដាល នៃជំងឺ Ebola ក៏កាចសាហាវ ជាពិសេសនោះគឺកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសសម្ព័ន្ធ មិត្តនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ឧទ្ទាម រដ្ឋឥស្លាមនៃអ៊ីរ៉ាក់ និង ក្រុមលីវ៉ាន់ (ISIL)។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែតុលា នេះទៀតថា កិច្ច ពិភាក្សារបស់ មេដឹកនាំ ប្រទេសជិតខាងទាំងពីរ គឺស្ថិតនៅក្នុងគោលដៅស្វែងរកដំណោះ ស្រាយទប់ទល់បន្ថែមទៀតនឹងជំងឺ Ebola ស្របពេលដែលសហរដ្ឋអាម៉េរិក កំពុងជ្រួលច្របល់ យ៉ាងខ្លាំងដោយសារតែការកើតមានជំងឺ Ebola ពីរករណីកន្លងមកហើយ។
នៅក្នុងឱកាសនោះដែរលោក ហាភើ បានសម្តែងការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក អូបាម៉ា ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានានៅលើសកលលោក ហើយលោក ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសកាណាដា ជានិច្ចកាលតែងតែធ្វើការបរិច្ចាគយ៉ាងធំធេង សម្រាប់ប្រតិបត្តិការអន្តរជាតិនានា ហើយសម្រាប់ ជំនួយបន្ថែមទៀត នឹងត្រូវប្រកាសនៅ ពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
ឆ្លើយតបចំពោះការលើកឡើងនេះ លោក អូបាម៉ា បានសម្តែងកោតសរសើរ និង ថ្លែងអំណរ គុណចំពោះកាយវិការ របស់ប្រទេសកាណាដា ដែលជាប្រទេសជិតខាងល្អ និង ជាសម្ព័ន្ធដ៏ ប្រសើរមួយសម្រាប់អាម៉េរិក ហើយក្នុងនាម ជាមេដឹកនាំពិភពលោក លោក អូបាម៉ា បានថ្លែង អំណរគុណថែមទៀត ចំពោះការផ្តល់ជំនួយគាំទ្ររបស់លោក លោកនាយករដ្ឋមន្ត្រីកាណាដា ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ISIL ដែលកំពុងបង្កភាពវឹកវរយ៉ាងខ្លាំង នៅអ៊ីរ៉ាក់៕
