ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ទីក្រុងមីឡង់ ប្រទេស អ៊ីតាលី ប្រកប ដោយសុវត្ថិភាព កាលពីវេលាម៉ោង៨ និង ៣០នាទីថ្ងៃទី១៦ តុលា ម៉ោងនៅទីក្រុងមីឡង់ ត្រូវនឹង ម៉ោង១៣ និង ៣០នាទីម៉ោង នៅព្រះរាជា ណាចក្រកម្ពុជា ។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន AKP ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែកតាមបេសកជន ពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា ។
ទស្សនកិច្ច របស់សម្តេចតេជោគឺ ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១០ ដែលនឹងប្រព្រឹត្ត ទៅនៅរសៀលថ្ងៃទី១៦ និង ថ្ងៃទី១៧តុលាឆ្នាំ ២០១៤ ។ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈប្រតិភូ ជាន់ខ្ពស់ត្រូវបានគារវកិច្ច ស្វាគមន៍ ពីថ្នាក់ដឹកនាំសហគមន៍អឺរ៉ុប លោក នុត ណារ៉ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង និង ជាឯក អគ្គរាជទូតតែងតាំង ប្រចាំប្រទេសក្រិក អេស្ប៉ាញ អ៊ីតាលី ព័រទុយហ្គាល់។
តាមកម្មវិធី ដែលបានគ្រោងទុកដូចគ្នា នឹងបណ្តាមេដឹកនាំអាស៊ី-អឺរ៉ុបដទៃ ទៀតដែរនោះ សម្តេច តេជោ នាយករដ្ឋមន្រ្តី និង ធ្វើបទអន្តរាគមន៍ចំនួនពីរនៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១០នេះ ក្នុងនោះ ទី១ធ្វើបទអន្តរាគមន៍នៅ ក្នុងកិច្ចប្រជុំ ពេញអង្គលើកទី២ ស្តីពីបញ្ហាសកល និង ការតភ្ជាប់អាស៊ី និង អឺរ៉ុប និង បទអន្តរាគមន៍ទី២ នៅក្នុងកិច្ចប្រជុំកំពូលចង្អៀត ស្តីពីទិសដៅអនា គតអាស៊ី-អឺរ៉ុប ។
ដោយឡែក នៅក្រៅពីចូលរួម កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១០នេះ ដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និង ជួបពិភាក្សា ការងារទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan O Cha) នាយករដ្ឋមន្រ្តី ថៃ និង ជួបពិភាក្សា ការងារជាមួយលោកស្រី ជូលី ប៊ីស្សប (Julie Bishop) រដ្ឋមន្រ្តីការ បរទេសអូស្រ្តាលី ក្នុងខណៈដែលលោក ឧត្តមសេនីយ៍ នាយករដ្ឋមន្រ្តីថៃ និង លោកស្រីរដ្ឋមន្រ្តីការ បរទេសអូស្រ្តាលី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១០ នៅទីក្រុង មីឡង់ប្រទេស អ៊ីតាលី នេះដែរ៕


