Sunday, October 5, 2014

ក្រុមយុវជន គួរនាំគ្នាទៅ ទទួលវីរៈកីឡាការិនី ស៊ន សៀវម៉ី នៅព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញយប់នេះ

ភ្នំពេញ ៖ ដើម្បីចូលរួម អបអរសាទរ កញ្ញា ស៊ន សៀវម៉ី ដែលបានប្រឡងជាប់លេខ១ ផ្នែកតៃក្វាន់ដូ នៅក្នុងការ ប្រឡងស៊ីហ្គេម នៅទីអ៊ីនឈន ប្រទេសកូរ៉េខាងត្បូង ដែលមានបណ្តា ប្រទេសលើពិភពលោកចូលរួមជាច្រើននោះ ហើយ ដែលនឹងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ នៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤នេះ ក្រុមយុវជនគួរនាំគ្នាទៅទទួល ស្វាគមន៍ ដើម្បីលើកទឹកចិត្ត ក្នុងគ្រាដែលនាងបានរកកិត្តិយស ជូនជាតិមាតុភូមិកម្ពុជា ឲ្យល្បីនៅលើឆាកអន្តរជាតិ។
កញ្ញា ស៊ន សៀវម៉ី នឹងធ្វើដំណើរមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង១០ យប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤នេះ ក្នុងនោះក៏មានការចាំទទួលស្វាគមន៍ ពីសំណាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន និង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រ យុវជន និងកីឡា ផងដែរ បន្ទាប់មកនៅម៉ោង ១១និង៣០ នាទីយប់ នាង និងក្រុម កីឡាផ្សេងទៀត នឹងទៅជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នៅវិមាន រាជរដ្ឋាភិបាល ដើម្បីពិភាក្សាក្នុងការ ទទួលបានជោគជ័យជូន ជាតិមាតុភូមិ ជាពិសេសលើក ទឹកចិត្តដល់នាង ។
ដើម្បីឲ្យស័ក្តិសម ជាវីរនារីរបស់កម្ពុជាដ៏ខ្លាំង យុវជនគួរនាំគ្នាទៅទទួលស្វាគមន៍រាក់ទាក់នាង ព្រោះក្នុងឱកាស ដែលនាងទទួលបាន មេដាយមាស ផ្នែកកីឡាតៃក្វាន់ដូ មិនមែននាងធ្វើឡើងដើម្បីខ្លួនឯងប៉ុណ្ណោះទេ គឺធ្វើឡើង ដើម្បីប្រជាជននៅទូទាំងប្រទេសកម្ពុជាជាង ១៤លាននាក់ ៕